កែប៖ ស្នងការ នគរបាលខេត្តកែប លោកឧត្តមសេនីយ៍ អ៊ីង សំអុល បានថ្លែងឲ្យដឹងថា មនុស្សចំនួន ១២នាក់ រួមមាន តំណាង សណ្ឋាគារ Rock Royal អ្នកមើលការខុសត្រូវ អាង ហែលទឹក និងបុគ្គលិក សណ្ឋាគារត្រូវ បាននគរបាល របស់លោក ហៅមកសួរនាំ តាំងយប់ កើតហេតុ និងរហូត មកដល់ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ជុំវិញករណី ក្មេងប្រុស និងយុវជនវ័យ ជំទង់ ២នាក់ បានលង់ ទឹកស្លាប់ នៅក្នុង អាងហែលទឹក របស់សណ្ឋាគារ ខាងលើ

លោក ឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយមាន ករណីនេះ កើតឡើងរួចមក គណៈកម្មាការ ចំរុះ មួយដែល មានអភិបាល រងខេត្តម្នាក់ ជាប្រធាន ត្រូវបាន បង្កើតឡើងដើម្បី ធ្វើការ ស្រាវជ្រាវ ចំពោះ ឧបត្តិហេតុនេះ តើជាការធ្វេស ប្រហែល របស់ម្ចាស់ សណ្ឋាគារ ឫយ៉ាងណានោះ? លោកស្នងការ បានបន្តទៀតថា ក្រោយបញ្ចប់ ការសួរនាំ បញ្ហានេះ នឹងត្រូវដាក់ជូន ទៅអភិបាលខេត្ត និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត សុំគោលការណ៍ សំរេចជាចុងក្រោយ។

បើស្នងការ លោកឧត្តមសេនីយ៍ អ៊ីង សំអុល «ក្រោយពេល កើតហេតុភ្លាមៗ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ នៅព្រឹក ថ្ងៃទី១៦ ខែមេសា នៅល្ងាចថ្ងៃទី១៦ និងនៅ ព្រឹកថ្ងៃទី១៧ ខែមេសា មនុស្សចំនួន ១២នាក់ រួមមាន តំណាង សណ្ឋាគារ អ្នកមើលការ នៅអាងហែលទឹក និងបុគ្គលិក ត្រូវ បានហៅមកសួរនាំ តែពួកគេត្រូវ បានឲ្យត្រឡប់ ទៅវិញហើយនៅ ព្រឹកថ្ងៃ ដដែលនេះ»។

ក្រោយការ បញ្ចប់ការសួរនាំរួច មកនោះ លោកស្នងការបានអះអាង ចំពោះក្មេងប្រុស រងគ្រោះ ដែលលង់ ទឹកស្លាប់នោះ គឺមុន ពេលកើតហេតុ ជនរងគ្រោះ បានងូតនៅក្នុងអាង ហែលទឹក របស់ក្មេងៗ តែរួចមកនោះ ស្រាប់តែចុះទៅ លេងនៅក្នុង អាងហែលទឹកមនុស្សជំទង់ ក៏លង់តែម្តង។

ដោយឡែក ចំពោះ យុវជនជំទង់នោះ គឺមុនពេលកើតហេតុ ជនរងគ្រោះ កំពុង អង្គុយមាត់អាងទឹក ដើម្បីស្រូបយកខ្យល់អាកាសធាតុ អម ជាមួយនឹងការហូបស្រាក្រហម តែពេលនោះ បានចុះងូតទឹក ចុះឡើងៗ លុះមួយ សន្ទុះក្រោយមក ក៏បាត់ឈឹង ធ្វើឲ្យ មានការ ភ្ញាក់ផ្អើល និងស្លាប់តែម្តង។

យ៉ាងណាក៏ដោយ រហូតមកដល់ព្រឹកថ្ងៃដដែលនេះ អាងហែលទឹក របស់ សណ្ឋាគារ Rock Royal នៅបន្តបិទ ជាបណ្តោះអាសន្ន នៅឡើយទេ ដោយរង់ចំា ការសម្រេច ចុងក្រោយ របស់អភិបាល ខេត្ត និងព្រះរាជអាជ្ញា ទើបដឹង លទ្ធផលជា ផ្លូវការ តើគួរឲ្យបើកវិញ ឫបន្ត បិទរហូតនោះ?

សូមបញ្ជាក់ថា កាលពីល្ងាច និងយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ មានករណីលង់ទឹកស្លាប់ មនុស្សចំនួន ២នាក់ នៅអាងហែលទឹក របស់សណ្ឋាគារ Rock Royal ក្នុងនោះ ម្នាក់ជា ក្មេងប្រុស អាយុ៦ឆ្នាំ រស់នៅភូមិ សំណង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងម្នាក់ទៀត ជាក្មេង ប្រុសជំទង់ អាយុ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងជាចៅ ថ្នាក់ រដ្ឋលេខាធិការ ក្រសួងម្នាក់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]