យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា ធនាគារពិភពលោក បានប្រកាសផ្តល់ជំនួយ ចំនួន២០០លានដុល្លារ ក្នុងការសង្គ្រោះបន្ទាន់ នៅក្នុងប្រទេសអាហ្វ្រិកខាងលិច ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ជាមួយនឹងមេរោគ អេបូឡា (Ebola) ដែលកំពុងតែកើតមានឡើង និងសម្លាប់មនុស្ស អស់ជាច្រើននាក់ នាពេលកន្លងមកនេះ។

ប្រភពដដែលបានបន្តទៀតថា ជំនួយចំនួន២០០លានដុល្លារនេះ នឹងត្រូវចែកចាយ ទៅឲ្យរដ្ឋាភិបាល នៃប្រទេស Liberia ប្រទេស Sierra Leone និងប្រទេស Guinea រួមទាំងអង្គការសុខភាព ពិភពលោក World Health Organization (WHO) ផងដែរ។

បើយោងតាមរបាយការណ៏ ពីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា អាត្រាចំនួនមនុស្សស្លាប់ ដោយសារតែមេរោគ អេបូឡា នេះ បានកើនឡើងដល់ទៅ ៨៨៧នាក់ហើយ។ សេចក្តីប្រកាសមួយ របស់ធនាគារពិភពលោក បានឲ្យដឹងថា មេដឹកនាំ នៅក្នុងប្រទេសអាហ្វ្រិក ក្នុងនោះរួមមាន ប្រធានាធិបតី ចំនួន៣៥រូប បានមកជួបជុំពិភាក្សាគ្នា ពីបញ្ហាមេរោក អេបូឡា នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។

លោក Jim Yong Kim ប្រធានធនាគារពិភពលោក បានថ្លែងឲ្យដឹងថា អ្នកជំនាញស្តីពីជំងឺឆ្លង កំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាលដាល នៃមេរោគអេបូឡា និងរបៀបដែលវាវាយលុក ទៅក្នុងប្រទេសចំនួន៣នោះ (ប្រទេស Liberia, ប្រទេស Sierra Leone និងប្រទេស Guinea) ខណៈជីវិតមនុស្សជាច្រើន កំពុងប្រឈមមុខ នឹងមេរោគឆ្លងមួយនេះ លុះត្រាតែយើង អាចបញ្ឈប់វាបាន។

លោក Paul Blake អ្នករាយការណ៏របស់កាសែត BBC នៅក្នុងទីក្រុង វ៉ាស៊ីនតោន បានឲ្យដឹងថា នៅក្នុងរយៈពេលខ្លីនេះ ថវិការដែលទទួលបាន នឹងត្រូវចំណាយទៅលើ បុគ្គលិកសុខាភិបាល, លុបបំបាត់ពាក្យចចាមអារាម អំពីជំងឺនៅក្នុងសហគមន៏មូលដ្ឋាន និងសម្រាប់ដោះស្រាយ ទៅលើតម្រូវការបន្ទាន់ នៃការអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យ។ ចំនែកឯក្នុងរយៈពេលវែងវិញ លោក Paul Blake បានប្រាប់ឲ្យដឹងដែរថា ថវិការដែលទទួលបាន នឹងប្រើសម្រាប់ជួយដល់ បណ្តាប្រទេសនានា ដែលជួបបញ្ហាសេដ្ឋកិច្ច ដោយសារតែ ការរីករាលដាល នៃមេរោគដ៏កាចសាហាវ អេបូឡា នេះ។

យ៉ាងណាមិញ ជំនួយជាថវិការ ចំនួន២០០លានដុល្លារនេះ នឹងបានទៅដល់ នៅដើមសប្តាហ៏នេះ ប៉ុន្តែត្រូវរង់ចាំការអនុម័ត ពីក្រុមប្រឹក្សាភិបាល របស់ធនាគារពិភពលោកសិន។

គួររំលឹកផងដែរថា មេរោគមរណៈនេះ អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតបាន តាមរយៈការប៉ះពាល់ ឈាម កំអួត និងលាមក របស់អ្នកជំងឺ ហើយរោគសញ្ញា ដំបូងរបស់វាគឺ គ្រុនក្តៅ ឈឺក្បាល ក្អួត និង រាក ជាដើម ហើយក្រោយមកទៀត អ្នកជំងឺ នឹងចាប់ផ្តើមពិបាកដកដង្ហើម ពិបាកក្នុងការលេបអាហារ ព្រមទាំងចេញឈាមតាមមាត់ និងត្រចៀក ជាដើម៕

បុគ្គលិកសុខាភិបាល ត្រូវពាក់ឯកសណ្ឋាន ដើម្បីការពារកុំឲ្យឆ្លង មេរោគ អេបូឡា

ក៏មានការតវ៉ាប្រឆាំងមួយ ចំពោះច្បាប់ដែលបានចេញ នៅក្នុងប្រទេស Liberia "អ្នកកើតជំងឺអេបូឡា គួរតែកប់ទាំងរស់"

ចំនែកឯប្រលានយន្តហោះ នៅក្នុងប្រទេស Nigeria នេះវិញ ត្រូវបានពិនិត្យ យ៉ាងហ្មត់ចត់ ទៅលើអ្នកដំណើរ ដើម្បីបញ្ជាក់ថា មានជំងឺអេបូឡា ឬក៏អត់

- រោគសញ្ញារួមមាន គ្រុនក្តៅខ្លាំង ហូរឈាម និងខូចប្រព័ន្ធប្រសាទកណ្តាល
- អត្រាស្លាប់អាចកើនដល់ ៩០%
- រយៈពេលនៃការឆ្លងរោគ គឺចាប់ពី២ ទៅ ២១ថ្ងៃ
- មិនមានវ៉ាក់សាំង ឬថ្នាំព្យាបាលឡើយ

ប្រភព ៖ BBC

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]