ភ្នំពេញ៖ អាជីវកម្មទើបបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យារបស់កម្ពុជា កំពុងតែមានភាពរស់រវើក និងពោរពេញដោយថាមពល រួមជាមួយវប្បធម៌សហគ្រិនភាព និងឱកាសជាច្រើនសម្រាប់សហគ្រិននានា បើយោងតាមរបាយការណ៍ស៊ីជម្រៅបំផុតមួយ (តំណទាញយក) ដែលរៀបរៀងឡើងដោយក្រុមហ៊ុន Mekong Strategic Partners និងក្រុមហ៊ុន Raintree ដោយមានការគាំទ្រពីមូលនិធិក្រុមប្រឹក្សា កសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (CBRD) និងត្រូវបានដាក់ឲ្យចេញផ្សាយជាផ្លូវការក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឯពិព័រណ៍ឌីជីថលកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។ សាធារណជន និងសហគមន៍បច្ចេកវិទ្យា ត្រូវបានបង្ហាញឲ្យមើលឃើញពីចំណុចសំខាន់ៗក្នុងរបាយការណ៍នេះកាលពីខែតុលា ឆ្នាំ ២០១៨ អំឡុងពេលនៃកិច្ចប្រជុំកំពូលស្តីពីបច្ចេកវិទ្យាកម្ពុជានៅរាជធានីភ្នំពេញ។

កម្មវិធី ឌីជីថលកម្ពូជា

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍន៍បានមានប្រសាសន៍ថា៖ 

«ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំបង្កើតគោលនយោបាយមួយ ដែលនឹងជួយជម្រុញការច្នៃប្រឌិត និងលើកកម្ពស់វិស័យអាជីវកម្មបច្ចេកវិទ្យាដែលទើបបង្កើតថ្មី និងសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងផ្តល់ឱកាសដល់យុវជនកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យមានភាពចម្រុះនៃសេដ្ឋកិច្ចកម្ពុជា និងត្រៀមរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលតាមរយៈមូលនិធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្រសួងពហុជំនាញ សហគមន៍បណ្តុះបណ្តាលនានា វិស័យឯកជន និងសហគមន៍អាជីវកម្មដែលទើបបង្កើតថ្មីនេះ កម្ពុជាអាចបង្ហាញពីទិដ្ឋភាពនៃការរីកចម្រើនមិនធ្លាប់មានពីមុនមករបស់ក្រុមហ៊ុនអាជីវកម្មឌីជីថលទើបបង្កើតថ្មី ព្រមទាំងយល់ច្បាស់ពីអ្នកមានលទ្ធភាពសម្រាប់ថ្ងៃអនាគត»។

របាយការណ៍ដែលប្រមូលផ្តុំនូវទស្សនៈរបស់ភាគីពាក់ព័ន្ធក្នុងវិស័យអាជីវកម្មបច្ចេកវិទ្យាបង្កើតថ្មីជាង ១២០ នាក់ នេះបានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៃវិស័យអាជីវកម្មបច្ចេកវិទ្យាទើបបង្កើតថ្មី និងការវិវត្តរបស់វិស័យបច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំកន្លងមកនេះ ព្រមទាំងបង្ហាញមូលដ្ឋានគ្រឹះដែលត្រូវការជាចាំបាច់ដើម្បីជួយជម្រុញឲ្យវិស័យសហគ្រិនឌីជីថលដ៏រឹងមាំមួយ។ របាយការណ៍នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាមានសក្ដានុពលក្នុងការបង្កើតបរិស្ថានជាវិជ្ជមានមួយសម្រាប់ក្រុមហ៊ុនអាជីវកម្មដែលទើបបង្កើតថ្មី ដើម្បីអភិវឌ្ឍខ្លួនកាន់តែរីកចម្រើន និងដោះស្រាយនូវតម្រូវការដ៏ចាំបាច់មួយចំនួនរបស់សេដ្ឋកិច្ច ហើយវិស័យមួយចំនួនដែលមិនទាន់មានការអភិវឌ្ឍន៍ក៏ទទួលបាននូវឱកាសសម្រាប់បង្កើតការច្នៃប្រឌិតថ្មិ និងការរីកលូតលាស់ទៅមុខផងដែរ។

