អាមេរិក៖ ថ្ងៃនេះក្រុមហ៊ុន Apple បានបើកជាផ្លូវការនូវកម្មវិធី Hack ដែលនឹងផ្តល់ប្រាក់ដល់អ្នកដែលមានសមត្ថភាពអាចរកបញ្ហាចន្លោះប្រហោងសុវត្ថិភាពនៅក្នុងឧបករណ៍របស់ក្រុមហ៊ុនទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះមានឈ្មោះថា Apple Security Bounty កម្មវិធីនេះគឺជាការពង្រីកគម្រោងរបស់ក្រុមហ៊ុន Apple ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៦ ដើម្បីព្យាយាមស្វែងរកគុណវិបត្តិនៃប្រព័ន្ធសុវត្ថិភាពលើទូរស័ព្ទដៃ iPhone របស់ក្រុមហ៊ុន Apple ។
កំណែថ្មីនៃកម្មវិធីនេះនឹងរួមបញ្ចូលជាលើកដំបូងដូចជា iPad, កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ, Apple TV និង Apple Watch ។
ក្រុមហ៊ុន Apple បានប្រកាសពីការពង្រីកនេះនៅខែសីហាក្នុងសន្និសីទសន្តិសុខ Black Hat នៅទីក្រុង Las Vegas ។
ក្រុមហ៊ុនកំពុងផ្តល់រង្វាន់ជាច្រើនដល់អ្នកដែលរកឃើញកំហុស ដែលវាជាការជះឥទ្ធិពលលើឧបករណ៍ជាច្រើន ហើយពួកគេនឹងចំណាយប្រាក់បន្ថែម ៥០ ភាគរយសម្រាប់កំហុសដែលរកឃើញនៅក្នុងកម្មវិធីណាមួយដែលស្ថិតក្នុងប្រភេទ Beta។
ដើម្បីជាលក្ខណៈគ្រប់គ្រាន់សម្រាប់រង្វាន់អ្នក Hacker ឬអ្នកស្រាវជ្រាវសុវត្ថិភាព ពួកគេនឹងត្រូវដាក់សេចក្តីពិពណ៌នាលំអិតនៃកំហុសឬចន្លោះប្រហោងទាំងនោះរួមជាមួយលក្ខខណ្ឌផ្សេងៗ ដែលជាមូលហេតុឱ្យឧបករណ៍នេះស្ថិតក្នុងស្ថានភាពដែលរងផលប៉ះពាល់។
រង្វាន់លេខ១គឺចំនួន ១ លានដុល្លារនឹងផ្តល់ជូនអ្នកដែលអាច Hack ចូលដោយមិនបាច់ចុចអ្វីទាំងអស់ គឺមានន័យថា វាអាចឱ្យនរណាម្នាក់គ្រប់គ្រងលើឧបករណ៍របស់មនុស្សម្នាក់ទៀតដោយមិនចាំបាច់ម្ចាស់ដើមចុចលើ Link ផ្ទុកមេរោគ ឬ បើកផ្ទាំង Window ។
ការលួចចូលប្រព័ន្ធសុវត្ថិភាពទាំងនេះអាចកើតឡើងរវាងឧបករណ៍ពីរ ដែលប្រើប្រាស់បណ្តាញអ៊ីនធឺណិតដូចគ្នាតែមួយ។
ពួកវាក៏អាចកើតមានផងដែរ តាមរយៈការប្រាស្រ័យទាក់ទងដោយការប្រើប្រាស់អ៊ីនធឺណិត (Wireless) រវាងឧបករណ៍ដែលនៅជិតគ្នា។
រង្វាន់ផ្សេងទៀតមានចាប់ពី ២៥,០០០ ទៅ ៥០០,០០០ ដុល្លារ ដែលរួមបញ្ចូលទាំងអ្នកដែលលួចចូលក្នុងប្រព័ន្ធសោរសុវត្ថិភាព គណនី iCloud ផងដែរ៕