យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ Malaysian Airlines ម៉ាក Boeing 777 ដែលផ្ទុកអ្នកដំណើរ ចំនួន២៣៩នាក់ ធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពី វេលាម៉ោង ១២ និង ៤១នាទីរំលងអាធ្រាត ឈានចូលថ្ងៃ សៅរ៍ ទី០៨ ខែមីនា ឆ្នាំ ២០១៤ បានបាត់ខ្លួន និងដាច់ទំនាក់ទំនង ខណៈហោះរំលងកោះភូគុក ក្នុងប្រទេសវៀតណាម។ 

ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines បានប្រកាសជាផ្លូវការ ពីការខ្វល់ខ្វាយ និងព្រួយបារម្ភ ពីសុវត្ថិភាពអ្នកដំណើរយ៉ាងខ្លាំង បន្ទាប់ពីយន្តហោះម៉ាក Boeing 777 បានបាត់ខ្លួន និងដាច់ទំនាក់ទំនង ខណៈហោះរំលងកោះភូគុក ក្នុងប្រទេសវៀតណាម ដែលក្នុងនោះមានអ្នកដំណើរ ជនជាតិអាមេរិក អូស្ត្រាលី បារាំង និងចិន សរុបចំនួន២៣៩នាក់។

ជាមួយគ្នានេះដែរ សាច់ញាត្តិនៃអ្នកដំណើរជនជាតិចិន ដែលកំពុងស្ថិតនៅលើយន្តហោះ Boeing 777 នោះ បាននាំគ្នាស្រែកយំ នៅក្នុងអាកាសយានដ្ឋាន នៃទីក្រុងប៉េកាំង ខណៈព័ត៌មានបានផ្តល់មកថា យន្តហោះ Boeing 777 នោះ ប្រហែលជាជួបគ្រោះថ្នាក់។

បើតាមរបាយការណ៏មិនទាន់ជាក់លាក់មួយ ស្តីពីការតាមដានជើងហោះហើរ របស់យន្តហោះ Boeing 777 បានឲ្យដឹងថា មុខពេលយន្តហោះ Boeing 777 បាត់ខ្លួន និងដាច់ទំនាក់ទំនងនោះ យន្តហោះនេះបានធ្លាក់ចុះ កំពស់ជិត២០០ម៉ែត្រ  ហើយល្បឿននៃយន្តហោះ ត្រូវបានធ្លាក់ចុះ ក្នុងរយៈពេលដ៏ខ្លីមួយ។

ទោះបីជាយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines បានថ្លែងក្នុងសេចក្តីថ្លែងការមួយ ឲ្យដឹងថា “អ្នកដំណើរលើយន្តហោះ Boeing 777 ក្នុងនោះរួមមាន ទារកចំនួន២នាក់ និងក្រុមការងារ១២នាក់។ ក្រុមហ៊ុនកំពុងសហការណ៍ ជាអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងតំបន់ ដើម្បីស្វែងរក និងជួយសង្គ្រោះ អ្នកដំណើរទាំងនោះ។

គួរបញ្ជាក់ផងដែរថា យន្តហោះ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ដែលបានបាត់ខ្លួន និងដាច់ទំនាក់ទំនងនោះ បានដឹកអ្នកដំណើរ ជាជនជាតិចិនចំនួន១៥៣នាក់ ម៉ាឡេស៊ី៣៨នាក់ ឥណ្ឌូនេស៊ី១២នាក់ អូស្ត្រាលី៧នាក់ បារាំង៣នាក់ អាមេរិក៤នាក់ ញ៊ូហ្សេឡែន២នាក់ កាណាដាម្នាក់ និងអ៊ុយគ្រែនម្នាក់ រុស្ស៊ីម្នាក់ អ៊ីតាលីម្នាក់ តៃវ៉ាន់ម្នាក់ ហូឡង់ម្នាក់ និងអូទ្រីសម្នាក់។

យ៉ាងណាមិញ យន្តហោះ Boeing 777 នោះ ត្រូវចុះចតនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅម៉ោង ៦និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ ប៉ុន្តែរហូតដល់ម៉ោង ៧និង៥៤នាទីព្រឹក ទើបក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines បានប្រកាសជាផ្លូវការថា យន្តហោះបានបាត់ខ្លួន និងដាច់ទំនាក់ទំនង។

ចំនែកឯកងទ័ពជើងទឹក របស់ប្រទេសវៀតណាម បានបញ្ជាក់ថា យន្តហោះ Boeing 777 ដែលបានបាត់ខ្លួននោះ បានបន្លឺសញ្ញាអាសន្នរបស់យន្តហោះ ក្រោយពីបានធ្លាក់ចូលទៅក្នុងសមុទ្រមួយ ដែលស្ថិតពីភាគខាងត្បូង នៃកោះភូគុក ប្រទេសវៀតណាម ចំងាយ ជាង២០០គ.ម





សាច់ញាត្តិរបស់អ្នកដំណើរជនជាតិចិន ស្រែកយំនៅក្នុងអាកាសយន្តដ្ឋាន នៃទីក្រុងប៉េកាំង ប្រទេសចិន



យន្តហោះ Being 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ដែលបានបាត់ខ្លួន

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]