រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានជាយកកូនកន្ត្រៃដេញចាក់គេឯង ខណៈកំពុងរាំហាត់ប្រាណ បណ្ដាលរងរបួសនារីម្នាក់ត្រូវដៃខាងស្ដាំ ភ្លាមៗនោះប្រជាពលរដ្ឋនាំគ្នាចាប់ប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ចតុមុខ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៨និង១០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ស្ថិតនៅលើសួនច្បារមុខវត្តបទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ស្ត្រីដែលចាក់គេខាងលើមានឈ្មោះ សុខ បុប្ផា អាយុ៣១ឆ្នាំស្នាក់នៅមិនពិតប្រាកដ ចំណែកនារីរងគ្រោះឈ្មោះ រ៉ុង សុភក្ភ្រកញ្ចញនា អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់នៅម្ដុំសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គាត់បានឃើញស្ត្រីខាងលើបានដើរចូលមកកន្លែងហាត់ប្រាណ រួចទាញកូនកន្ត្រៃ (ចំពុះទា) ដេញចាក់គេពេញហ្នឹង តែត្រូវចំនារីម្នាក់បណ្ដាលឱ្យត្រូវដៃខាងស្ដាំរយះចេញឈាម ។ ភ្លាមនោះមិត្តភក្កិរបស់នារីរងគ្រោះបានដឹកយកទៅមន្ទីរពេទ្យដើម្បីលាងរបួស ចំណែកឯជនបង្កត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់ប្រគល់ជូនទៅនគរបាលចតុមុខ ដើម្បីយកទៅធ្វើការសួរនាំ។
ក្រោយពីនាំខ្លួនស្ត្រីបង្កទៅដល់ប៉ុស្តិ៍ស្ត្រីខាងលើនេះបាននិយាយស្ដាប់គ្នាមិនបាន គឺសមត្ថកិច្ចសួរលិចគាត់ឆ្លើយកើត ហាក់បីដូចជាមានសតិមិនប្រក្រតី ហើយឆ្លើយប្រាប់សមត្ថកិច្ចថា មកពីនារីរងគ្រោះខាងលើហ្នឹង គឺលួចយកអាវទ្រនាប់របស់គាត់ ទើបធ្វើឱ្យគាត់ខឹងក៏យកកន្ត្រៃដេញចាក់តែម្ដង។
បន្ទាប់ពីនារីរងគ្រោះចេញពីមន្ទីរពេទ្យមកវិញ គាត់បានឃើញសភាពស្ត្រីខាងលើនេះ គឺនិយាយស្ដាប់គ្នាមិនបាន ថែមទាំងចោទប្រកាន់ថា គាត់លួចអាវទ្រនាប់ទៀតធ្វើឲ្យនារីរងគ្រោះសម្រេចចិត្តមិនដាក់ពាក្យបណ្ដឹងទេ គឺគ្រាន់តែស្នើសុំឲ្យសមត្ថកិច្ចនគរបាលចតុមុខ បញ្ជូនខ្លួនស្ត្រីខាងលើទៅកាន់មណ្ឌលកែប្រែ ដើម្បីឱ្យគាត់មានសតិល្អប្រសើរឡើងវិញ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]