កាលពីខែតុលា នាង Sulli ដែលជាតារាចម្រៀង K-Pop ដ៏ល្បីមួយរូបបានចងកធ្វើអត្តឃាត ដែលបង្កជាការភ្ញាក់ផ្អើល និងទុក្ខសោកជាខ្លាំងទៅដល់អ្នកគាំទ្រ ។
នាង Goo Hara ដែលជាមិត្តរួមអាជីព និង ជាមិត្តដ៏ល្អរបស់ Sulli បានថ្លែងជាសាធារណៈថា៖ «ខ្ញុំនឹងរស់នៅដោយថ្លៃថ្នូរជាងមុនពីរដងនៅពេលដែលឯង (Sulli) បានចាកចេញទៅ ។ សូមអ្នកគាំទ្រទាំងអស់កុំបារម្ភពីខ្ញុំអី» ។ ក៏ប៉ុន្តែ មួយខែក្រោយមកទៀត Goo Hara ក៏បានធ្វើអត្ថឃាតដែរ ។
ប្រហែលជា ២ សប្តាហ៍ក្រោយពីនោះ បុរសសង្ហា Cha In-ha ដែលជាតារា K-Pop ម្នាក់ទៀត ក៏បានធ្វើអត្តឃាតផងដែរ ។
ការធ្វើអត្តឃាតបន្តបន្ទាប់គ្នានេះបានចោទជាសំណួរទៅលើវិស័យតន្រ្តី K-Pop នៃប្រទេសកូរ៉េខាងត្បូង ដែលមានតម្លៃរាប់រយលានដុល្លារ និងមានអ្នកគាំទ្រជុំវិញពិភពលោក ។ តើវាបណ្តាលមកពីអ្វីទៅ?
អ្នកស្រីបណ្ឌិត Jenna Gibson ដែលជាអ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មានមួយរូប ដែលធ្វើការផ្តោតទៅលើបញ្ហាសង្គមនៅប្រទេសកូរ៉េខាងត្បូងបានថ្លែងថា សោកនាដកម្មទាំងនេះបណ្តាលមកពីកម្រិតខ្ពស់នៃសម្ពាធដែលតារា K-Pop ទទួលរង ក៏ប៉ុន្តែ វាក៏មានចំណែកពីការទាមទារនៃសង្គមកូរ៉េផងដែរ ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន New York Times អ្នកស្រី Gibson បាននិយាយថា៖ «ជាការពិតណាស់ តារា K-Pop ត្រូវប្រឈមជាមួយនឹងសម្ពាធគ្រប់ពេលវេលាពេញមួយថ្ងៃ ដូច្នេះហើយវាអាចនឹងបណ្តាលមកពីភាពតានតឹងក្នុងអារម្មណ៍។ ក៏ប៉ុន្តែវាក៏អាស្រ័យទៅលើការស្វែងរកជំនួយ និងការគាំទ្រផ្លូវអារម្មណ៍ផងដែរ ដែលពួកគេមិនអាចស្វែងរកបានដោយសារតែគ្មានពេល ។»
អ្នកស្រីបានបន្តទៀតថា៖ « មានវេទិកាជាច្រើនដែលតារា K-pop ប្រើប្រាស់ដើម្បីបង្ហាញពីជីវិតក្រៅឆាករបស់ពួកគេ ដែលពួក Fan ចូលចិត្តតាមដាន... ក៏ប៉ុន្តែវាក៏បង្កើតជាស្ថានភាពមួយដែលពួកគេមិនមានពេលវេលាផ្ទាល់ខ្លួនដែលពួកគេអាចសម្រាកបាន» ។
ជាមួយគ្នានេះដែរ អាជីពជាតារា K-pop ជាទូទៅត្រូវទាមទារនូវការរឹតត្បឹតសេរីភាព និងការហ្វឹកហាត់សមយ៉ាងខ្លាំង ដែលដាក់បន្ទុកទៅលើសុខភាពផ្លូវចិត្តរបស់ពួកគេ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង Suga ជាសមាជិកមួយរូបរបស់ក្រុម BTS បាននិយាយថា៖ «ភាពព្រួយបារម្ភ និងភាពឯកា នៅជាមួយនឹងខ្ញុំពេញមួយជីវិត...»។
ជាមួយគ្នានេះផងដែរ ក៏មាននិន្នាការកើនឡើងនៃការរិះគន់ និងការធ្វើបាបនៅលើអនឡាញទៅលើតារា K-pop ផងដែរ ដែលត្រូវបានគេមើលឃើញថា ជាការដាក់បន្ទុកមួយទៀតទៅលើពួកគេ ។ ជាឧទាហរណ៍ មុនពេលដែលនាងបានធ្វើអត្តឃាត Sulli បានទទួលរងនូវការរិះគន់ជាពាក្យពេចន៍មិនគប្បីនៅក្នុង Comment នៃបណ្តាញសង្គម ជាពិសេសទាក់ទងនឹងកម្មវិធីទូរទស្សន៍របស់នាង។ ជាមួយគ្នានេះដែលមានតារាជាច្រើនត្រូវបានរិះគន់ទៅលើរឿងផ្សេងៗ មានការស្លៀកពាក់ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ វិស័យនេះក៏មានបញ្ហារសើបទាក់ទងនឹងការរំលោភបំពានផ្លូវភេទផងដែរ ។
បន្ទាប់ពីមរណភាពរបស់ Sulli និង Goo Hara ក៏ចាប់ផ្តើមមានសេចក្តីអំពាវនាវឲ្យមានការធ្វើកំណែទម្រង់ទាក់ទិននឹងការធ្វើបាបលើអនឡាញនេះ ។
ទន្ទឹមនឹងនេះដែរ អ្នកស្រី Gibson បានបន្ថែមថា៖ «ប្រសិនជាមានការកាត់បន្ថយការងារ និងការរឹតត្បិត
អាជីពរបស់ពួកគេនឹងមានការលំបាក់បន្តិច ក៏ប៉ុន្តែយើងឃើញថា
មុននេះហាក់ដូចជាមានការរុញច្រានខ្លាំងពេកហើយ» ៕