ព្រះសីហនុ ៖ នៅត្រឹមថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ ផ្សារទំនើបដ៏ទាន់សម័យ និងស៊ីវិល័យលើកដំបូងគេបង្អស់ប្រចាំនៅក្នុងក្រុងព្រះសីហនុ FURI Times Square នឹងចាប់បើកដំណើរការហើយ ជាមួយនឹងការនាំមកនូវបទពិសោធន៍ថ្មីនៃការទិញលក់ទំនិញគ្រប់ប្រភេទយ៉ាងសម្បូរបែបបំផុត ក្រោមការចូលរួមពីសំណាក់លោកអភិបាលខេត្តព្រះសីហនុជាអធិបតី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងការត្រៀមខ្លួនបង្ហាញវត្តមានថ្មី នៃការបើកទំព័រជាប្រវត្តិសាស្ត្រប្រចាំនៅក្នុងក្រុងព្រះសីហនុ ផ្សារទំនើបដ៏ធំលើកដំបូងគេបង្អស់ ប្រចាំនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី២ប្រចាំប្រទេសកម្ពុជា FURI TIMES SQUARE នឹងធ្វើឱ្យមហាជន ក៏ដូចជាអតិថិជនទូទៅមានភាពភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងទៅនឹងទិដ្ឋភាពដ៏អស្ចារ្យ នៃការរចនាម៉ូដផ្សារទំនើបទាំងមូល រាប់ទាំងផ្នែកខាងក្នុង និងខាងក្រៅផងដែរ។


ប្រធានគ្រប់គ្រងផ្នែកលក់នៅផ្សារទំនើប FURI Times Square កញ្ញា តាំង គីមហុង បានប្រាប់ឱ្យដឹងថា នៅត្រឹមថ្ងៃច័ន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ផ្សារទំនើបបែបស៊ីវិល័យមួយនេះ នឹងចាប់បើកទ្វារដំណើរការលក់លើកដំបូង ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅក្នុងក្រុងព្រះសីហនុ។


កញ្ញា តាំង គីមហុង បានបន្តឱ្យដឹងថែមទៀតថា៖
“ជាមួយនឹងកិច្ចដំណើរការសាកល្បងនេះ ផ្សារទំនើប FURI Times Square បាននាំមកជូនអតិថិជននូវបណ្តាផលិតផល មុខទំនិញចម្រុះយ៉ាងសម្បូរបែប ដែលសុទ្ធតែជាម៉ាកយីហោល្បីៗលំដាប់សាកលលោកដូចជា ក្រុមហ៊ុន KFC, ក្រុមហ៊ុន Starbucks, ក្រុមហ៊ុន Amazone Café, ក្រុមហ៊ុន KOI, ក្រុមហ៊ុន Dakasi Tea, ហាងអាហារមកពីប្រទែសាំងហ្គាពួរ ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s, ក្រុមហ៊ុន NIKE, ក្រុមហ៊ុន Samsonite, ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock, ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងបរិក្ខាប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងសម្អាងផងដែរ”។
កញ្ញាបានបន្តទៀតថា៖
“ផ្សារទំនើបនេះ នឹងចាប់បើកទ្វារបម្រើអតិថិជនចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១១យប់ ដែលក្រៅពីមានលក់នូវមុខទំនិញ និងអាហារយ៉ាងសម្បូរបែប ក៏មានទីកន្លែងកម្សាន្តសម្រាប់កុមារ និងយុវវ័យផងដែរ ជាពិសេសមានរោងកុនបែបទំនើបនៅជាន់ខាងលើ រួមជាមួយនឹង Sky Bar ដែលរៀបចំនៅជាន់ខាងលើលំហរអាកាសនៅពេលរាត្រីផងដែរ”។
សូមចូលរួមទាំងអស់គ្នា និងស្វាគមន៍ចំពោះការមកដល់ថ្មីនៃផ្សារទំនើបដ៏ទាន់សម័យ និងស៊ីវិល័យលើកដំបូងគេបង្អស់នៅក្រុងព្រះសីហនុ៕





