ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសម៉ាឡេស៊ីបានប្រកាសថា ប្រទេសខ្លួនកំពុងប្រគល់សំរាមប្លាស្ទិកដែលនាំចូលខុសច្បាប់ចំនួន៤២កុងតឺណ័រទៅកាន់ចក្រភពអង់គ្លេសវិញ។ អ្នកស្រី Yeo Bee Yin បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងចាត់វិធានការ ដើម្បីធានាថាប្រទេសនេះនឹងមិនក្លាយជាកន្លែងចាក់សំរាមរបស់ពិភពលោកឡើយ។ អ្នកស្រីបានបន្ថែមទៀតថា ប្រទេសម៉ាឡេស៊ីធ្លាប់បានបញ្ជូនកុងតឺណ័រចំនួន១៥០ត្រឡប់ទៅកាន់ប្រទេសដើមវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបានទទួលសំណើពីអជ្ញាធរម៉ាឡេស៊ីកាលពីឆ្នាំមុន ដើម្បីទទួលយកសំរាមចូលមកប្រទេសអង់គ្លេសវិញ ហើយកុងតឺណ័រមួយចំនួនបានមកដល់ហើយ។ អ្នកនាំពាក្យទីភ្នាក់ងារបរិស្ថានបាននិយាយថា យើងបានបន្តធ្វើការជាមួយបណ្ដាញដឹកជញ្ជូននិងអជ្ញាធរម៉ាឡេស៊ី ដើម្បីធានាថារាល់កាកសំណល់ទាំងអស់ត្រូវបានបញ្ជូនត្រឡប់ទៅវិញឲ្យបានឆាប់បំផុត។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មានការកើនឡើងយ៉ាងខ្លាំងនូវកាកសំណល់ប្លាស្ទិកពីបរទេស ចាប់តាំងពីប្រទេសចិនដែលធ្លាប់ជាប្រទេសនាំចូលសំណល់ប្លាស្ទិកធំជាងគេលើពិភពលោក បានប្រកាសហាមឃាត់ក្នុងឆ្នាំ២០១៧។
ប្រទេសម៉ាឡេស៊ីបាននិយាយថាកាកសំណល់ដែលមិនត្រូវការសរុបចំនួន៣,៧៣៧តោន ត្រូវបានបញ្ជូនទៅប្រទេសចំនួន១៣ ក្នុងនោះរួមមានកុងតឺណ័រចំនួន៤៣បញ្ជូនទៅកាន់ប្រទេសបារាំង ចំនួន៤២ទៅកាន់ចក្រភពអង់គ្លេស ចំនួន១៧ទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកាណាដាចំនួន១១ទៀត។ អាជ្ញាធរសង្ឃឹមថា នឹងបញ្ជូនកុងតឺណ័រចំនួន១១០គ្រឿងទៀត នៅពាក់កណ្ដាលឆ្នាំ២០២០ ដោយ៦០គ្រឿងនឹងទៅអាមេរិក៕