ភ្នំពេញ៖ ថ្មីនេះៗ​ស្ត្រី​ពពោះ​ជិត​សម្រាល​ម្នាក់​បាន​ស្លាប់​ទាំង​ម្តាយទាំងកូន​​យ៉ាង​អាណោចអាធ័ម ដោយសារ​តែ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ខ្លាំង​ពេក បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​មិន​ទាន់​ពេល។

ហេតុអ្វី​បាន​ឡើង​ឈាម​អាច​សម្លាប់​ទាំង​កូន​ទាំង​ម្តាយ? តើត្រូវ​ធ្វើ​ដូចម្តេច​បើ​ម៉ាក់ៗ​មាន​ជំងឺ​លើសឈាម?​

ការ​លើស​សម្ពាធ​ឈាម​ខ្ពស់​អំឡុង​ពេល​ពពោះ ដែល​គេ​តែង​ចំណាំ​ហៅ​ថា ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡា​ភ្លើង​នោះ បណ្តាល​ម៉ាក់ៗ​លើស​ជាតិប្រូតេអ៊ីន (មាន​ជាតិ​ប្រៃ​ក្នុង​ទឹក​នោម) ឬ​ក៏​ម៉ាក់ៗ​មាន​ជំងឺ​លើស​ឈាម​ស្រាប់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡា​ភ្លើង​​ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​គភ៌​អាយុចាប់ពី ២០ សប្តាហ៍​ឡើង​ទៅ និង​ច្រើន​កើត​លើស្រីៗ​ដែល​ធាត់ខ្លាំង ចូលចិត្ត​ញ៉ាំ​ប្រៃ-សាច់​ច្រើន ធ្លាប់​មាន​ជំងឺ​ក្រឡា​ភ្លើង​ពី​មុន​មក ស្រីៗ​ពពោះ​កូនភ្លោះ មាន​ជំងឺ​លើស​ឈាម មាន​បញ្ហា​តម្រងនោម ស្រីៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម។

១- រោគសញ្ញាជំងឺ​ក្រឡា​ភ្លើង-ក្រឡាភ្លើង
– ស្រវាំង​ភ្នែក
– ឈឺក្បាល​ខ្លាំង
– ឈឺ​ចុង​ដង្ហើម និង​ឆ្អឹងជំនី
– ក្អួតចង្អោរ
– ចុកពោះ
– ហើមដៃជើង មុខ ឬ​ហើម​ពេញ​ទាំងខ្លួន
– ប្រកាច់។
២- ផល​ប៉ះពាល់​នៃ​ជំងឺ​ក្រឡា​ភ្លើង-ក្រឡាភ្លើង 
ម៉ាក់ៗ​កើត​ជំងឺ​បម្រុងក្រឡាភ្លើង – ក្រឡាភ្លើង​មិន​ត្រឹម​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង​នោះ​ទេ កូន​ក្នុង​ពោះ​ក៏​គ្រោះថ្នាក់​ដូចគ្នា។ ស្រីៗ​មាន​ផ្ទៃពោះ​អាច​ខូច​តម្រង​នោម មុខងារ​ថ្លើម​ថយ​ចុះ គ្រប់ឈាម (ប្លាកែតធ្លាក់ចុះ) ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល បែក​គ្រាប់ឈាម​ប្រកាច់ ឬ​ស្លាប់​ភ្លាមៗទាំងម្តាយ និងកូន បើសិន​ជា​ទៅ​ជួប​គ្រូពេទ្យ​​មិន​ទាន់​ពេល។ ចំណែក​កូន​ក្នុង​ពោះ​វិញ​អាច​លូតលាស់​ខុស​ប្រក្រតី មាន​បញ្ហា​ផ្លូវដង្ហើម កើត​មិន​គ្រប់ខែ ឬ​ស្លាប់​ក្នុង​ពោះ។
៣- វិធីការពារជំងឺ​ក្រឡា​ភ្លើង-ក្រឡាភ្លើង 
មាន​វិធី​ជាច្រើន​ដែល​ស្រីៗ​គ្នា​យើង​អាច​បង្ការ​មិន​ឲ្យ​កើត​ជំងឺ​ក្រឡា​ភ្លើង​អំឡុង​ពពោះ ទោះបី​ម៉ាក់ៗ មាន​ជំងឺ​លើស​ឈាម​តាំងពី​មុន​មាន​អាអូន​ក្តី។
– មិន​ត្រូវ​ញ៉ាំប្រៃ ឬ​សាច់​ច្រើន​ពេក
– គ្រប់គ្រងទម្ងន់ មិនធាត់ខ្លាំងពេក
– វាស់​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀងទាត់
– តាមដាន​សុខភាព និង​ពិនិត្យ​ជាតិប្រៃ​ក្នុង​នោម​រៀងរាល់ខែ។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]