ចិន៖ នៅពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ
២០២២ ជិតឈានចូលមកដល់ ប្រទេសចិនបានចាប់ផ្តើមដំណើរការផ្លូវរថភ្លើងគ្មានមនុស្សបើកល្បឿន ៣៥០
គីឡូម៉ែត្រក្នុងមួយម៉ោង តភ្ជាប់រវាងទីក្រុងប៉េកាំង-ចាងចៀគូ ដែលវាអាចកាត់បន្ថយពេលវេលាធ្វើដំណើរពី៣ម៉ោងមកនៅត្រឹម ៤៧ នាទីប៉ុណ្ណោះ។
ដើម្បីផលិតរថភ្លើងនិងផ្លូវធ្វើដំណើរល្បឿនលឿននេះបាន គេត្រូវចំណាយរយៈពេលអស់ជាង៤ ឆ្នាំ។ ផ្លូវធ្វើដំណើរនឹងឈប់នៅស្ថានីយ៍ចំនួន១០កន្លែង ក្នុងនោះរួមមានទាំង Badaling Chang Cheng ដែលជាតំបន់មួយដ៏មានប្រជាប្រិយបំផុតនៃមហាកំផែងចិនផងដែរ។ ខ្សែផ្លូវដែកថ្មីនេះបានចាប់ផ្តើមបើកដំណើរការចាប់តាំងពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ ជាមួយផ្លូវរត់ពីស្ថានីយ៍រថភ្លើងខាងជើងទីក្រុងប៉េកាំងទៅកាន់ស្ថានីយ៍រថភ្លើង Taizicheng ។
ការស្រាវជ្រាវថ្មីនៅលើគេហទំព័រ 12306 China Railway ប្រទេសចិនបានបង្ហាញថា បច្ចុប្បន្នមានរថភ្លើងប្រហែល ៣០ គ្រឿងកំពុងរត់រវាងទីក្រុងប៉េកាំងនិងចាងចៀគូជារៀងរាល់ថ្ងៃ ប៉ុន្តែនៅក្នុងចំណោមនោះមានតែ “រថភ្លើងវៃឆ្លាត” ៦គ្រឿងប៉ុណ្ណោះកំពុងដាក់ឲ្យដំណើរការ។
សំបុត្រមានតម្លៃចាប់ពី ១១ ដល់៣៣ដុល្លារសម្រាប់រថភ្លើងល្បឿនលឿនធម្មតា និង១២ ដល់៣៨ ដុល្លារសម្រាប់អ្នកធ្វើដំណើរតាមរថភ្លើងវៃឆ្លាត ហើយដើម្បីបានធ្វើដំណើរតាមរថភ្លើងឆ្លាតវៃនេះ យើងត្រូវកក់សំបុត្រទុកមុនឱ្យបាន២ថ្ងៃ។ រថភ្លើងត្រូវបានបំពាក់ដោយបណ្តាញ 5G ភ្លើងបំភ្លឺឆ្លាតវៃ និងឧបករណ៍ចាប់សញ្ញាចំនួន ២,៧១៨ ដើម្បីប្រមូលទិន្នន័យតាមពេលវេលាជាក់ស្តែងដើម្បីស្វែងរកភាពមិនប្រក្រតីនៃប្រព័ន្ធប្រតិបត្តិការ ហើយបន្ទាប់ពីការធ្វើដំណើរដល់គោលដៅ បច្ចេកវិទ្យារ៉ូបូតនិងបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ត្រូវបានគេដាក់ពង្រាយដើម្បីជួយអ្នកដំណើរនិងប្រាប់អ្នកដំណើរពីកន្លែងដាក់អីវ៉ាន់៕