ការរីកចម្រើននៃការវិនិយោគក្នុងវិស័យអាជីវកម្មដែលទើបបង្កើតថ្មី ក៏ត្រូវបានដាក់បង្ហាញនៅក្នុងរបាយការណ៍មួយនេះផងដែរ ដោយគូសបញ្ជាក់ថាចំនួនវិនិយោគក្នុងអាជីវកម្មទើបង្កើតថ្មីដែលត្រូវបានបង្ហាញជាសាធារណៈ បានកើនឡើងទ្វេដងចាប់ពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០១៨។ លើសពីនេះទៀត ក្រុមហ៊ុនសាជីវកម្មកំពុងតែបង្ហាញពីការគាំទ្រ និងការចាប់អារម្មណ៍បន្ថែមទៀតក្នុងអាជីវកម្មទើបបង្កើតថ្មី ដើម្បីជំរុញឲ្យមានការច្នៃប្រឌិត និងជម្រុញវិស័យឌីជីថល ស្របពេលដែលវិស័យបច្ចេកវិទ្យាត្រូវបានកំណត់ថា ជាវិស័យដ៏សំខាន់ក្នុងការជម្រុញដល់កំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ ភស្ដុតាងជាក់ស្តែងរួមមាន ការពិភាក្សាដ៏ទូលំទូលាយនៃការអនុវត្តន៍បទបញ្ជា និងការបង្កើតកម្មវិធីគោលនយោបាយជាច្រើនដោយពហុក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា៖ 

«វិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យដ៏ស្ងប់ស្ងាត់មួយនោះ បានរីកលូតលាស់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើទោះបីមានសន្ទុះជាវិជ្ជមានក្នុងវិស័យនេះក៏ដោយ ប៉ុន្តែ វិស័យបច្ចេកវិទ្យាឌីជីថលនៅតែបន្តមានសក្តានុពល ហេតុនេះហើយបានជារបាយការណ៍នេះផ្តល់នូវមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ភាគីពាក់ព័ន្ធជាច្រើន ដើម្បីជួយជម្រុញកម្ពុជាឲ្យចូលទៅក្នុងយុគសម័យឌីជីថល»។
វិស័យបច្ចេកវិទ្យាឌីជីថល

របាយការណ៍នេះ ក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈម ដែលក្រុមហ៊ុនឌីជីថលទើបបង្កើតថ្មីនឹងត្រូវជួបប្រទះផងដែរ ជាពិសេសទាក់ទងនឹងកង្វះខាតជំនាញ និងបទពិសោធន៍នៃកម្លាំងពលកម្ម ហើយអ្នកជំនាញដែលមានបទពិសោធន៍ និងមានចំណេះដឹងខាងបច្ចេកទេសស៊ីជម្រៅ ឬបទពិសោធន៍ច្បាស់លាស់ នៅតែមានកម្រិតនៅឡើយ។ ការណែនាំវិនិយោគិនឲ្យស្គាល់ក្រុមហ៊ុន ដែលមានសមត្ថភាពក្នុងការទទួលការវិនិយោគ ក៏ត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេសគឺការធានាឲ្យបានថាអាជីវកម្មដែលទើបបង្កើតថ្មីនោះមានសុវត្ថិភាពក្នុងកាវិនិយោគ។ របាយការណ៍នេះបានក៏បានបង្ហាញផងដែរថា តម្លាភាពលើគោលនយោបាយ និងបទបញ្ជាជុំវិញសេដ្ឋកិច្ចឌីជីថលរបស់អាជីវកម្មដែលទើបបង្កើតថ្មី គឺជាចំណុចដែលត្រូវការជាចាំបាច់ ដើម្បីធានាឲ្យបានថារដ្ឋាភិបាលគឺជាអ្នកគាំទ្រដ៏សកម្មក្នុងវិស័យសេដ្ឋកិច្ចដ៏សំខាន់នេះ។

