ស្រីៗ​ពិបាក​ណាស់ឲ្យ​តែ​ជិត​ដល់​ថ្ងៃ​ខែ​ម្តងៗឈឺ​ចុក​ចាប់​ខ្លាំង ពិសេស​ក្រោម​ពោះ​។ ខ្លះ​ដល់​ថ្នាក់​ប្រើ​ថ្នាំ​បំបាត់​ឈឺការ​ឈឺចាប់ ​បើចៀសបាន​ចៀស​ទៅ។ “Hello គ្រូពេទ្យ” ប្រាប់​តិចនិក​ យ៉ូហ្កា ងាយៗ​ប៉ុន្មាន​ក្បាច់​នេះដោះស្រាយ​បញ្ហា​នេះ។

១- ក្បាច់​លុតជង្គង់​ឱន​សណ្តូក​ទៅ​មុខ (Wild Child’s Pose)

ក្បាច់យ៉ូហ្កាមួយ​នេះ ល្អ​បំផុត​សម្រាប់​សង្កត់​ដល់​ផ្នែក​ខាង​ក្រោម​ខ្នង។ លុតជង្គង់​លើ​កម្រាល ហើយ​កន្ធែក​ចេញ​ឲ្យ​ល្មម​ស្រួល​ខ្លួន ឱន​ខ្លួន​ទៅ​មុខ​ម្តង​បន្តិចៗ រហូត​ប៉ះ​ជា​មួយ​កម្រាល ហើយ​ព្យាយាម​ប្រើ​ចុង​ម្រាម​ដៃ​ប៉ះ​អ្វីនៅ​​ឆ្ងាយ​តាម​អាច​ធ្វើ​ទៅ​បាន។ ងាក​ក្បាល​ទៅ​ម្ខាង​ ហើយសម្រាកដោយ​ដក​ដង្ហើម​វែងៗ ៥ ​ដង បន្ទាប់​មក​ត្រឡប់​ទៅ​ម្ខាង​ទៀត និង​សម្រួល​ឥរិយាបថ ​ដោយ​ដក​ដង្ហើយ​វែងៗ ៥ ដង​ទៀត។ អាច​ធ្វើ​ក្បាច់​នេះ​ប៉ុន្មាន​ដង​ក៏​បាន តាម​យើង​ចូល​ចិត្ត។

២- ក្បាច់​ផ្គុំ​បាត​ជើង​ចូល​គ្នា (Bound Angle Pose)

អង្គុយ​សណ្តូក​ជើង​ត្រង់​ទៅ​មុខ បន្ទាប់​មក​បត់​ជង្គង់​ដោយ​យក​កែង​ជើង​ទល់​គ្នា ទាញ​វា​មក​ជិត​ថ្ងាស​ក្រោម​ផ្ចិត តាម​អាច​ធ្វើ​បាន។ ក្តោប​ម្រាម​ជើង​ដោយ​មេដៃ និង​ម្រាម​កណ្ដាល។ អង្គុយ​បែប​នេះ ១-៥ នាទី​តាម​យើង​ពេញ​ចិត្ត ប៉ុន្តែ​ចាំ​ថា ត្រូវ​តែ​ដក​ដង្ហើម​ចេញ​ចូល​ឲ្យ​វែងៗ។ បន្ទាប់​ពី​ធ្វើ​ម្តង​ហើយ​ម្តង​ៗ បាន ២-៣ ដង​រួច​មក ត្រូវ​លើក​ជង្គង់​ឡើង និង​សម្រួល​ជើង​ទៅ​កន្លែង​ធម្មតា​វិញ។

៣- ក្បាច់​ពត់​ខ្លួន​ទៅ​ក្រោយ (Camel Pose)

ត្រូវ​លុត​ជង្គង់​ និង​បញ្ឈរ​ខ្លួន​ឲ្យ​ត្រង់​ទៅ​លើ ហើយ​ពើង​បន្តិច។ ចន្លោះ​រវាង​ជង្គង់​ទាំងពីរ គួរ​​ស្មើ​ទំហំ​ចង្កេះ ស្មង​ជើង​ត្រូវ​ស្មើ​នឹង​កម្រាល ទប់​លំនឹង ដក​ដង្ហើម​វែងៗ ពើង​ទ្រូង​ទៅ​លើ ហើយ​ដាក់​ដៃ​ទៅ​ក្រោយ​ត្រគាក ដក​ដង្ហើម​ចេញ​ចូល​មួយៗ អំឡុង​ពេល​ដែល​​ខ្លួន​យើង​កំពុង​ពន្យឺត​ផ្នែក​ខាង​មុខ។

ជំហាន​បន្ទាប់ ​ប្រហែល​ជា​ពិបាក​បន្តិច​សម្រាប់​យើង ព្រោះ​ត្រុវបត់​បែន។ ដក​ដៃ​ចេញ​ពី​ត្រគាក ហើយ​ដាក់​ឲ្យ​ដល់​កែង​ជើង តែ​បន្ត​ព្យាយាម​ធ្វើ​ក្បាល​ពោះ​នៅ​ត្រង់ ខណៈ​សាច់​ដុំ​ក្បាល​ពោះ​ត្រូវ​មាន​លំនឹង។ ងើយ​ក្បាល​មើល​ទៅ​លើ រួច​ចាប់​ផ្តើម​ដក​ដង្ហើម ធ្វើ​បែប​នេះ​ប្រហែល ៣០-៦០ វិនាទី​ម្តង ធ្វើ​តាម​អាច​ធ្វើ​ទៅ​បាន និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​រាល់​ថ្ងៃ បែប​នេះ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​បង្កើន​សមត្ថភាព​សាច់​ដុំ។

៤- ក្បាច់​អង្គុយ​ចោង​ហោង​ទប់​លំនឹង (Moose Pose)

អង្គុយ​ចោង​ហោង (Full Squad) ដោយ​ប្រអប់​ជើង​នៅ​ជិត​គ្នា ហើយ​ពិបាកទប់​លំនឹង អាច​សម្រួល​សាច់​ដុំពោះ​បន្តិច ​ដាក់​ភួយ​ទ្រាប់​ក្រោម​កែង​ជើង​ដើម្បី​មាន​លំនឹង។ ងាក​ខ្លួន​ទៅ​ស្តាំ យក​ដៃ​ចាប់​ជើង​យើង​ពី​ក្រោយ​ខ្នង​ឲ្យ​ជាប់។ ដក​ដង្ហើម​ចេញ-ចូល ធ្វើ​បែប​នេះ​ប្រមាណ ៣០-៦០ វិនាទី បន្ទាប់​មក​ប្តូរ​ទៅ​ម្ខាង​ទៀត។ ក្បាច់​នេះ អាច​ជួយ​ស្មា និង​ខ្នង​តឹង​ណែន​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]