ហ្វីលីពីន៖ ខ្យល់ព្យុះត្រូពិកមួយដែលមានឈ្មោះថា Ursula ត្រូវបានគេព្យាករណ៍ថានឹងមកដល់ប្រទេសហ្វីលីពីននៅរដូវបុណ្យណូអែលខាងមុខនេះ ហើយក្រសួងឧតុនិយមរបស់ជាតិបានចេញសេចក្ដីប្រកាសពីសញ្ញាគ្រោះថ្នាក់នៃខ្យល់ព្យុះមួយនេះនៅតំបន់ចំនួន១១។ ខ្យល់ព្យុះមួយនេះគឺជាព្យុះទី២១ហើយក៏ជាខ្យល់ព្យុះចុងក្រោយដែរសម្រាប់ឆ្នាំ២០១៩របស់ប្រទេសហ្វីលីពីន។ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាព្យុះមួយនេះកំពុងស្ថិតនៅភាគខាងកើតក្រុង Hinatuan នៃខេត្ត Surigao del Sur ក្នុងរយៈចម្ងាយ៩០០គីឡូម៉ែត្រ ហើយល្បឿនខ្យល់របស់វាចាប់ពី៦៥រហូតដល់៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃស្អែកនេះ ព្យុះ Ursula នឹងធ្វើឲ្យភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងនៅតំបន់មួយចំនួនក្នុងប្រទេសហ្វីលីពីន ហើយតំបន់ទាំងនោះអាចនឹងទទួលរងគ្រោះធម្មជាតិមួយចំនួនដូចជាទឹកជំនន់និងការរអិលបាក់ដីជាដើម នេះបើយោងតាមសេចក្ដីព្រមានរបស់ក្រុមឧតុនិយមជាតិ។ ចំពោះតំបន់ចំនួន១១ដែលរងឥទ្ធិពលពីខ្យល់ព្យុះមួយនេះខ្លាំងជាងគេនឹងជួបប្រទះកម្លាំងខ្យល់បោកបក់យ៉ាងខ្លាំង ហើយវានឹងកម្ទេចផ្ទះដែលមានស្ថានភាពចាស់ទ្រុឌទ្រោម ឬផ្ទះស្លឹកជាដើម។
ចំណែកតំបន់ Davao និង Cotabato ដែលទទួលរងគ្រោះពីគ្រោះរញ្ជួយដីកាលពីថ្ងៃ១៥ខែធ្នូនេះអាចនឹងជួបគ្រោះថ្នាក់ដោយសារការរអិលបាក់ដី ពីព្រោះភ្លៀងនឹងហូរច្រោះដីដែលបានបាក់កន្លងមក។ គេរំពឹងទុកថាព្យុះ Ursula នឹងចាកចេញពីប្រទេសហ្វីលីពីននៅថ្ងៃសៅរ៍នេះ បើសិនជាល្បឿនខ្យល់ធ្លាក់មកត្រឹម២៥គីឡូម៉ែត្រក្នុងមួយម៉ោង៕