សម្តេចហ៊ុន សែនបញ្ជាបន្ទាន់ឲ្យជួយ​នាវា​ទេសចរណ៍​ខ្មែរ​៤​គ្រឿង ​ក្រោយ​​វៀតណាម​មិនឱ្យចូល​ប្រទេសខ្លួន - Khmerload

សម្តេចហ៊ុន សែនបញ្ជាបន្ទាន់ឲ្យជួយ​នាវា​ទេសចរណ៍​ខ្មែរ​៤​គ្រឿង ​ក្រោយ​​វៀតណាម​មិនឱ្យចូល​ប្រទេសខ្លួន

https://s5.kh1.co/09/09feeaaa75a62acb4096bb65757c027a4044a193.jpg
សង្គម
 16-Mar-2020 10am · 2 years ago

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាបន្ទាន់មួយទៅកាន់ លោកស៊ុន ចាន់ថុល

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាបន្ទាន់មួយទៅកាន់ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលកំពុង​ជាប់នៅដែន​ទឹកក្នុងប្រទេសវៀតណាម បន្ទាប់ពីវៀតណាម មិនឱ្យចូលព្រោះបារម្ភមានជំងឺកូវីត១៩ (COVID-19)។​ នេះជាព័ត៌មានដែលទើបតែត្រូវបានបង្ហោះភ្លាមៗ នៅលើទំព័រផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) នាព្រឹកថ្ងៃ១៦ មីនានេះ។

ការដាក់បញ្ជាឱ្យចេញអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅលើនាវាទាំង៤គ្រឿង បានកើតឡើង​បន្ទាប់​ពីម្ចាស់នាវានេះ បានស្នើដោយផ្ទាល់ទៅកាន់សម្តេចនាយករដ្ឋមន្ត្រី តាមរយៈទំព័រ Facebook របស់សម្តេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ បានសរសេររៀបរាបលើទំព័រ Facebook កាលពីថ្ងៃទី១៥ ខែមីនា ម្សិលមិញថា នាវារបស់លោកចំនួន៤គ្រឿង ដែលជានាវាចុះបញ្ជីនៅប្រទេសកម្ពុជា ដឹកភ្ញៀវពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម ត្រូវបានជាប់គាំងនៅកណ្តាលទន្លេក្នុងប្រទេសវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យនាវាដាក់ភ្ញៀវនោះឡើយ។

លោក សុបិន្ត បន្តថា លើនាវានោះមាននាវិកសរុប ៩០នាក់ និងភ្ញៀវចម្រុះជាតិសាសន៍ជាង ៦០នាក់។ ការដែលវៀតណាម មិនអនុញ្ញាតឱ្យចូលចតនេះ ធ្វើឱ្យនាវាជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ ប្រេង និងអាហារហូបចុកលើនាវាផងដែរ។

លោក ផាន សុបិន្ត បានសុំសម្តេចជួយអន្តរាគមន៍ ដើម្បីបើកផ្លូវនៅក្អមសំណរឱ្យនាវាទាំង៤នេះ បានត្រឡប់​ចូលមកប្រទេសកម្ពុជាវិញ។

លោកស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងចំណោមនាវាទាំង៤គ្រឿង នាវា៣គ្រឿង មានផ្ទុកអ្នកទេសចរដែលភាគច្រើន​មកពីប្រទេសនៅតំបន់អឺរ៉ុប ហើយនាវាមួយគ្រឿងទៀត មិនមានអ្នកទេសចរទេ មានតែអ្នកបម្រើលើនាវាប៉ុណ្ណោះ។

រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា មកដល់ពេលនេះខាងនាវា ក៏ដូចជាក្រសួងកំពុងសម្របសម្រួលសុំចូលចត​នៅក្នុង​ប្រទេស​វៀតណាម។ តែបើវៀតណាម នៅតែមិនអនុញ្ញាតទៀត គឺរាជរដ្ឋាភិបាលនឹងអនុញ្ញាតឱ្យនាវា​ទាំង៤គ្រឿង​ត្រឡប់មកវិញ ដោយត្រូវសំចតនៅច្រកក្អមសំណរ ដើម្បីត្រួតពិនិត្យសុខភាពជាមុនសិន។

ក្នុងករណីពិនិត្យឃើញថា អ្នកទេសចរលើនាវាមិនមានបញ្ហាសុខភាពទេ នឹងត្រូវដឹកជញ្ជូនពួកគាត់ចូលមក​រាជធានីភ្នំពេញ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង