ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន Master Pharma Group Ltd ដែលជាក្រុមហ៊ុននាំចូល និងចែកចាយឱសថ ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៤ និងបានសហការនាំចូលផ្តាច់មុខពីរោងចក្រ Akums Drug and Pharmaceuticals Limited បានបើកសិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់» នៅឯសណ្ឋាគារណាហ្គាវើល១ ជាមួយអ្នកជំនាញ ក្នុងវិស័យសុខាភិបាលជាង ៣០០នាក់ រួមទាំងឱសថការី និងវេជ្ជបណ្ឌិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកតំណាងក្រុមហ៊ុនទាំងពីរបាននិយាយថា ជំងឺទឹកនោមផ្អែម លើសឈាម និង ជំងឺធាត់ ដែលបង្កឲ្យកើតមានដូចជា គាំងបេះដូង សំពាធឈាមខ្ពស់ កើតជំងឺមហារីក និងជំងឺថប់ដង្ហើមជាដើម អាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យ ជាពិសេសមនុស្សវ័យកណ្តាល ដែលមានរបៀបរបបនៃការរស់នៅមិនត្រឹមត្រូវ គេងមិនគ្រប់គ្រាន់ ខ្វះលំហាត់ប្រាណ ញុំាគ្រឿងស្រវឹងជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ជំងឺទាំងនេះក៏មានវិធីទប់ស្កាត់ផងដែរ តាមរយៈការផ្តោតទៅលើរបបអាហារ និងការរស់នៅ រួមមានដូចជាការធ្វើលំហាត់ប្រាណ គេង ដើរ រត់ ឈរ អង្គុយ ការសម្មាធិ ការពិសារអាហារដែលមានជីវជាតិ និងការកាត់បន្ថយការសេពគ្រឿងស្រវឹង និងជក់បារីជាដើម។


Akums Drugs & Pharmaceutical គឺជារោងចក្រផលិតឱសថធំបំផុតនៅប្រទេសឥណ្ឌា ដែលចុះកិច្ចសន្យារាល់ការផលិតផលិតផលសម្រេចនៃឱសថ វត្ថុធាតុដើម គ្រឿងសំអាង ឱសថបុរាណ និងឱសថប្រភេទអរម៉ូន។ មកទល់ពេលនេះ ខាងរោងចក្របានផ្គត់ផ្គង់ទៅលើការប្រើប្រាស់ និងផលិតឱសថច្រើនជាង១២% នៃតម្រូវការសរុបក្នុងប្រទេសឥណ្ឌា និងក្រុមហ៊ុនថ្នាំពេទ្យល្បីល្បាញនានា និង MNCs។


Unosource Pharma ជាក្រុមហ៊ុនបុត្រសម័្ពន្ធនាំចេញរបស់ Akums Drugs & Pharmaceutical ដែលមានឱសថលើសពី ១,៣០០ មុខ បានចុះបញ្ជិកានៅក្នុង ៥៥ប្រទេស និងទទួលស្គាល់ពីក្រសួងសុខាភិបាលរួមមាន អាស៊ីអាគ្នេយ៍ អាហ្វ្រិក CIS និងអាមេរិកឡាទីន។
Unosource Pharma បានធ្វើការផ្គត់ផ្គង់ឱសថក្នុងគុណភាពខ្ពស់រួមផ្សំនឹងតម្លៃសមរម្យ ដែលអាចទទួលយកបាននៅក្នុងទីផ្សារប្រកួតប្រជែងនានាពេលបច្ចុប្បន្ននៅក្នុងពិភពលោក។

យ៉ាងណាមិញ Unosource Pharma បានធ្វើការផ្គត់ផ្គង់ ១០០ផលិតផលជាង នៅក្នុងប្រទេសកម្ពុជា ហើយគិតមកដល់ពេលនេះគឺវាមានរយៈពេល ៤ឆ្នាំមកហើយ សម្រាប់គម្រោងការផ្គត់ផ្គង់នាពេលអនាគត ដែលក្រុមហ៊ុននឹងនាំចូលនូវឱសថនានាបន្ថែមទៀត ដែលមានតម្រូវការដើម្បីឲ្យសមស្របនៅក្នុងទីផ្សារប្រទេសកម្ពុជា៕
