អេស្ប៉ាញ៖ ខ្សែបម្រើឆ្នើមរបស់ Manchester City កីឡាករ David Silva អាចនឹងក្លាយជាកីឡាករអេស្ប៉ាញទីបី ដែលផ្លាស់ទៅចូលរួមជាមួយក្លិបជប៉ុន Vissel Kobe ខណៈកុងត្រារវាងគេ និងមេឃខៀវនឹងផុតសុពលភាពនៅពេលចប់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ អ្នកនាំលេងឲ្យ Manchester City កីឡាករ David Silva អាចនឹងដើរតាមគន្លងរបស់អតីតមិត្តរួមក្រុមជម្រើសជាតិ Andres Iniesta និង David Villa ដែលផ្លាស់ទៅលេងនៅទឹកដីជប៉ុន ដោយគេបានបើកកិច្ចពិភាក្សាហើយជាមួយក្លិប Vissel Kobe។
ក្រៅពីអតីតជម្រើសជាតិអេស្ប៉ាញទាំង២រូបខាងលើ Vissel Kobe ក៏នៅមានកីឡាករល្បីៗមួយចំនួននៅអឺរ៉ុបធ្លាប់ទៅលេងឲ្យក្លិបជប៉ុនមួយនេះដែររួមមាន Lukas Podolski, Thomas Vermaelen និង Sergi Samper។
យ៉ាងណាមិញ David Silva ត្រូវបានគេដឹងថាស្ថិតនៅក្នុងការចង់បានរបស់ David Beckham ក្នុងការនាំយកទៅលេងនៅទឹកដីអាមេរិក ខណៈព័ត៌មានមួយចំនួនទៀតបានឲ្យដឹងថាគេអាចផ្លាស់ទៅលេងនៅទឹកដីកំណើតរបស់គេជាមួយក្លិប Las Palmas។
ក្រោយផ្លាស់ពី Valencia មកចូលរួមជាមួយ Manchester City កាលពីឆ្នាំ២០១០ ខ្សែបម្រើវ័យ៣៣ឆ្នាំ David Silva បានប្រកាសចាកចេញពីក្លិបនៅពេលចប់កិច្ចសន្យាកុងត្រាជាមួយក្លិប ពោលគឺនៅដំណាច់រដូវកាល ២០១៩-២០២០។
គួរឲ្យដឹងដែរថា ៩ឆ្នាំលេងឲ្យក្លិបមានមូលដ្ឋាននៅទីក្រុង Manchester ម្ចាស់អាវលេខ២១ របស់ Man City ចូលលេងបានចំនួន ៤០៩ប្រកួត រកគ្រាប់បាល់បាន ៧៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច ១៣៤ដង ព្រមទាំងជាមួយឲ្យមេឃខៀវឈ្នះ Premier League ៤ដង, EFL Cups ៤ដង និង FA Cups ២ដង៕
ប្រភព៖ DailyMail