ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ មជ្ឈមណ្ឌលថែរក្សាសម្ភស្សសែល-វីតាលីស ភ្នំពេញ គ្លីនិក បានរៀបចំពិធីសម្ពោធសាខាទី១ ដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាយើងនេះ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ចូលរួមសរុបប្រមាណ១៥០នាក់។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ក្នុងស្រុក និងក្រៅស្រុក ដើម្បីចូលរួមវិនិយោគ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើន។ លោកជំទាវវេជ្ជបណ្ឌិត បានផ្តល់មតិណែនាំដល់មជ្ឈមណ្ឌល ថែរក្សាសម្ភស្ស CELL-VITALIS ភ្នំពេញ គ្លីនិក ត្រូវពង្រឹងការផ្តល់សេវាស្របតាមបទដ្ឋានគតិយុត្ត និងប្រើប្រាស់គ្រឿងសម្អាងដែលមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះ គណៈគ្រប់គ្រង នៃមជ្ឈមណ្ឌលថែរក្សាសម្ភស្ស សែល-វីតាលីស ភ្នំពេញ បានប្តេជ្ញាអភិវឌ្ឍខ្លួនឱ្យទៅជាទីកន្លែងជម្រើសទី១ ដែលផ្តល់ស្តង់ដាសេវាកម្មប្រកបដោយគុណភាពខ្ពស់ដូចនៅប្រទេសអាឡឺម៉ង់ផងដែរ ស្របតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ គាត់បានបន្តទៀតថា គាត់ចង់ឃើញប្រជាជនកម្ពុជាមានសុខភាពបរិបូរណ៍ និងធ្វើឱ្យមានកំម្លាំងមាំមួន។ មជ្ឈមណ្ឌលថែរក្សាសម្ភស្ស សែល-វីតាលីស ភ្នំពេញ យើងមានក្រុមប្រឹក្សាវេជ្ជសាស្ត្រដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Michael Bausch ដែលជាសាស្ត្រាចារ្យ និងជាគ្រូពេទ្យមានបទពិសោធន៍លើសពី៣០ឆ្នាំ ក្នុងការថែរក្សាសម្ភស្សរបស់មនុស្សគ្រប់វ័យ។ ម្យ៉ាងវិញទៀត យើងក៏មានគ្រូពេទ្យមកពីប្រទេសថៃ និគ្រូពេទ្យក្នុងស្រុក ដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ក្នុងការប្រឹក្សាយោបល់ ជាមួយដំបូន្មានដ៏មានល្អៗសម្រាប់ជួយថែរក្សាសម្ភស្សឱ្យកាន់តែស្រស់ស្អាត។
ជាចុងក្រោយ លោកជំទាវ ឱ វណ្ណឌីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនសែល-វីតាលីស ភ្នំពេញ គ្លីនិក ដែលបានវិនិយោគ និងចូលរួមផ្តល់សេវាកម្មវេជ្ជសាស្ត្រក្នុងប្រទេសកម្ពុជានាពេលនេះ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាថ្ងៃនេះ។