ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយមានរថយន្តស៊ីរ៉ែនរបស់សមត្ថកិច្ច បើកប្រដេញរថយន្តឆ្លាម១គ្រឿង ដែលគេស្គាល់ថា ជារថយន្តរបស់លោកគ្រូបង្រៀនវិទ្យាល័យហ៊ុន សែន ប្រសូតិម្នាក់ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយមិនព្រមឈប់ទទួលខុសត្រូវ គឺបានបន្ថែមល្បឿនបើករត់គេចពីកន្លែងកើតហេតុ ទើបត្រូវកម្លាំងបើករថយន្តស៊ីរ៉ែនដេញតាម ដើម្បីឃាត់មកទទួលខុសត្រូវ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីរាយការណ៍បន្តថា រថយន្ដដែលបើករត់គេចនោះ ម៉ាក TOYOTA CAMARY ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2G-9325 បើកបរដោយឈ្មោះអុិន សុខា ភេទប្រុស អាយុ៤៨ឆ្នាំ ជាគ្រូបង្រៀន មានទីលំនៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរពីត្បូងទៅជើង ។ ប៉ុន្តែបើតាមលោកអ៊ិន សុខា ដែលជាម្ចាស់រថយន្តបង្កបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា រូបលោកមិនមែនជាអ្នកបើកនោះទេ អ្នកបើកបរជាប្អូនថ្លៃរបស់លោក ដែលនៅខេត្តព្រៃវែង ។
ប្រភពបន្តថា រថយន្តខាងលើ ត្រូវសមត្ថកិច្ចដេញតាមពីក្រោយ ហើយជននោះក៏បានឈប់ហើយចុះពីរថយន្តរត់គេចខ្លួនបាត់តែម្តង ។ សមត្ថកិច្ចដាក់សង្ស័យថា អ្នកបើកបរស្រវឹង ពីព្រោះនៅក្នុងរថយន្តសុទ្ធតែសំបកស្រាបៀរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧ និង៥២នាទីយប់ថ្ងៃទី១៤សីហា នៅលើផ្លូវលេខ១១៤ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀងក្រុងស្វាយរៀង ។
លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូមួយគ្រឿងម៉ាកWave ពណ៌ ក្រហមពាក់ផ្លាកលេខស្វាយរៀង1F0475 បើកបរដោយឈ្មោះឈៀក ណារ៉ាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរស់នៅភូមិវាលយន្ដសង្កាត់ស្វាយរៀងក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីលិចទៅកើត (មិនពាក់មួកសុវត្ថិភាព) បុកគ្នាជាមួយរថយន្តពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បានបន្ថែមល្បឿនបើករត់គេចខ្លួនពីកន្លែងកើតហេតុទៅទិសខាងកើតរហូតដល់ឃុំសំបួរស្រុកស្វាយទាបខាងជើងខ្លោងទ្រវាវត្តតានូប្រហែល៦០០ម៉ែត្រ ទើបអ្នកបើកបរឈប់ហើយទុករថយន្ដចោលរួចរត់គេចខ្លួនបាត់ ។
ប្រភព៖ កោះសន្តិភាព