រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានជិះម៉ូតូ១គ្រឿងទៅឈប់នៅតាមផ្លូវបេតុងក្នុងបុរីមួយកន្លែងបន្ទាប់មកគាត់បានកាន់ទូរស័ព្ទស្មាតហ្វូន១គ្រឿងថតរូបដងផ្លូវ ដើមឈើ និងអគារផ្សេងព្រមទាំងផ្ទះល្វែងនៅក្នុងបុរីនោះ ប៉ុន្តែពុំដឹងថា គាត់ថតរូបភាពទាំងនោះយកទៅប្រើប្រាស់ ដើម្បីអ្វីនោះឡើយ ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺខណៈដែលគាត់កំពុងតែផ្ចង់ថតភ្លេចខ្លួន ស្រាប់តែមានចោរម្នាក់ជិះម៉ូតូ១គ្រឿងទៅដល់ធ្វើសកម្មភាពឆក់យកទូរស័ព្ទដែលគាត់កំពុងតែកាន់ថតរូបនោះ បានសម្រេចរួចជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោល ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈនោះគាត់បានរត់តាមពីក្រោយចោរជិះម៉ូតូបណ្ដើរ និងស្រែកជាភាសាចិនបណ្ដើរដែរ តែតាមមិនទាន់ចោរនៅតែគេចខ្លួនបាត់ដោយសុវត្ថិភាព ហើយបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ក្នុងបុរីញូវថោន ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជនជាតិចិនម្នាក់នោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយគាត់បាត់បង់ទូរស័ព្ទដៃ១គ្រឿងម៉ាក IPhone 6 plus ចំណែកចោរជិះម៉ូតូម៉ាក YAMAHA QBIX ពណ៌ស១គ្រឿងមិនចាំស្លាកលេខ ។ អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុពួកគាត់បានឃើញបុរសជនជាតិចិនរូបនេះជិះម៉ូតូ១គ្រឿងម៉ាកយ៉ាម៉ាហាស៊ីរូសទៅឈប់កន្លែងកើតហេតុជិតហាងកាហ្វេមួយកន្លែង ។ បន្ទាប់មកគាត់បានកាន់ទូរស័ព្ទឈរថតរូបភាពនៅតំបន់នោះដោយមិនបានចាប់អារម្មណ៍ថា មានរឿងអាក្រក់កើតឡើងលើខ្លួនគាត់ឡើយ ។
ខណៈពេលកំពុងតែឈរថតរូបភ្លេចខ្លួន ស្រាប់តែចោរម្នាក់ខាងលើជិះម៉ូតូទៅជិតរួចបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដែលកំពុងកាន់ថតនោះរួចគេចខ្លួនទៅបាត់ស្រមោលតែម្ដង ។ ក្រោយពេលកើតហេតុនគរបាលបានចុះទៅធ្វើការពិនិត្យកន្លែងកើតហេតុ និងមើលកាមេរ៉ាសុវត្ថិភាពនៅជិតនោះឃើញសកម្មភាពដែលចោរឆក់ទូរស័ព្ទ និងឃើញជនរងគ្រោះព្យាយាមរត់ដេញតាមដែរតែរត់មិនទាន់ ។ បន្ទាប់មកនគរបាលបាននាំបុរសជនជាតិរូបនេះទៅសាកសួរ ប៉ុន្តែបុរសនេះបានប្រែចិត្តអត់ដាក់ពាក្យប្ដឹងឡើយ ដោយគាត់និយាយថាខ្ជិលមានរឿងវែងឆ្ងាយ ៕
ប្រភព៖ កោះសន្តិភាព