ខេត្តស្វាយរៀង៖ ទួលយាយដូនគឺជាទួលបុរាណមួយ ដែលមានបារមីពូកែដ៏ស័ក្តិសិទ្ធិតែងតែមានអ្នកមក អុជធូបទៀន និងដាក់ដង្វាយបន់ស្រន់សុំសេចក្តីសុខស្ទើគ្រប់ទិសទីមិនថា ជនជាតិខ្មែរ ឬបរទេសនោះទេ ហើយទួលលោកយាយដូន គឺមានចម្ងាយជិត២គីឡូម៉ែត្រនៅទិសខាងត្បូងពីច្រកទ្វារព្រំដែនអន្តរ ជាតិ បាវិតស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ដោយមានអ្នកស្រុកមានជំនឿថាបើមកបួងសួងហើយប្រាថ្នាអ្វី គឺបានសម្រេចដូចក្តីប៉ងប្រាថ្នា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការគោរពបូជានិងបួងសួងសុំឲ្យបារមីពីលោកយាយដូន គឺចាប់តាំងពីសម័យដើមយូរលង់មកហើយរហូតមកទល់បច្ចុប្បន្ន ។ បើតាមចាស់ទុំព្រឹទ្ធាចារ្យបានឲ្យដឹងថា ទួលបុរាណមួយនេះមានប្រវត្តិទាក់ទងទៅនឹងមេទ័ពល្បីៗតាំងពីសម័យដើមជាច្រើនផងដែរ ។
ទាក់ទិនដំណើររឿងប្រវត្តិទួលលោកយាយដូននេះ លោកតាសុខ សាខន អាយុ៨២ឆ្នាំ ដែលជាអ្នកមើលថែ និងរៀបចំទួលយាយដូនបានប្រាប់អោយដឹងថា ទួលយាយដូនកើតឡើងតាំងពីមុនសម័យអង្គរវត្តទៀត ប៉ុន្តែមិនដឹងថា ក្នុងទសវត្សណានោះទេ ។ លោកតាបានមានប្រសាសន៍ទាក់ទងប្រវត្តិទួលលោកយាយដូនថា មានចាស់ទុំតែងតែនិយាយរឿងតៗគ្នា គឺកាលពីដើមឡើយមានមេទ័ពទិសទាំងប្រាំមួយបានមកច្បាំងនៅទិសឥសាន្តឈ្នះអស់សត្រូវ ។
ក្រោយពីបានជ័យជំនះមេទព័ម្នាក់ បានមកបោះជំរុំនៅជិតទួលលោកយាយដូននេះ មានថ្ងៃមួយនោះពេលយប់មេទ័ពបានសុបិន្តនិមិត្តឃើញទេពអប្សរមួយព្រះអង្គ ព្រះនាងមានរូបឆោមស្រស់ស្អាតណាស់ ធ្វើឲ្យលោកមេទព័មានចិត្តពេញព្រះទ័យយ៉ាងខ្លាំង ។ ព្រះនាងគឺជាត្រីផ្សោត ធ្វើសមាធិនៅភ្នំសំបុកនៅស្រុកសំបូរខេត្តក្រចេះ មានបារមីអាចប្រែក្រឡាជាមនុស្សបានហើយមាននិស្ស័យ និងលោកមេទ័ព ក៏បាន ប្រាកដខ្លួនឲ្យលោកមេទ័ពបានឃើញលោកមេទព័ ក៏មានចិត្តប្រតិពទ្ធ័បានសុំព្រះនាង រៀបអភិសេក ជា ព្រះមហេសីរស់នៅសុខដុមរមនា ។
លុះនៅគ្រាមួយ នោះមានរឿងកើតឡើងនៅទិសទក្សិណមេទ័ពក៏ទៅធ្វើសង្គ្រាមជាមួយសត្រូវ នៅទិសទក្សិណ ពេលនោះ ព្រះនាងក៏យាងទៅតាមធ្វើសង្គ្រាមជាមួយស្វាមីលុះគ្រាក្រោយមកស្វាមី ព្រះនាង បានចាញ់ដៃសត្រូវក៏ស្លាប់បាត់បង់ជីវិតហើយ។ ខណៈនោះនៅមុនពេលនិងស្លាប់ក៏បានផ្ដាំផ្ញើអោយព្រះនាងគោរពព្រះបរមគ្រូ៣អង្គរបស់ស្វាមីគឺមានព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវះ ។
ក្រោយមកព្រះនាងបានដឹកនាំកង ទ័ពទាំង៥០០របស់ស្វាមីទៅច្បាំងសឹកធ្វើសង្គ្រាមរហូត ទទួលបានជ័យជំនះទៅលើខ្មាំងសត្រូវនៅលើទួលនេះ ។ កងទ័ពបានគោរពព្រះនាងដោយថ្វាយព្រះនាមថា មេទ័ពស្រីស្រអែម ហើយមានរិទ្ធីបារមីតែងតែដឹកនាំកងទ័ពច្បាំងឈ្នះសត្រូវ។ លុះដល់រយៈកាលក្រោយមកព្រះនាង មានវ័យចាស់អស់បុណ្យជាមួយមនុស្ស ក៏បានស្លាប់ពេលនោះកងទ័ពបានបូជាសពព្រះនាងទុកព្រះធាតុ តម្កល់ នៅលើទូលនេះ ហើយបានកសាងរូបសំណាកអំពីថ្មដាប់ សម្រាប់គោរពបូជារហូតមក ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ប្រភព៖ កោះសន្តិភាព