តាមការឲ្យដឹងរបស់តម្រាសៀវភៅ “បឹងអតីត” ដែលជាស្នាដៃអ្នកនិពន្ធវ័យក្មេងនោះ
កំពុងមានទីផ្សារខ្ពស់លើសការរំពឹងទុក។
កញ្ញា ទូច បុប្ផា នាយិកាតម្រាឲ្យដឹងព្រឹកមិញថា តាមពិតពេលសៀវភៅចេញ Trailer ដំបូងហាក់នៅស្ងាត់ តែបន្ទាប់មកមានការកុម្ម៉ង់ទិញរហ័ស ដែលជាចំណុចវិជ្ជមានគួរឲ្យចាប់អារម្មណ៍មួយ។
កញ្ញាឲ្យដឹងដូច្នេះថា៖
“ដោយសារកម្សួលនៃការលក់សៀវភៅ «ពេលវេលា» នៅបន្ត អ៊ីចឹងដំបូងៗយើងបារម្ភពីបឹងអតីតដែរ ប៉ុន្តែក្រោយមកឃើញចរាចរបានល្អមិនចាញ់ស្នាដៃអ្នកនិពន្ធជើងចាស់ឡើយ។ នេះជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់តម្រា ដែលបានរួមចំណែកក្នុងការបំផុសស្នាដៃយុវវ័យអ្នកតែងនិពន្ធថ្មី ឲ្យលេចឡើងជាបន្តបន្ទាប់”។

លោក ប៉ ឡេង ម្ចាស់បណ្ណាគារឥន្ទ្រទេវី ខេត្តបាត់ដំបង បានឲ្យដឹងដែរថា
លោកបានបញ្ជាទិញសៀវភៅ “បឹងអតីត” ជាបន្តបន្ទាប់ ដោយសារលោកយល់ថា
វាជាពេលសមគួរដែលបណ្ណាគារនានាគួបោះដៃជួយវិស័យនេះ ឲ្យមានឥទ្ធិពលថែមឡើងក្នុងចំណោមយុវវ័យខ្មែរ។
លោកជឿជាក់ថា៖
“គ្រប់អ្នកនិពន្ធមិនថាចាស់ថ្មី តែងតែធ្វើការយ៉ាងសកម្មក្នុងការតាក់តែងស្នាដៃរបស់ខ្លួន គឺគាត់លះបង់ និងព្យាយាម ចំណែកយើងគ្រាន់តែយកមកលក់បន្ត និងអានវា។ យើងអាចរួមចំណែកជួយបានដោយមិនសោកស្តាយអ្វីទាងអស់”។
កញ្ញា ស៊ុយ ស្រីនិច ម្ចាស់ហាងលក់សៀវភៅអនឡាញ Grey Universe ដែលបានលក់ បឹងអតីត
អស់ ១០០ ក្បាលត្រឹមបីថ្ងៃ បានអះអាងដោយមោទនភាពថា នេះជាការទទួលយកហានិភ័យមួយដែលកញ្ញាសម្រេចចិត្តធ្វើ
ព្រោះជឿជាក់លើតម្រា។
កញ្ញាប្រាប់ដូច្នេះថា៖
“ពីដំបូងខ្ញុំហ៊ានកុម្ម៉ង់តែ ៥០ ក្បាលទេ បង លី សុផាត បណ្ណារក្សនៅតម្រា គាត់លើកទឹកចិត្តថាទិញយក ១០០ ទៅអត់អីទេ តម្រាធ្វើទីផ្សារច្បាស់លាស់ត្រឹមត្រូវចំគោលដៅ ខ្ញុំនៅតែមិនហ៊ាន ព្រោះអីយើងគ្មានលុយទេ លក់សៀវភៅរយក្បាល យើងហ៊ានតែជាមួយអ្នកនិពន្ធល្បីៗ។ក្រោយមកអ្នកគ្រូ ម៉ីសន សុធារី ក៏ជួយនិយាយទៀតថា រឿង បឹងអតីត ត្បិតតែអ្នកនិពន្ធមិនមានស្នាដៃកន្លងមកច្រើន តែការរចនារឿងមានគន្លាក់ល្អ សាច់រឿងណែន ហើយភាសាយុវវ័យ ខ្ញុំក៏សាកយកមក ១០០ ដឹងអីពីរថ្ងៃសោះ អស់ ៧០ ក្បាល ខ្ញុំក៏ទៅយក ៥០ មកទៀត ខ្ញុំគិតថា អ្នកអានជាច្រើនគេទុកចិត្តតម្រាលើគុណភាព គុណតម្លៃ និងការធានា”។
រឿង “បឹងអតីត” និពន្ធដោយលោក ឆោម សុពៅ និង ស៊ុយ លីនប៉ាវ ដែលបានការគាំទ្រពេញទំហឹងពីសារព័ត៌មានខ្មែរឡូតជាដៃគូផ្សព្វផ្សាយ និងបោះពុម្ពរក្សាសិទ្ធិគ្រប់យ៉ាងដោយតម្រា៕
