ភ្នំពេញ៖ កាលពីថ្ងៃទីសុក្រ ទី១៣ ខែកញ្ញា កន្លងទៅលោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន EZECOM រួមនឹងក្រុមការងារបានទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងនាំយកទឹកប្រាក់បរិច្ចាគចំនួន ២០ លានរៀល អាវយឺត មួក និងប៊ិចមួយចំនួនធំ ក្រោមគម្រោង EzeCare។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមការងាររបស់ក្រុមហ៊ុន EZECOM បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ ហើយលោកវេជ្ជបណ្ឌិតក៏បានសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងដឹកនាំដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរផងដែរ។ ក្រុមការងារមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុន EZECOM ដែលបានចូលរួមទ្រទ្រង់ការព្យាបាលកុមារប្រកបដោយក្តីមេត្តាករុណា និងឥតគិតថ្លៃរបស់មន្ទីរពេទ្យកុមារអង្គរ។

លោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា៖
“កុមារ គឺជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើង ដូច្នេះវាពិតជាមានសារៈសំខាន់ណាស់ ដែលយើងទាំងអស់គ្នាយកចិត្តទុកដាក់លើការអភិវឌ្ឍន៍របស់កុមារគ្រប់រូប។ មន្ទីរពេទ្យកុមារអង្គរ បាននឹងកំពុងបំពេញបេសកកម្មយ៉ាងសំខាន់ ក្នុងការព្យាបាលជំងឺដល់កុមារកម្ពុជាដោយឥតគិតថ្លៃ ដែលបានសង្គ្រោះជីវិត និងដោះស្រាយវិបត្តិសម្រាប់គ្រួសារកម្ពុជាជាច្រើន ជាពិសេសគ្រួសារដែលខ្វះលទ្ធភាពព្យាបាល”។
លោកបានបន្ថែមថា៖
“ការនាំយកទឹកប្រាក់មកបរិច្ចាគជូនដល់មន្ទីរពេទ្យនៅថ្ងៃនេះ គឺជាការចូលរួមចំណែកមួយបន្ថែមទៀតពីក្រុមហ៊ុន EZECOM ដែលតែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ EZECOM មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យឯកជនតាមរយៈការផ្តល់សេវាអ៊ីនធឺណិតគុណភាពខ្ពស់កម្រិតអាជីវកម្មប៉ុណ្ណោះទេ តែយើងក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ជាពិសេសក្នុងវិស័យអប់រំ បច្ចេកវិទ្យា សុខាភិបាល និងបរិស្ថាន ស្របតាមគោលការណ៍ CSR របស់យើង។តាមរយៈគម្រោង EzeCare ដែលយើងបានផ្តួចផ្តើមក្នុងឆ្នាំ២០១៩ នេះ ក្រុមហ៊ុន EZECOM នឹងពង្រីកវិសាលភាពនៃសកម្មភាពសង្គមរបស់ខ្លួនអោយកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជ្រោមជ្រែងសហគមន៍នានានៅកម្ពុជា ដែលត្រូវការជំនួយខ្លាំងបំផុត។ គម្រោង EzeCare គឺជាគម្រោងថ្មីរបស់ EZECOM ដែលនឹងរៀបចំជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំនីមួយៗយើងនឹងធ្វើយុទ្ធនាការអ្វីមួយ ដើម្បីលើកស្ទួយសហគមន៍កម្ពុជា តួយ៉ាងដូចជា ការគាំទ្រ និងលើកកម្ពស់មន្ទីរពេទ្យកុមារអង្គរ ដែលយើងបានធ្វើឡើងក្នុងឆ្នាំនេះ”។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការនៃគម្រោង EzeCare ដែលបានចាប់ផ្តើមឡើងកាលពីឆមាសទី១ នៃឆ្នាំ២០១៩ មិនគ្រាន់តែជាការបរិច្ចាគទឹកប្រាក់ ២០ លាន ជូនមន្ទីរពេទ្យកុមារអង្គរប៉ុណ្ណោះទេ តែក្រុមហ៊ុនបានផលិតវីដេអូខ្លី និងមាតិកាមួយចំនួនទៀត ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពីសកម្មភាពដ៏សំខាន់របស់មន្ទីរពេទ្យក្នុងការផ្តល់ការព្យាបាលកុមារប្រកបដោយក្តីមេត្តាករុណា និងឥតគិតថ្លៃ ក៏ដូចជាអំពាវនាវឱ្យសាធារណៈជនចូលរួមគាំទ្រ និងបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលពឹងផ្អែកជាខ្លាំងលើជំនួយពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុក ដើម្បីបន្តប្រតិបត្តិការរបស់ខ្លួន។




ជាទីបញ្ចប់ សម្រាប់បងប្អូនដែលចង់ស្វែងយល់បន្ថែម និងតាមដានជាមួយគម្រោង EzeCare សូមចូលទៅ Like ផេចហ្វេសប៊ុករបស់ EZECOM (facebook.com/ezecom) និងសូមចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរ តាមរយៈវេបសាយ www.angkorhospital.org និងលេខទូរស័ព្ទ 063 963 409៕
វីដេអូអំពីគម្រោង EzeCare ឆ្នាំ២០១៩៖ www.youtube.com/watch?v=7Ls9fc-CINQ