ថៃ៖ តារាចម្រៀងថៃវ័យក្មេង Chisanucha Tantimedh ឬហៅក្រៅថា Meyou កាលពីពេលថ្មីៗនេះបានរងនូវការវាយប្រហារយ៉ាងចាស់ដៃពីសំណាក់អ្នកលេងអ៊ិនធឺណែតមួយចំនួន ក្នុងករណីដែលតារាប្រុសវ័យក្មេងរូបនេះបានបដិសេធការថតរូបជាមួយអ្នកគាំទ្រ។ ដូចយើងបានដឹងរួចមកហើយថា ស្ថានភាពវីរុស COVID-19 នៅប្រទេសថៃ បានធ្វើឲ្យប្រជាជនភាគច្រើន ជាពិសេសតារាល្បីៗមានភាពខ្លាចរអាក្នុងការប្រាស្រ័យទាក់ទងគ្នា រួមទាំងជាមួយអ្នកគាំទ្រផង រហូតដល់ថ្នាក់តារាខ្លះសម្រេច លុបចោលការណាត់ជួបជុំនានាជាមួយអ្នកគាំទ្រផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រឡេកមកមើលរឿងរ៉ាវរបស់ Meyou វិញ ក្នុងនោះមានអ្នកលេងអ៊ិនធឺណែតម្នាក់បានបង្ហោះសារថា នៅពេលដែលតារាចម្រៀងរូបនេះបានចូលរួមក្នុងការសម្ភោធហាងបើកថ្មីមួយ មានអ្នកគាំទ្រជាច្រើនបានសូមថតរូបជាមួយលោក ហើយពេលដែលអ្នករៀបចំកម្មវិធីបានសាកសួរខាងអ្នកគ្រប់គ្រងរបស់លោក លោកបានអនុញ្ញាតឲ្យមានការថតរូប ប៉ុន្តែត្រូវកំណត់ទីតាំង និងរយៈពេលថតឲ្យបានច្បាស់លាស់ ត្រឹម ១០ទៅ ១៥នាទីតែប៉ុណ្ណោះ។
លុះដល់ពេលដែលត្រូវថត ស្រាប់តែអ្នកគ្រប់គ្រងរបស់ Meyou និយាយថា លោកសុំមិនថតវិញ ដោយបារម្ភខ្លាចវីរុស COVID-19។ ភាគីខាងម្ចាស់កម្មវិធីបានសម្ដែងការមិនពេញចិត្ត និងបានលើកឡើងថា តារាប្រុសរូបនេះមុខមាត់ស្អាតបាត តែចរិតមិនល្អ ចំណែកឯតម្លៃថ្លៃខ្លួនសម្រាប់ការចូលរួមកម្មវិធីនេះក៏ថ្លៃ។ លើសពីនេះ គេក៏បានសម្តែងការមិនពេញចិត្តចំពោះរឿងដែលតារាចម្រៀងរូបនេះចាកចេញពីកម្មវិធីមុនកំណត់ទៀតផង។
បន្ទាប់ពីរងការវាយប្រហារបែបនេះ តារាចម្រៀងប្រុស Meyou ក៏បានចេញមុខបកស្រាយផងដែរថា ខ្លួននឹកស្មានមិនដល់ថាមានរឿងនេះកើតឡើង ព្រោះនៅពេលដែលខ្លួនសុំបដិសេធការថតជាមួយអ្នកគាំទ្រ ម្ចាស់កម្មវិធីមើលទៅទទួលយកបាន តែជាមកបង្ហោះការមិនពេញចិត្តពេលក្រោយបែបនេះទៅវិញ។ លោកបញ្ជាក់ថា គោលបំណងនៃការបដិសេធនេះ គឺដើម្បីការពារដល់សុវត្ថិភាពអ្នកគាំទ្រ និងខ្លួនលោកផ្ទាល់ស្របពេលដែលវីរុស COVID-19 កំពុងវាយលុកខ្លាំងនៅក្នុងប្រទេស និងជុំវិញពិភពលោកតែប៉ុណ្ណោះ៕