អង់គ្លេស៖ មហាសេដ្ឋីប្រាក់លានជនជាតិអង់គ្លេសម្នាក់ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលដោយសារតែគំនិតច្នៃប្រឌិតរបស់លោក ក្នុងការផ្គុំធុងសំរាមចំនួនពីរបញ្ជូលគ្នា ដើម្បីបង្កើតជាកន្លែងដេកសម្រាប់ជនអនាថាដែលគ្មានជម្រក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Peter Dawe គឺជាបេក្ខភាពនយោបាយម្នាក់របស់គណបក្ស Brexit Party បានបង្ហាញការច្នៃប្រឌិតថ្មីនេះ តាមរយៈឃ្លីបវីដេអូមួយ ដោយបង្ហាញពីការសាកល្បងរបស់លោក។ មហាសេដ្ឋីរូបនេះ បានចូលទៅក្នុងធុងសំរាម ហើយលាន់មាត់ថា «ពិតជាស្រួល និងមានអារម្មណ៍ល្អ» ។ ទោះបីវាមិនមែនជាគ្រែដេកពិត ក៏ពិតមែនតែវាអាចជួយឲ្យអ្នកគ្មានផ្ទះសម្បែងមួយចំនួនអាចប្រើវាដើម្បីសម្រាកបាន។
ទន្ទឹមនឹងនេះដែរ មហាសេដ្ឋីខាងលើ ក៏បានបង្ហើបពីមូលហេតុដែលធ្វើឲ្យលោកបង្កើតវាឡើងគឺដោយសារ លោកតែងឃើញជនអនាថាតាមរយៈកញ្ជក់ទូរទស្សន៍ជាច្រើន បានត្អូញត្អែរពីទុក្ខលំបាកសម្រាប់កន្លែងដេក។ មួយវិញទៀតលោកយល់ថា ទម្លាប់នៃការដេកដែលពួកគេតែងធ្វើជាប្រចាំ ពិតជាមានគ្រោះថា្នក់ណាស់។ ហើយលោក គិតថាធុងសំរាមកែច្នៃរបស់លោក នឹងអាចផ្ដល់ផាសុកភាព និងសុវត្ថិភាពដល់ពួកគេជាងពេលមុនៗ។
យ៉ាងណាមិញ លោក Peter Dawe ក៏បានបញ្ជក់ដែរថា ធុងសំរាមកែច្នៃទាំងនេះមិនអាចដោះស្រាយភាពគ្មានផ្ទះសម្បែង ឬក៏កន្លែងសម្រាក សម្រាប់ជនអនាថាទាំងអស់នោះបានទេ គ្រាន់តែអាចបន្ធូរបន្ថយបានមួយចំនួនប៉ុណ្ណោះ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ?
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