ចិន៖ យោងតាមសារព័ត៌មានរបស់ចក្រភពអង់គ្លេស Dailystar.co.uk លោក Qiu Jun ជាកីឡាករផ្នែកកាយវប្បកម្មវ័យ ៧២ ឆ្នាំ បានទទួលមរណភាពដោយសារជំងឺរលាកសួតប្រភេទថ្មី ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង វូហាន ខេត្តហ៊ូបុី បានត្រឹម ៤ ថ្ងៃប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនិវត្តជនរូបនេះ ជាអតីតកីឡាករដែលគេស្គាល់ថា ជាជើងខ្លាំងផ្នែកកាយវប្បកម្ម ដែលធ្លាប់ដណ្ដើមបានពានរង្វាន់ជាច្រើន ក្នុងប្រភេទកីឡាធំៗ ហើយលោកបានចូលនិរត្តន៍នៅអាយុ ៥៦ ឆ្នាំ ក្នុងឆ្នាំ ២០០៣។ ជាញឹកញាប់ លោកតែងចំណាយពេល ៣ម៉ោង ដើម្បីធ្វើលំហាត់ប្រាណនៅសួន Zhongshan នៅពេលថ្ងៃត្រង់ និងបន្តនៅពេលរសៀល។
លោក Hai ដែលត្រូវជាកូនប្រសារបាននិយាយថា រូបគេ និងភរិយាបានជួបលោក Qiu មុនចូលឆ្នាំចិន នៅមុនពេលវីរុសកូរ៉ូណាផ្ទុះខ្លាំង។ ហើយជារឿយៗលោកតែងតែសំណូមពរឲ្យប៉ាក្មេកលោក ផ្អាកការហាត់ជាបណ្ដោះអាសន្នសិន។ ប៉ុន្ដែលោក Qiu នៅតែបន្តទៅហាត់ប្រាណជាប្រចាំរហូតដល់ទីក្រុង វូហាន ទាំងមូលត្រូវបានបិទនៅថ្ងៃទី ២៣ ខែមករា។
មិនយូរប៉ុន្មានអ្នកលេងជើងចាស់រូបនេះ ចាប់ផ្ដើមមានអាការគ្រុនក្ដៅ ហើយលោកត្រូវបានកូនៗបញ្ជូនទៅមន្ទីរពេទ្យនៅ វូហាន ប៉ុន្ដែពួកគេមិនអាចនៅមើលថែលោក Qiu បានទេ ព្រោះកង្វះគ្រែសម្រាក។ នៅថ្ងៃទី ២៨ ខែមករា លោកបានធ្វើតេស្ដ ហើយរហូតដល់ថ្ងៃទី ២ ខែកុម្ភៈទើបរកឃើញថា លោកមានផ្ទុកវីរុសកូរ៉ូណា។
លោក Qiu ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាក្នុងមន្ទីពេទ្យ។ ទោះជាយ៉ាងនេះក្ដី រឿងអកុសលក៏បានមកដល់បន្ទាប់ពី ៤ ថ្ងៃនៃការតេស្តរកឃើញមេរោគ លោកក៏ត្រូវគេប្រកាសថាបានស្លាប់បាត់បង់ជីវិត។
បើតាមលោក Hai ដដែល បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ពីរបីថ្ងៃ បន្ទាប់ពីចូលឆ្នាំចិន ប៉ាក្មេករបស់លោកចាប់ផ្ដើមគ្រុនក្ដៅ និងលែងសូវបរិភោគអាហារ។ បន្ទាប់មកគាត់បានធ្វើតេស្តឈាម មុននឹងបញ្ជូនទៅមន្ទីពេទ្យនៅ វូហាន តែទៅដល់ទីនោះត្រូវតម្រង់ជួរយូរថែមទៀត ហើយក្រោយព្យាបាលបានពីរបីថ្ងៃគាត់ក៏ស្លាប់។ ក្នុងនោះដែរលោក Hai បានបង្ហើបថា «លោកធ្លាប់សុំឲ្យប៉ាក្មេករបស់លោក ចេញទៅក្រៅតិចជាងមុន និងត្រូវពាក់ម៉ាស ប៉ុន្ដែលោកហាក់ប្រកែក មិនធ្វើតាមឡើយ»។
យ៉ាងណាមិញក្រោយការស្លាប់របស់កីឡាកររូបនេះ គេពុំឃើញមានប្រារព្ធពិធីបុណ្យសពនោះទេ ហើយគេរំពឹងថាសពនឹងត្រូវបូជា។
តាមរបាយការណ៍មួយទៀតបានឲ្យដឹងថា កាលលោក Qiu នៅមានជីវិត លោកចង់បន្តការហាត់ប្រាណរហូតដល់គាត់មានអាយុ ៨០ ឆ្នាំ ហើយក៏គ្រោងនឹងចូលរួមប្រកួតនៅណានជីង និងទីក្រុងប៉េកាំងនៅរដូវក្តៅនេះទៀតផង៕