បរទេស៖ យោងតាមការវិភាគថ្មីមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា សាកសពរបស់ខ្មោចមាំមីស្ត្រីអេហ្ស៊ីបបុរាណដ៏ល្បីល្បាញដែលមានឈ្មោះថា តាកាប៊ូទី បានទទួលមរណភាពដោយសារការចាក់សម្លាប់ជាច្រើនកាំបិតពីខាងក្រោយខ្នង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាកសពខ្មោចមាំមីដែលមានអាយុកាលជាង ២៦០០ ឆ្នាំនេះ ត្រូវបានវិភាគដោយអ្នកជំនាញមកពីសារមន្ទីរជាតិ NI សាកលវិទ្យាល័យស្រាវជ្រាវ Manchester សាកលវិទ្យាល័យស្រាវជ្រាវ Belfast និងមន្ទីរពេទ្យឯកជន Kingsbridge ។

វេជ្ជបណ្ឌិត Robert Loynes ដែលបានធ្វើការស្កេនសាកសពរបស់ខ្មោចមាំមីបាននិយាយថា “ តាកាប៊ូទី បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅផ្នែកខាងក្រោយខ្នងក្រោមស្មាខាងឆ្មេងរបស់គាត់ ដែលបណ្តាលឱ្យគាត់ស្លាប់យ៉ាងឆាប់រហ័ស។ ការសិក្សាមុនៗបានបង្ហាញថា បេះដូងរបស់តាកាប៊ូទីត្រូវបានបាត់ ប៉ុន្តែបើយោងតាមការស្កេនបានបង្ហាញឱ្យឃើញថា សរីរាង្គនេះនៅដដែលនិងត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះ។

ទន្ទឹមនឹងនេះ ក្រុមអ្នកស្រាវជ្រាវក៏មានការភ្ញាក់ផ្អើលផងដែរ ដោយបានរកឃើញថា តាកាប៊ូទី មានធ្មេញច្រើនខុសពីមនុស្សធម្មតា ដែលវាជាលក្ខខណ្ឌកម្រ ហើយអាចកើតឡើងក្នុង ០.០២% នៃចំនួនសរុបប៉ុណ្ណោះ។ ក្រុមអ្នកស្រាវ
ជ្រាវក៏បានរកឃើញទៀតថា តាកាប៊ូទី បានរស់នៅក្នុងទីក្រុង Thebes
កាលពីជាង ២៦០០ ឆ្នាំមុន
ហើយត្រូវបានគេសម្លាប់នៅអាយុ ២០ ឆ្នាំ។
សូមបញ្ជាក់ផងដែរថា សាកសពរបស់ តាកាប៊ូទី ត្រូវបានដាក់នៅក្នុងសារមន្ទីរជាតិតាំងពីឆ្នាំ ១៨៣៤ ហើយមួយឆ្នាំក្រោយមកគឺនៅឆ្នាំ ១៨៣៥ គេបានធ្វើការបើកមឈូសដើម្បីសិក្សា និងវិភាគលើសាកសព៕
