អាមេរិក៖ សត្វឆ្កែគួរឲ្យស្រលាញ់មួយក្បាល បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ក្រោយវាបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ អាចរក្សាកូនបាល់តេនីសជាច្រើនគ្រាប់ក្នុងមាត់ដ៏ធំរបស់វា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សFinley មានអាយុ ៦ ឆ្នាំ រស់នៅទីក្រុងញូវយ៉ក ជាសត្វឆ្កែដែលចូលចិត្តកូនបាល់តេនីស ដែលកាលពីថ្មីៗនេះ វាទើបបំបែកឯតទគ្គកម្មពិភពលោកថ្មីមួយ តាមរយៈទេព្យកោសល្យដ៏អស្ចារ្យ គឺការរក្សាគ្រាប់បាល់តេនីសនៅក្នុងមាត់បានរហូតទៅដល់ ៦ គ្រាប់ដោយមិនមានជំនួយពីមនុស្សឡើយ។
Erin Molloy ដែលត្រូវជាម្ចាស់បានគត់ពីទេព្យកោសល្យរបស់ Finley តាំងតែពីវាមានអាយុទើបតែ ២ មកម៉្លេះ ដែលកាលនោះ មាត់របស់វាអាចផ្ទុកគ្រាប់បាល់តេនីសបានចំនួន ៤ គ្រាប់ក្នុងពេលតែមួយ។ តែក្រោយមក Finley អាចផ្ទុកកូនបាល់តេនីសនៅក្នុងមាត់បាន ៥ គ្រាប់នៅចន្លោះធ្មេញ។ ហើយទីបំផុត វាអាចផ្ទុកបានរហូតទៅដល់ ៦ គ្រាប់ តែថ្ពាល់របស់វាត្រូវទល់ឡើងយ៉ាងខ្លាំង។ Finley តែងតែគ្រវីន្ទុយរាល់ពេលដែលវាមានគ្រាប់បាល់តេនីសនៅក្នុងមាត់ ហាក់ដូចកំពុងមានមោទកភាពចំពោះខ្លួនវាអីចឹង។
ក្រោយមកម្ចាស់របស់ Finley បានធ្វើការស្រាវជ្រាវលើអុីនធឺណិត នឹងរកឃើញថាវាអាចនឹងជាប់កំណត់ត្រាពិភពលោកថ្មី ក្រោយអ្នកកាន់កំណត់ត្រាចាស់នៅ តិចសាស់ អាចផ្ទុកគ្រាប់បាល់ក្នុងមាត់បានត្រឹមតែ ៥ បាល់ប៉ុណ្ណោះ។ ប៉ុន្ដែដើម្បីអាចជាប់កំណត់ត្រាជាផ្លូវការណ៍ ខាងសមាគមន៍ពិភពលោកហ្គីតណេស ក៏តម្រូវឲ្យថតវីដេអូជាភស្តុតាង បញ្ជាក់ពីការដាក់គ្រាប់បាល់ចូលទៅក្នុងមាត់។
គួរឲ្យដឹងដែរថា ឆ្កែមួយក្បាលនេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនកោតសរសើរពីសមត្ថភាពរបស់វា ប៉ុន្តែក៏មានអ្នកមួយចំនួន បានបញ្ចេញមតិបែបអវិជ្ជមានថា ម្ចាស់របស់ Finley បានបង្ខំឲ្យវាញាត់កូនបាល់ក្នុងមាត់ ដើម្បីទទួលបានចំណាប់អារម្មណ៍ ប៉ុន្ដែពួកគេតែងតែឆ្លើយតបវិញថា វាគ្រាន់តែជាអ្វីដែលឆ្កែចូលចិត្តប៉ុណ្ណោះ៕
មានវីដេអូខាងក្រោម៖