ជប៉ុន៖ ហាក់ស្ងាត់អស់មួយរយៈធំ ជុំវិញនឹងការ Challenge បែបសប្បាយៗជាច្រើននៅលើបណ្តាញសង្គម ដូចជា ក្បាច់រាំ «Kiki Challenge» ស្ទាយ៍កូនអ្នកមានដេកផ្កាប់មុខ «Falling Stars Challenge» ក៏ដូចជា ដាក់សត្វកន្លាតលើមុខ «Cockroach Challenge» ជាដើមនោះ ស្រាប់តែថ្មីៗនេះយុវវ័យជាច្រើន បានរិះរកគំនិតថ្មីក្នុងការបង្កើត Challenge ដោយយកគ្រាប់តែគុជដាក់ក្នុងរន្ធច្រមុះវិញម្តង ដែលបាននឹងកំពុងតែល្បី និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ីនធើណែត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងប្រភពសារព័ត៌មានបានឲ្យដឹងថា ថ្មីៗនេះយុវវ័យប្រុសស្រី ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើន ក្នុងប្រទេសជប៉ុន គឺកំពុងតែនាំគ្នាលេង Challenge ដោយយកតែគុជដាក់ក្នុងរន្ធច្រមុះរបស់ពួកគេដោយមិនឲ្យជ្រុះដី និងថត Selfie បង្អួតគ្នា។
ថ្វីបើគោលបំណងក្នុងហ្គេម Challenge ថ្មីនេះ មិនទាន់ត្រូវបានគេដឹងប្រាកដនោះ ប៉ុន្តែក៏មានអ្នកខ្លះយល់ឃើញថា វាគឺជាការចង់ដឹងមួយថា តើរន្ធច្រមុះអ្នកណាតូចជាងអ្នកណា ឬក៏រន្ធច្រមុះអ្នកណាធំជាងអ្នកណាផងដែរ។ ហ្គេម Challenge ថ្មីនេះ ត្រូវបានគេឲ្យឈ្មោះថា «Boba Nostrils Challenge» ។
យ៉ាងណាមិញ ក៏មានមហាជនមួយចំនួនបានសម្ដែងការភ្ញាក់ផ្អើល ខ្លះពេញចិត្ត និងខ្លះទៀតក៏បានរិះគន់ ចំពោះ Challenge ថ្មីមួយនេះផងដែរ។ អ្នកខ្លះបានបញ្ចេញមតិថា វាមើលទៅពិតជាគួរឲ្យខ្ពើម និងគ្មានអនាម័យទាល់តែសោះ និងឆ្ងល់ទៀតថា តើបន្ទាប់ពីពួកគេដាក់ក្នុងរន្ធច្រមុះហើយនោះ តើពួកគេនឹងយកគ្រាប់តែគុជនោះមកញ៉ាំវិញ ឬយ៉ាងណា។
ឯអ្នកខ្លះទៀតបាននិយាយថា វាគឺជារឿងដ៏ខ្ជះខ្ជាយបំផុត ខណៈឯអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ក៏បានព្រមានថាវាអាចបង្កគ្រោះថ្នាក់ក្នុងការធ្វើបែបនេះ។ ព្រោះគ្រាប់តែគុជអាចនឹងជ្រុលស្អិតជាប់ក្នុងរន្ធច្រមុះ ដែលបណ្តាលឲ្យយើងថប់ដង្ហើមបាន។ ពោលគឺអាចប៉ះពាល់ដល់ផ្លូវដង្ហើម៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?