ទោះបីជាមានការខិតខំប្រឹងប្រែង ដោយមានប្រត្តិបត្តិការណ៏រុករក ពីយន្តហោះចំនួន៣៤គ្រឿង កប៉ាល់ចំនួន៤០គ្រឿង និងក្រុមការងារ ដែលមកពីប្រទេសចំនួន៨ ដើម្បីស្វែងរកយន្តហោះ របស់ក្រុមហ៊ុន Malaysia Airline ប្រភេទ Boeing 777 ដែលបានបាត់ខ្លួន អស់រយៈពេល២ថ្ងៃមកហើយក៏ដោយ ក៏នៅតែមិនទាន់អាចរកឃើញ យន្តហោះនោះនៅឡើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ Malaysian Airlines ម៉ាក Boeing 777 ដែលផ្ទុកអ្នកដំណើរ ចំនួន២៣៩នាក់ ធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពី វេលាម៉ោង ១២ និង ៤១នាទីរំលងអាធ្រាត ឈានចូលថ្ងៃ សៅរ៍ ទី០៨ ខែមីនា ឆ្នាំ ២០១៤ បានបាត់ខ្លួន និងដាច់ទំនាក់ទំនង ខណៈហោះរំលងកោះភូគុក ក្នុងប្រទេសវៀតណាម។

យន្តហោះ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ដែលបានបាត់ខ្លួន និងដាច់ទំនាក់ទំនងនោះ បានដឹកអ្នកដំណើរ ជាជនជាតិចិនចំនួន១៥៣នាក់ ម៉ាឡេស៊ី៣៨នាក់ ឥណ្ឌូនេស៊ី១២នាក់ អូស្ត្រាលី៧នាក់ បារាំង៣នាក់ អាមេរិក៤នាក់ ញ៊ូហ្សេឡែន២នាក់ កាណាដាម្នាក់ និងអ៊ុយគ្រែនម្នាក់ រុស្ស៊ីម្នាក់ អ៊ីតាលីម្នាក់ តៃវ៉ាន់ម្នាក់ ហូឡង់ម្នាក់ និងអូទ្រីសម្នាក់។

លោក Azharuddin Abdul Rahman អគ្គនាយក នៃនាយកដ្ឋានអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី បានថ្លែងនៅថ្ងៃច័ន្ទនេះថា "ជាអកុសលណាស់ ចំពោះអស់លោកលោកស្រី ដោយសារតែយើង មិនបានរកឃើញ អ្វីដែលទំនងជាវត្ថុ ឬតំរុយ ពីយន្ដហោះនោះឡើយ”។ ទោះបីជាយ៉ាងណាក៏ដោយ លោក Rahman បានបន្ថែមទៀតថា “ទ្វារយន្តហោះមួយ ត្រូវបានរកឃើញ ប៉ុន្តែនេះជារបាយការណ៏ ដែលមិនទាន់បញ្ជាក់ជាផ្លូវការមួយ ដែលទទួលបានពីអាជ្ញាធរ នៃប្រទេសវៀតណាម”។

លោក Rahman ក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា “មានរបាយការណ៏ផ្សេងទៀត បាននិយាយថា គេបានរកឃើញកន្ទុយយន្តហោះ ដែលនេះគឺជារឿងមិនពិតមួយ”។

គួរបញ្ជាក់ផងដែរថា អ្វីដែលនាំឲ្យមានការស៊ើបអង្កេតនៅពេលនេះ គឺមានតែប្រេង ដែលត្រូវបានគេរកឃើញ នៅចម្ងាយ ៩០ម៉ាយ ពីភាគខាងត្បូងនៃកោះ ថូកចឺ របស់ប្រទេសវៀតណាម ដែលស្ថិតក្នុងឈូងសមុទ្រ នៃប្រទេសថៃ។ ប្រេងដែលត្រូវបានគេរកឃើញនេះ គឺលាតសន្ធឹងចម្ងាយពី៦ ទៅ៩ម៉ាយ ហើយបាននិងកំពុងយកទៅពិសោធន៏។

យ៉ាងណាមិញ មិនមានសញ្ញាអាសន្នណាមួយ ត្រូវបានរកឃើញឡើយ ខណៈក្រុមគ្រួសារនៃអ្នកដំណើរ នៅលើយន្តហោះ Boeing 777 នោះ ប្រហែលជានឹងត្រូវទទួលបានដំណឹងអាក្រក់៕





សាច់ញាត្តិរបស់អ្នកដំណើរជនជាតិចិន ស្រែកយំនៅក្នុងអាកាសយន្តដ្ឋាន នៃទីក្រុងប៉េកាំង ប្រទេសចិន



យន្តហោះ Being 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ដែលបានបាត់ខ្លួន

ប្រភព ៖ CNN

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]