ភ្នំពេញ៖ ផលិតកម្ម កងចក្រភាពយន្ត បានបើកសម្ពោធដាក់បញ្ចាំងភាពយន្តរឿង «ស្នេហាក្មេងៗ» យ៉ាងអឹកធឹក នៅរោងកុនទំនើបស្ថិតនៅបឹងកក់។ នៅក្នុងពិធីនោះ មិនត្រឹមតែបង្ហាញខ្លួនដោយតួសម្ដែងសំខាន់ៗក្នុងរឿង និងតារាសិល្បៈជាកិត្តិយសប៉ុណ្ណោះទេ សូម្បីតែកូនប្រុសលោក នាយករដ្ឋមន្ត្រី ក៏ចូលរួមជាកិត្តិយស និងអង្គុយទស្សនាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នេះជាភាពយន្តស្នេហាបែបយុវវ័យនាសម័យថ្មីនេះ ដោយស្នាដៃទាំងមូល គឺជាការនិពន្ធរួមគ្នារវាងកញ្ញា លំអរពេជ្រ និងលោក ម៉ានិត ដែលជាអ្នកនិពន្ធប្រលោមលោកដ៏ល្បីមិនចាញ់គ្នា។ តួអង្គសម្ដែងនៅក្នុងភាពយន្តនេះ ក៏សុទ្ធតែតារាវ័យក្មេង ដែលមានសមត្ថភាពក្នុងការសម្តែងផងដែរ មានដូចជាកញ្ញា គង់ ចាន់ស្រីដែន ជាអតីត Freshie Girl ប្រចាំឆ្នាំ២០១៥។ លោក ជា សុជាតិ តារាចម្រៀងមកពីក្រុមក្មេងខ្មែរ និងលោក រ៉ុង សុភីដេវីដ តារាមកពីក្រុម Small World Small Band ជាដើម។
ក្នុងនោះ ក៏មានតួសម្តែងល្បីៗជាច្រើនរូបទៀតផងដែរ ដែលសុទ្ធតែជាអាយដលរបស់យុវវ័យទើបភាពយន្តនេះ ទាក់ទាញភ្ញៀវកិត្តិយស ជាពិសេស គឺយុវវ័យភាគច្រើនឲ្យចូលរួមនៅក្នុងពិធីនោះ។

សម្រាប់សាច់រឿងនេះវិញ គឺរៀបរាប់អំពីតួអង្គស្រីឈ្មោះ កេសរ រស់នៅទីក្រុងភ្នំពេញជាមួយនឹងជីដូន ដោយ កេសរ មានមិត្តភក្តិជិតស្និទ្ធចំនួន ៣ នាក់ គឺ រិទ្ធ សុភ័ក្រ្ត និងបេទ្បា។ ក្រោយមកនាងបានស្គាល់សិស្សច្បងដ៏ស្រស់សង្ហាមួយរូបមានឈ្មោះថា វេហា ដែលសម្ដែងដោយសមាជិកក្មេងខ្មែរ ហើយក៏បង្កើតជាស្នេហានឹងគ្នា។ កេសរ ចាប់ផ្តើមស្គាល់ពីការថែរក្សា ស្នេហា មិត្តភាព និងគ្រួសារក្នុងពេលតែមួយ។
ភាពយន្តនេះប្រកាសលក់សំបុត្រផ្លូវការចាប់ពីថ្ងៃទី ៧ វិច្ឆិកា ២០១៩ តទៅ។ ដោយរំពឹងថានឹងទាក់ទាញយុវវ័យ អោយចាប់អារម្មណ៍ច្រើន ព្រោះជាភាពយន្តស្ដែងពីយុវវ័យទាំងស្រុង៕






