អង់គ្លេស៖ ក្លិបស្ករគ្រាប់ Everton មានទំនុកចិត្តខ្ពស់ ក្នុងការចុះកុងត្រាយកខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ James Rodriguez ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល៦ខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកចាត់ការទូទៅថ្មីរបស់ក្រុម Everton លោក Carlo Ancelotti ធ្លាប់បានសន្យាថានឹងទទួលបានថវិការគ្រប់គ្រាន់ក្នុងការចាយវាយទិញកីឡាករ ទាំងក្នុងទីផ្សារដោះដូររដូវរងានិងរដូវក្ដៅ មុនពេលលោកចូលកាន់តំណែង ពីសំណាក់ម្ចាស់ភាគហ៊ុនធំលោក Farhad Moshiri ។
យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត Daily Mirror បានឲ្យដឹងថា លោក Ancelotti បានចាប់ចិត្តទៅលើអតីតកូនក្រុមរបស់លោកកីឡាករ James Rodriguez និងមានទំនុកចិត្តខ្ពស់ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ មកកាន់ទឹកដីប្រទេសអង់គ្លេស។
James ហាក់មិនស្ថិតក្នុងគម្រោងរបស់លោក Zidane នោះទេ។ ជាក់ស្ដែងក្នុងរដូវកាលនេះ គាត់មានឱកាសបង្ហាញខ្លួនបានតែ៩ប្រកួតប៉ុណ្ណោះ ខណៈរបាយការណ៍ពី Dailymail បានបញ្ជាក់ថា Real Madrid បានបើកទ្វារឲ្យគាត់ចាកចេញពីកីឡដ្ឋាន Bernabeu ក្នុងខែមករានេះផងដែរ។
ប្រភពដដែលបានបន្ថែមទៀតថា Everton គ្រោងដាក់សំណើខ្ចីជើងអតីតកូនក្រុមរបស់លោក Ancelotti កាលនៅ Real Madrid និង Bayern Munich រូបនេះ រយៈពេល៦ខែ ជាមួយនឹងជម្រើសទិញផ្ដាច់ក្នុងតម្លៃខ្ទង់ ២០លានអឺរ៉ូ។
គួររម្លឹកផងដែរថា ក្រៅពីក្លិប Everton នៅមានក្លិបធំៗជាច្រើនទៀតដែលចាប់អារម្មណ៍ទៅលើ James ក្នុងនោះមានដូចជាក្រុមតោខៀវ Chelsea, Arsenal និង Inter Milan៕
ប្រភព៖ football-espana