ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា អគ្គិភ័យដែលគេសង្ស័យបណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គិសនី បានឆាបឆេះលំនៅឋានពលរដ្ឋមួយខ្នងអស់គ្មានសល់ កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៦ វិច្ឆិកា នៅភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខណ:ម្ចាស់បិទទ្វាររវល់ចេញទៅប្រកបមុខរបរនៅខាងក្រៅ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រពភពីប្រជាពលរដ្ដបានឲ្យដឹងថា ម្ចាស់ផ្ទះនោះឈ្មោះមុំ ភេទស្រី អាយុជាង៤០ឆ្នាំ តែគាត់មិនបានស្នាក់នៅទេ ពេលអគ្គិភ័យបានកើតឡើង ដោយគាត់បិទទ្វារទុកចោល ហើយរវល់ចេញទៅប្រកបមុខរបរនៅខាងក្រៅ ។ ផ្ទះរបស់គាត់មានទំហំ៤ម៉x១០ម៉ ធ្វើពីថ្មក្រោម ឈើលើនិងប្រក់ស័ង្កសី។
បើតាមអ្នកភូមិបានបញ្ជាក់ថា ដំបូងគេឃើញផ្សែងខ្មួលខ្មាញ់ហុយចេញពីផ្ទះ រំពេចនោះក៏ចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅតែម្ដង ។ អ្នកភូមិបានព្យាយាមជួយពន្លត់ភ្លើងនោះ មុនពេលរថយន្តពន្លត់ អគ្គិភ័យរបស់សមត្ថកិច្ចមកដល់ តែមិនអាចសង្គ្រោះបានឡើយ ។ សូម្បីតែមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យប៉ុន្មានគ្រឿងផង ក៏មិនអាចរារាំងអណ្ដាតភ្លើងបានដែរ ។
សមត្ថកិច្ចបាននិយាយថា អគ្គិភ័យនោះមានកម្លាំងខ្លាំងហើយឆេះលឿនបំផុត ដែលនាំឲ្យលំនៅឋាននោះរងការខូចខាតទាំងស្រុងតែម្ដង ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា អគ្គិភ័យនោះទំនងអាចកើតឡើងដោយសារទុស្សេខ្សែចរន្តអគ្គិសនី ដែលម្ចាស់មិនបាននៅ ។ ហើយបើតាមការរៀបរាប់ពីអ្នកភូមិបានបញ្ជាក់ថា ទ្រព្យសម្បត្តិនិងសម្ភារនានានៅក្នុងផ្ទះនោះទាំងអស់ មិនត្រូវបានជួយសង្គ្រោះទេ ព្រោះម្ចាស់ផ្ទះមិននៅ ហើយអ្នកភូមិក៏មិនអាចចូលបានដោយសារអណ្ដាតភ្លើងឆាបឆេះខ្លាំងក្លាពេក ។
ប្រភព៖ កោះសន្តិភាព