អាមេរិក៖ Google កំពុងលុបចោលព្រឹត្ដិការណ៍ធំបំផុត ប្រចាំឆ្នាំរបស់ខ្លួន ដោយសារមានការព្រួយបារម្ភ អំពីមេរោគឆ្លង។ ក្រុមហ៊ុនបានបញ្ជាក់កាលពីថ្ងៃអង្គារថា សន្និសីទ Google I/O គឺជាព្រឹត្ដិការណ៍ប្រចាំឆ្នាំ សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី ដែលគ្រោងធ្វើនៅថ្ងៃទី១២-១៤ ខែឧសភា នៅទីស្នាក់ការកណ្ដាល Mountainview របស់ក្រុមហ៊ុន Google ហើយព្រឹត្ដិការណ៍នេះត្រូវបានលុបចោលវិញ ដោយសារជំងឺកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានប្រាប់សារព័ត៌មាន CNN ថា «ដោយសារតែការភ័យខ្លាច ជុំវិញវីរុសកូរ៉ូណាប្រភេទថ្មី និងអនុលោមតាមការណែនាំសុខភាព ពីនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC អង្គការសុខភាពពិភពលោក និងអជ្ញាធរសុខាភិបាលផ្សេងទៀត យើងបានសម្រេចចិត្ត លុបចោលព្រឹត្ដិការណ៍ Google I/O»។
បច្ចុប្បន្ន Google កំពុងថ្លឹងថ្លែងជម្រើសផ្សេងទៀត ដើម្បីចូលរួមជាមួយទស្សនិកជន និងអ្នកអភិវឌ្ឍរបស់ខ្លួន។ ក្រុមហ៊ុន Google បាននិយាយលើគេហទំព័ររបស់សន្និសីទថា អ្នកដែលបានទិញសំបុត្ររួចហើយ សម្រាប់សន្និសីទនេះ នឹងទទួលបានការសងប្រាក់វិញ នៅត្រឹមថ្ងៃទី១៣ ខែមីនា ហើយនឹងមិនចាំបាច់ចុះឈ្មោះ ដើម្បីទិញសំបុត្រសម្រាប់ I/O 2021 នោះទេ។
ព្រឹត្ដិការណ៍សម្រាប់ក្រុមអ្នកអភិវឌ្ឍប្រចាំឆ្នាំ គឺជាព្រឹត្ដិការណ៍ចុងក្រោយបំផុត នៅក្នុងបញ្ជីនៃព្រឹត្ដិការណ៍បច្ចេកវិទ្យា ដែលទទួលបានការគាំទ្រ ហើយវាត្រូវបានគេលុបចោល ដោយសារតែវីរុសឆ្លងថ្មី ដែលបានសម្លាប់មនុស្សជាង ៣,១០០នាក់ នៅជុំវិញពិភពលោក៕