ចិន៖ កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ គូស្នេហ៍ថ្មីថ្មោងមួយគូនៅខេត្ត Shandong បានសម្រេចចិត្តរៀបចំពិធីមង្គលការ ដោយមិនមានភ្ញៀវចូលរួម ដើម្បីបង្ការការឆ្លងវីរុសកូរ៉ូណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Zhang Long ជាកូនកំលោះបានឲ្យដឹងថា ការពិតទៅគាត់គ្រោងនឹងអញ្ជើញភ្ញៀវឲ្យគ្រប់៥០តុ និងប្រើប្រាស់រថយន្ដចំនួន២០គ្រឿងហែលទៅទទួលកូនក្រមុំនៅផ្ទះ អមដោយអ្នកកំដរចំនួន៤គូ។ តែយ៉ាងណាមិញ គម្រោងទាំងអស់ត្រូវបានលុបចោលវិញ ដោយសារវីរុសកូរ៉ូណារាតត្បាតខ្លាំងពេក។
ទោះជាយ៉ាងណាក្ដី គូស្នេហ៍មួយគូនេះ នៅតែបន្ដរៀបចំពិធីមង្គលការ ដោយមានការចូលរួមពីសំណាក់ឪពុកម្ដាយទាំងសងខាង និងចំណាយអស់ទឹកប្រាក់បន្ដិចបន្ដួចប៉ុណ្ណោះ។ ឪពុកកូនក្រមុំមានតួនាទីជាចៅមហាក្នុងពិធី ចំណែកឯម្ដាយកូនក្រមុំវិញជាជាងថតរូប។ ពិធីត្រូវបានបញ្ចប់ជាស្ថាពរ បន្ទាប់ពីឱនក្បាលគោរពឪពុកម្ដាយទាំងសងខាង និងគោរពគ្នាទៅវិញទៅមក។
គួរឲ្យដឹងដែរថា គូស្នេហ៍ជាច្រើនគូនៅប្រទេសចិន ត្រូវបានពន្យាពេល និងលុបចោលពិធីមង្គលការ ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះ៕
សូមទស្សនារូបភាពខាងក្រោម៖