ម៉ាឡេស៊ី៖ ខណៈដែលបច្ចុប្បន្នករណីចោរឆក់ប្លន់ក្នុងប្រទេសម៉ាឡេស៊ី គឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ នារីវ័យក្មេងម្នាក់ស្រាប់តែបែកគំនិតប្រើឆ្កែចិញ្ចឹមដ៏សែនឆ្លាតរបស់ខ្លួន ឲ្យមកជួយពាំកាបូបឲ្យនាងក្នុងទីសាធារណៈ ដោយមិនខ្វល់ពីរឿងចោរឆក់ប្លន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង ផ្អែកតាមរយៈម្ចាស់គណនី Twitter មួយ ឈ្មោះ MyWatch (@My_CrimeWatch) ដែលបានបង្ហោះចែកចាយវីដេអូឃ្លីបជុំវិញនឹងរឿងមួយនេះ កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងនោះគឺបានបង្ហាញឲ្យឃើញ ពីនារីម្នាក់នៅឯតំបន់ Bukit Bintang ក្នុងប្រទេសម៉ាឡេស៊ី បានឲ្យអង្គរក្សពិសេស ពោលគឺ សត្វឆ្កែចិញ្ចឹមសម្បុរខ្មៅដ៏ឆ្លាត និងគួរឲ្យស្រលាញ់មួយក្បាលរបស់នាង (ពូជឆ្កែចិញ្ចឹម Rottweiler) ជួយខាំពាំកាបូបយួរមួយឲ្យនាង ខណៈដែលនាងដើរពីមុខមុនយ៉ាងរំភើយតែម្តង។
MyWatch បានសរសេរថា៖
«ប្រសិនបើអ្នកខ្លាចគេឆក់កាបូប អ្នកអាចសាកល្បងធ្វើតាមនារីម្នាក់នេះបាន» ។
ជុំវិញនឹងរឿងរ៉ាវមួយនេះ អ្នកលេងបណ្តាញសង្គមមួយចំនួន ក៏បានសម្ដែងការហូសចិត្ត និងអស់សំណើច។ ប៉ុន្តែមិនថាយ៉ាងណា ពួកគេក៏បានសរសើរ ក៏ដូចជាបង្ហាញពីអារម្មណ៍ស្រលាញ់ ទៅកាន់ឆ្កែដ៏សែនឆ្លាតមួយក្បាលនោះផងដែរ។

គួរឲ្យដឹងផងដែរថា Rottweiler ត្រូវបានគេស្គាល់ថា គឺជាពូជឆ្កែចិញ្ចឹម ដែលមានភាពស្មោះត្រង់ ក្លាហាន និងមានកម្លាំង ដែលមនុស្សចម្លែកមុខល្មមៗអាចនឹងត្រូវចង្កូមរបស់វាបាន។ ដូច្នេះការចិញ្ចឹមសត្វឆ្កែប្រភេទនេះ ម្ចាស់អាចនឹងមានសុវត្ថិភាពច្រើន ពេលដើរក្រៅជាមួយវា៕
ទស្សនាវីដេអូខាងក្រោម៖