ភ្នំពេញ៖ ធនាគារ ABA បានពង្រីកប្រតិបត្តិការនៅសាខាទឹកថ្លា ជាមួយការបន្ថែមគ្រឿងបរិក្ខារ និងម៉ោងបម្រើសេវា ១២ ម៉ោងក្នុងមួយថ្ងៃ និងពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការសេវាធនាគារ ABA ក្នុងតំបន់នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Proeung Rithy នាយកសាខាទឹកថ្លា បានលើកឡើងថា៖
«ចំនួនអតិថិជនប្រចាំសាខារបស់យើង មានការកើនឡើងច្រើន ហើយមានប្រតិបត្តិការរាប់រយពាន់ ត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ។ ដោយមើលឃើញពីកំណើន និងការរង់ចាំប្រើប្រាស់សេវាកម្មច្រើនបែបនេះ ទើបយើងធ្វើការកែសម្រួល បន្ថែមគ្រឿងបរិក្ខារបម្រើសេវា ក៏ដូចជាដាក់បុគ្គលិកបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារ ខណៈគុណភាពសេវាកម្មនៅតែរក្សាឲ្យបានល្អ និងមានស្តង់ដារដដែល។ យើងពិតជារីករាយណាស់ ដែលឥឡូវនេះយើងអាចផ្តល់សេវាកម្មជូនដល់អតិថិជនបានយ៉ាងងាយស្រួលថែមមួយកម្រិតទៀត»។

ជាមួយនឹងការបន្ថែមបេឡាករ និងបុគ្គលិកបម្រើអតិថិជន ម៉ាស៊ីនដក/ដាក់ប្រាក់ ក៏ដូចជាម៉ោងបម្រើសេវាចាប់ពី ៨ព្រឹក ដល់ ៨យប់ និងពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ធ្វើឲ្យសាខាទឹកថ្លាត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់សេវាបានគ្រប់គ្រាន់ជូនដល់អតិថិជនទៅតាមតម្រូវការរបស់ពួកគាត់។
សាខាទឹកថ្លា មានទីតាំងស្ថិតនៅអគារ #A39-A41 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដើម្បីទាក់ទងសាខានេះ សូមទូរស័ព្ទមក 098 203 849៕