សរុបសេចក្តីមក របាយការណ៍នេះដាក់ជាសំណើរនូវដំណោះស្រាយបែបពហុភាគីដើម្បីកំណត់គោលនយោបាយនាពេលអនាគតសម្រាប់វិស័យអាជីវកម្មបច្ចេកវិទ្យាបង្កើតថ្មីបង្កើតបរិយាកាសអាជីវកម្មដ៏ល្អបំផុតមួយ និងអភិវឌ្ឍទេពកោសល្យក្នុងវិស័យបច្ចេកវិទ្យាអាជីវកម្មបង្កើតថ្មី។ សរុបមករបាយការណ៍នេះផ្ដល់ក្តីសង្ឃឹមសម្រាប់អនាគតឌីជីថលដ៏ត្រចះត្រចង់មួយ ដែលអាចនិយាយបានពេលនេះជាពេលវាលាដ៏ល្អមួយក្នុងការធ្វើសកម្មភាព និងដើម្បីធានាថាវិស័យនេះនៅតែបន្តអភិវឌ្ឍទៅមុខ។

របាយការណ៍នេះផ្តល់នូវការសន្និដ្ឋានថាភាគីពាក់ព័ន្ធនៃវិស័យអាជីវកម្មបច្ចេកវិទ្យាជាច្រើនកាន់តែបើកចំហរដើម្បីទទួលយកភាពជាដៃគូដែលនឹងជម្រុញសេដ្ឋកិច្ចឌីជីថលអោយអភិវឌ្ឍទៅមុខ។ ផ្នត់គំនិតកំពុងតែមានការផ្លាស់ប្តូរ ស្របគ្នាជាមួយនឹងកម្លាំងសន្ទុះដ៏ពិតប្រាកដពីភាគីពាក់ព័ន្ធនានាដើម្បីអភិវឌ្ឍវិស័យមួយនេះ។ កិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិតលើដំណោះស្រាយនានាៗ នឹងធានាធ្វើឲ្យវិស័យច្ចេកវិទ្យានេះរីកចម្រើន ដើម្បីបង្កើតឲ្យមានអាជីវកម្មបច្ចេកវិទ្យាថ្មីៗដ៏រឹងមាំ និងចូលរួមចំណែកជួយដល់សេដ្ឋកិច្ចវិស័យច្ចេកវិទ្យាឌីជីថលសកល។ គម្រោងសិក្សាស្ថានភាព និងរៀបចំរបាយការណ៍នេះឡើង គឺជាសំណើបង្កើតឡើងរួមគ្នាដោយវិទ្យាស្ថាន NIPTICT និងក្រុមហ៊ុន Smart Axiata ហើយបានទទួលថវិកាអនុវត្តពីមូលនិធិ ស.អ. និងបានចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ ២០១៨ មកម្ល៉េះ។ 

គួរបញ្ជាក់ថានាចុងឆ្នាំ ២០១៧ ក្រុមប្រឹក្សាភិបាល កសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ (CBRD) បានចេញផ្សាយផែនការរយៈពេលពីរឆ្នាំ (២០១៧- ២០១៨)របស់ខ្លួន ដែលបង្ហាញពីតម្រូវការជាបន្ទាន់សម្រាប់ស្វែងយល់ កាន់តែប្រសើរអំពីបច្ចុប្បន្នភាពនៃអាជីវកម្មបច្ចេកវិទ្យាដែលទើបបង្កើតថ្មីក្នុងប្រទេសនៅកម្ពុជា សម្រាប់បន្តរៀបចំគោលនយោបាយគាំទ្រនានាបន្ថែមទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]