ម៉ាឡេស៊ី៖ ជាទូទៅនៅថ្ងៃបញ្ចប់ការសិក្សា ក្រុមគ្រួសារ បងប្អូន មិត្តភក្កិ សង្សារ តែងតែជូនជាបាច់ផ្កា កូនតុក្កតាខ្លាឃ្មុំ ឬស្ករសូកូឡា ដល់អ្នកដែលរៀនចប់ជាដើម ប៉ុន្តែខុសអីតែកំលោះម្នាក់នេះ បែរជាទទួលបានខ្ទឹមសពីមនុស្សជាទីស្រលាញ់ទៅវិញ។

កំលោះម្នាក់នេះមានឈ្មោះ Muhamad Adam Razali អាយុ ២៥ឆ្នាំ ជានិស្សិតទើបតែបញ្ចប់ការសិក្សាថ្មីៗនេះ ពីសាកលវិទ្យាល័យ Universiti Teknologi Mara (UiTM) ក្នុងរដ្ឋ Penang ។ អ្វីដែលពិសេស និងធ្វើឱ្យលោកភ្ញាក់ផ្អើលនោះ គឺថានៅថ្ងៃបញ្ចប់ការសិក្សា លោកបែរជាទទួលបានខ្ទឹមស និងបន្លែផ្សេងៗទៀតពីមិត្តស្រីរបស់លោកទៅវិញ។

លោក Muhamad និងមិត្តភក្កិលោក

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា លោកបាននិយាយថា៖

«មានថ្ងៃមួយ ខ្ញុំបានប្រាប់មិត្តស្រីខ្ញុំថាបើអូនចង់ទិញកាដូឱ្យបងនៅថ្ងៃបញ្ចប់ការសិក្សានោះ បងចង់បានរបស់ដែលប្លែកពីគេ មិនមែនជាបាច់ផ្កា និងស្ករសូកូឡាអីទេ ព្រោះវាដដែលៗពេក» ។ 

លោក Muhamad ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោកទទួលបានកាដូ ដែលប្លែកខុសពីគេពិតមែន។ លោកបាននិយាយថា៖ «ខ្ញុំពិតជាមិនរំពឹងថា នាងនឹងឱ្យកាដូដ៏កម្របែបនេះឱ្យខ្ញុំនោះទេ» ។ 

នៅថ្ងៃនោះ កាដូពិសេសនេះ ពិតជាទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សម្នាជាច្រើននៅទីនោះ ជាពិសេស ឪពុកម្តាយរបស់លោក Muhamad តែម្តង ដោយពួកគាត់តែងតែសួរលោកថា តើអ្នកណាជាអ្នកឱ្យកាដូបែបនេះដល់លោក។

លោក Muhamad បានកត់សម្គាល់ថា លោកប្រហែលជាមនុស្សតែម្នាក់គត់ដែលទទួលបានកាដូពិសេសបែបនេះ ហើយអ្នកដទៃទៀត ភាគច្រើនពួកគេសុទ្ធសឹងតែទទួលបានបាច់ផ្កា និងស្ករសូកូឡាជាដើម។ 

លោក Muhamad និងមិត្តស្រី

មានមិត្តភក្កិម្នាក់របស់លោក Muhamad បាននិយាយថា មូលហេតុដែលលោកទទួលបានកាដូ «ខ្ទឹមស» នេះ អាចមកពីលោកពូកែនិយាយដើមគេពេក។ ដោយពាក្យ «និយាយដើមគេ» បកប្រែទៅជាពាក្យ «membawang» ក្នុងភាសាម៉ាឡេស៊ី ដែលពាក្យនេះក៏សរសេរដូចគ្នាទៅនឹងពាក្យ «ខ្ទឹមស» ក្នុងភាសាម៉ាឡេស៊ីផងដែរ។

«មកពី Muhamad ពូកែ membawang ពេក ឱ្យតែពេលជួបដឹងតែមានរឿងច្រើនត្រូវនិយាយម៉ង ហើយគេអាចនិយាយដល់ទៅពីរបីម៉ោងឯនោះ អីចឹងពិតជាសក្តិសមណាស់ដែលគេទទួលបានខ្ទឹមសបែបនេះ» ។ (សម្តីមិត្តភក្កិរបស់លោក)

យ៉ាងណាមិញ បើទោះបីលោក Muhamad ចូលចិត្តលេងសើចច្រើនក្តី ប៉ុន្តែលោកតែងតែយកចិត្តទុកដាក់ក្នុងការសិក្សា។ នៅទីបំផុត ការខិតខំប្រឹងប្រែងរបស់លោកក៏បានសម្រេចជាផ្លែផ្កាពិតមែន។

លោកបានបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងផ្ទះបាយ ឬចំណីអាហារ (Culinary Arts Management) ។ បច្ចុប្បន្នលោកកំពុងតែជួយមុខរបរលក់ចំណីអាហាររបស់ក្រុមគ្រួសារលោក ហើយគ្រោងនឹងយកខ្ទឹមសនេះទៅចម្អិនផងដែរ។ 

លោក Muhamad

«ខ្ញុំមានអារម្មណ៍ថា ស្ទាក់ស្ទើរដែលយកវាទៅចម្អិន ព្រោះវាពិតជាពិសេសសម្រាប់ខ្ញុំ។ ខ្ញុំនឹងចងចាំវាជានិច្ច ព្រោះវាជាអនុស្សាវរីយដ៏ល្អសម្រាប់ខ្ញុំ» ។ (សម្តីរបស់លោក Muhamad)

យ៉ាងណាមិញ រឿងនេះបានល្បីលើបណ្តាញសង្គម ហើយមនុស្សម្នាក៏បានអបអរសាទរ និងជូនពរលោកផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]