ចិន៖ បុរសជាឪពុកម្នាក់ រស់នៅក្នុងខេត្ត Henan ប្រទេសចិន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជនជាច្រើនលើបណ្តាញសង្គម បន្ទាប់ពីរូបគាត់មានគំនិតច្នៃប្រឌិត យកក្រដាសកាតុង ឬក្រដាសឡាំង ច្នៃបង្កើតជារបស់លេងជាច្រើនប្រភេទ ដើម្បីទុកឲ្យកូនស្រីរបស់គាត់លេង ព្រោះតែចង់ឲ្យនាងនៅឆ្ងាយពីទូរស័ព្ទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា បុរសជាឪពុកមិនបង្ហាញអត្តសញ្ញាណរូបនេះ ទទួលបានការគាំទ្រ ឬ Follower នៅលើគណនីសង្គមចិន ជាង ២,៣លាននាក់ឯណោះ ទៅលើស្នាដៃច្នៃបង្កើតដ៏អស្ចារ្យរបស់គាត់។ របស់របរឬប្រដាប់ប្រដាក្មេងលេងលក្ខណៈ 3D ដូចក្នុងហ្គេមពិតៗ ដែលគាត់បានច្នៃចេញពីក្រដាសកាតុង ឬក្រដាសឡាំងនោះ រួមមានដូចជា ហ្គេមសង់ផ្ទះ ហ្គេមផ្គុំរូប និងហ្គេមស្វែងរកច្រកចេញ (ឬសួនវង្វេង) ជាដើម។
ចំពោះគោលបំណងដែលរូបគាត់ បង្កើតរបស់លេងអស់ទាំងនេះឡើង ក៏ព្រោះតែគាត់មិនចង់ឲ្យកូនស្រីតូចរបស់គាត់ គិតគូរ ឬផ្តោតទៅលើការលេងទូរស័ព្ទ ក៏ដូចជាឧបករណ៍អេឡិចត្រូនិក ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់នាងនោះទេ។
បុរសជាឪពុករូបនេះថា គាត់មិនដែលទិញរបស់របរក្មេងលេង ឲ្យកូនស្រីគាត់លេងនោះឡើយ។ ព្រោះថាលោកចង់បង្កើតវាដោយខ្លួនឯង (DIY Toy) នូវលក្ខណៈរបស់លេងណាដែលមានប្រយោជន៍ ជួយដល់ការគិតរបស់កូនស្រីលោក។
ជុំវិញនឹងគំនិតច្នៃប្រឌិតទាំងនោះ ក្រោយគិតគូរយ៉ាងល្អិតល្អន់ របស់លេងខ្លះបុរសជាឪពុកខាងលើនេះ ត្រូវចំណាយពេលយ៉ាងហោចណាស់កន្លះខែ ទើបបញ្ចប់វា និងបានចេញជារូបរាង។
ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីវីដេអូឃ្លីបនៃការច្នៃប្រឌិតរបស់លេង ពីសំណាក់បុរសជាឪពុកខាងលើនេះ ត្រូវបានសាយភាយខ្លាំងពេញលើបណ្តាញសង្គមចិន ពោលគឺទទួលបានការចាប់អារម្មណ៍ និងការសរសើរជាច្រើននោះ បច្ចុប្បន្នគាត់ក៏មានគំនិត ដោយចាប់ផ្តើមធ្វើរបស់លេងទាំងនោះ ដើម្បីដាក់លក់នៅលើអនឡាញផងដែរ។
បុរសជាឪពុកដែលមានគំនិតខាងលើនេះ ចង់ធ្វើការងារច្នៃប្រឌិតមួយនេះ ឲ្យក្លាយទៅជាអាជីពមួយ និងមានការរីកចម្រើននៅថ្ងៃមុខ។ លោកក៏សង្ឃឹមដែរថា ឪពុកម្តាយគ្រប់រូបនឹងពេញចិត្តនូវរបស់អស់ទាំងនេះ ក៏ដូចជាចំណាយពេលលេងជាមួយនឹងកូនៗរបស់ពួកគេផងដែរ។
***វាប្រសើរដែលឲ្យកូនៗរបស់អ្នកលេងតែឧបករណ៍អេឡិចត្រូនិក ឬទូរស័ព្ទ ដែលងាយនឹងរងគ្រោះថ្នាក់ដល់សុខភាព (ភ្នែក) របស់ពួកគេ៕
ទស្សនាវីដេអូខាងក្រោម៖