ការផ្សាយថាខ្ទឹមសអាចសម្លាប់មេរោគតាមខ្យល់ដង្ហើម មិនមែនជាព័ត៌មានពិតទេ ពោលគឺគ្រាន់តែផ្សាយឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍។ នេះជាអ្វីដែលមន្ត្រីនាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាល លោកម៉ូវ ឆ័យុត្តិ បានប្រាប់សារព័ត៌មាន Khmerload។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបញ្ជាក់ច្បាស់ៗរបស់មន្ត្រីសុខាភិបាលបែបនេះ ក្រោយកន្លងទៅមានគេហទំព័រ និងហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយថា ខ្ទឹមសអាចសម្លាប់មេរោគឆ្លងតាមខ្យល់ដង្ហើមបាន។ ហើយការផ្សាយនៅលើបណ្តាញសង្គមក្នុងលក្ខខណ្ឌមួយចំនួនខាងលើ ធ្វើឡើងខណៈជំងឺកូរ៉ូណាវីរុសកំពុងផ្ទុះឡើងយ៉ាងក្តៅគគុកទាំងនៅប្រទេសចិន និងបណ្តាប្រទេសធំតូចជាច្រើនទៀតរួមទាំងប្រទេសថៃ និងវៀតណាមដែលមានព្រំដីជាប់របងនឹងកម្ពុជាផងដែរ។
លោកម៉ូវ ឆ័យុត្តិបានបន្ថែមថា៖«វាមិនមែនជាព័ត៌មានដែលមានប្រភពច្បាស់លាស់ឡើយទាក់ទិននឹងការផ្សាយពីខ្ទឹមស ថាអាចការពារមិនឲ្យមានវីរុសជាប់ខ្លួននោះទេ។ ហើយសព្វថ្ងៃអ្នកជំនាញនៅក្រៅប្រទេសកំពុងផលិតឱសថផ្លូវការដែលអាចព្យាបាល Coronavirus បាន។»
លោកថា ព័ត៌មានខ្លះធ្វើឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ឲ្យមានចំនួនអ្នកLike pageកើនឡើងប៉ុណ្ណោះ។ ហើយពួកគេគ្រាន់តែបង្កើតព័ត៌មានដោយគ្មានប្រភពសំអាងត្រឹមត្រូវឡើយ។
មន្ត្រីនាយកដ្ឋាននៃជំងឺឆ្លងរូបនេះ ហាក់មានសុទិដ្ឋិនិយមថា កម្ពុជាអាចទប់ស្កាត់នឹងបញ្ហានៃជំងឺកូរ៉ូណាវីរុសបានដោយជោគជ័យ។ អះអាងបែបនេះ ដោយលោកសង្កត់ធ្ងន់ថាមន្ត្រីពាក់ព័ន្ធបានត្រៀមលក្ខណៈជាស្រេចក្នុងការផ្សាយព័ត៌មានពិតដល់ពលរដ្ឋឲ្យឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។ ហើយលោកថា នៅទូទាំងប្រទេស មន្ត្រីសុខាភិបាលមានបណ្តាញតាមដានលើអ្នកទេសចរ២៤ម៉ោង ព្រមទាំងមានការពិនិត្យច្បាស់លាស់ និងសកម្មយ៉ាងខ្លាំង។ លើសពីនោះ លោកថានៅតាមច្រកព្រំដែន ស្ថាប័ន និងមន្ត្រីសុខាភិបាលបានដុតដៃ ដុតជើងផ្តល់ដំណឹងដល់អ្នកប្រើប្រាស់បណ្តាញសង្គមដោយមិនមានការលាក់បាំងឡើយ។
យ៉ាងណាលោកបានអំពាវនាវឱ្យពលរដ្ឋមានការពិចារណាខ្ពស់ ដោយមិនគួរជឿលើព័ត៌មានបំផ្លើសការពិតមួយចំនួនដែលឆ្លៀតឱកាសបំផុសរឿងក្លែងក្លាយដើម្បីផលប្រយោជន៍បុគ្គល ហើយធ្វើឱ្យមានចលាចលកើតឡើង។
គួរបញ្ជាក់ថា បញ្ហាជំងឺផ្លូវដង្ហើម Coronavirus ដ៏កាចសាហាវនេះ បានសម្លាប់ប្រជាជនចិនអស់៨០នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២០នេះ។ ខណៈប្រទេសថៃ ជាប្រទេសឈរនៅលេខ២ មានអ្នកផ្ទុកមេរោគនេះចំនួន៨ករណី។ ហេតុផលបែបនេះហើយដែលបណ្តាលឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាបានបង្ហាញនូវភាពជ្រួលច្របល់មិនតិចទេ ព្រោះបារម្ភថាជំងឺរាតត្បាតនេះអាចបង្ហាញមុខនៅក្នុងស្រុក។
តែយ៉ាងណា មន្ត្រីក្រសួងសុខាភិបាលបានចេញមុខបញ្ជាក់ដោយបើកចំហរថាមកទល់ថ្ងៃ ២៧មករានេះ ក្រសួងនៅមិនទាន់ទទួលសញ្ញាណាមួយពាក់ព័ន្ធនឹងជំងឺនេះថាមាននៅកម្ពុជានៅឡើយទេ៕

