ម៉ាឡេស៊ី៖ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី បានចេញមុខច្រានចោល ទាំងស្រុង នូវព័ត៌មានស្តីពី ការបង្ខំចុះចត ជាបន្ទាន់ របស់ជើងហោះហើរ MH131 ផ្ទុកអ្នកដំណើរ ១៧១ នាក់ និង បុគ្គលិក ១១ នាក់ នៅប្រទេសអាយឡែន ខណៈពេល កំពុងហោះហើរ ចេញពីទីក្រុងបារីស របស់បារាំង ឆ្ពោះទៅកាន់ ទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក នោះ។

ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបង្ហាញយ៉ាងច្បាស់ថា “ក្រុមហ៊ុនអាកាសចរណ៍ពួកយើង មានជើងហោះហើរត្រង់ ទៅវិញទៅមក រវាង ទីក្រុងកូឡាឡាំពួរ និងទីក្រុងបារីស តែប៉ុណ្ណោះ ពោលគឺមិនមាន ជើងហោះហើរត្រង់ ទៅទីក្រុង ញូវយ៉កតែម្តងនោះទេ។ ជាងនេះទៅទៀតនោះ គឺរាល់ជើងហោះហើរ ខាងលើ គឺក្រុមហ៊ុនប្រើប្រាស់ តែប្រភេទយន្តហោះ អ៊ែរប៊ឺស A380 តែប៉ុណ្ណោះ ដូចនេះ ព័ត៌មានដែលគេហទំព័រ World News Daily Report ចុះផ្សាយពាក់ព័ន្ធនឹង ប្រភេទយន្តហោះ Boeing 777-200ER នោះ គឺមិនពិតទេ”។

                                [ប្រភេទយន្តហោះ អ៊ែរប៊ឺស A380]

ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី បានបន្តទៀតថា លេខកូដ MH131 គឺត្រូវបានប្រើប្រាស់ តែចំពោះជើងហោះហើរ រវាងទីក្រុងកូឡាឡាំពួរ និងទីក្រុង Auckland ប្រទេសញូវហ្សីឡែន តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី បានស្នើឲ្យសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ឲ្យចាត់វិធានការ បិទគេហទំព័រ World News Daily Report ខាងលើ និងទទួលខុសត្រូវ ចំពោះអ្វី ដែលគេហទំព័រមួយនេះ បានចុះផ្សាយផងដែរ៕

ប្រភព៖ Channel News Asia

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]