ភ្នំពេញ៖ ហាងកាហ្វេ Starbucks បន្តជំរុញឲ្យមានដំណោះស្រាយ ដែលមានប្រសិទ្ធភាពថ្មីៗ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក និងធានាឱ្យបាននូវអនាគតប្រកបដោយនិរន្តរ៍ភាព។ ដើម្បីជំរុញឲ្យមានការប្រើប្រាស់ឡើងវិញកាន់តែផុសផុល ស្របជាមួយទិវាផែនដី (២២ មេសា) និងដើម្បីលើកទឹកចិត្តឲ្យអតិថិជនរបស់ខ្លួនសម្រេចចិត្តដោយគិតគូរពីបរិស្ថានកាន់តែច្រើនជាងមុន ហាងកាហ្វេ Starbucks នៅប្រទេសកម្ពុជា បានប្តេជ្ញាកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងជួយដល់សហគមន៍។

ជារៀងរាល់ថ្ងៃ អតិថិជនអាចទទួលបានការបញ្ចុះតម្លៃ ១,៣០០រៀល (០.៣០ ដុល្លារ) លើភេសជ្ជៈដែលប្រើកែវប្រើប្រាស់ឡើងវិញបាន (reusable cups) ឬក៏ដបទឹកផ្ទាល់ខ្លួននៅគ្រប់សាខា Starbucks កម្ពុជាទាំងអស់។ លើសពីនេះទៀត Starbucks ក៏មានដាក់លក់ផលិតផលកែវប្រើប្រាស់ឡើងវិញប្រភេទថ្មី សម្រាប់ភេសជ្ជៈក្តៅ និងត្រជាក់ក្នុងតម្លៃមួយដ៏សមរម្យ ដែលអតិថិជនអាចរកជាវបានចាប់ពីថ្ងៃទី ១០ ខែមេសា តទៅ ។

ដើម្បីជំរុញឲ្យសកម្មភាពប្រើប្រាស់នេះកាន់តែមានប្រសិទ្ធភាព Starbucks ក៏បានចែកជូនកែវប្រើប្រាស់ឡើងវិញបាន ចំនួនជាង ២០០ ឈុតទៅកាន់ដៃគូឆុងកាហ្វេទាំងអស់របស់ខ្លួនផងដែរ។ កែវប្រើប្រាស់ឡើងវិញបាននេះមានរូបរាងស្ទើរតែដូចកែវក្រដាសពណ៌ស Starbucks ហើយកែវនេះធ្វើពីប៉ូលីប្រូភីឡែន ដែលជាសារធាតុប្លាស្ទិកពិសេសម្យ៉ាងអាចយកមកកែច្នៃប្រើប្រាស់ឡើងវិញបាន។ កែវនេះត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់ ដើម្បីឲ្យវាមានរាងសក្តិសមជាងក្រដាស ហើយស្តើងជាងដបដាក់ទឹកធម្មតា (tumbler)។

រូបភាពកែវប្រើឡើងវិញ
រូបភាពកែវប្រើឡើងវិញ

លោក ប៉ោ លីម ប្រធានគ្រប់គ្រងទូទៅនៃ Starbucks កម្ពុជាថ្លែងថា៖ 

«យើងឃើញថា សាធារណជនមានការយល់ដឹង និងព្រួយបារម្ភច្រើនអំពីបញ្ហាកាកសំណល់ប្លាស្ទិកនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងមានភាពរីករាយក្នុងការផ្តល់ជម្រើសការប្រើប្រាស់ឡើងវិញនៅតាមហាង Starbucks ទាំងអស់នៅប្រទេសកម្ពុជា ដោយធានាផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ល្អនៃទម្លាប់ញុំាកាហ្វេរបស់អតិថិជនដដែល»។

លោកបន្តថា៖ 

«ខណៈនៅលើផ្លូវវែងឆ្ងាយទៀត យើងសប្បាយពេញចិត្តក្នុងការសហការជាមួយដៃគូដទៃទៀត ដើម្បីស្វែងរកដំណោះស្រាយជារួមមួយ និងជំរុញឲ្យអតិថិជនរបស់យើង ជ្រើសរើសអ្វីដែលអាចប្រើប្រាស់ឡើងវិញ តាមដែលអាចធ្វើទៅបាន»។

ទន្ទឹមគ្នានេះដែរ លោកបន្ថែមទៀតថា៖ 

«ដើម្បីចូលរួមអបអរទិវាផែនដី ថ្ងៃ ២២ មេសានេះ Starbucks នឹងមានការបញ្ចុះតម្លៃទ្វេដង គឺដល់ទៅ ២,៥០០ ៛ (០.៦០ ដុល្លារ) ជូន អតិថិជនដែលជាវភេសជ្ជៈភ្ជាប់ជាមួយកែវ ឬដបប្រើប្រាស់វិញបាន»។

លើសពីនេះទៀត ក្នុងថ្ងៃទី ៣០ ខែ មេសា នេះ Starbucks ដោយមានកិច្ចសហការជាមួយអង្គការមូលនិធិអាស៊ី (The Asia Foundation Cambodia) ដែលជាអង្គការអន្តរជាតិមួយ ផ្តោតសំខាន់លើការលើកកម្ពស់សកម្មភាពស្ត្រី និងយុវជន រួមចំណែកសកម្មភាពសង្គម និងបរិស្ថាន តាមរយៈគម្រោងទំនួលខុសត្រូវផ្សេងៗដូចជាការប្រើប្រាស់ឡើងវិញ អនាម័យ និងការដាំដើមឈើជាដើម។

នៅទូទាំងពិភពលោក កែវក្រដាស និងប្លាស្ទិកប្រមាណ ៦០០ ពាន់លាន ត្រូវបានចែកចាយជារៀងរាល់ឆ្នាំ។ បើទោះបីកែវ Starbucks មានតែ ១ ភាគរយប៉ុណ្ណោះនៃចំនួននេះក៏ដោយ ក៏ Starbucks ប្តេជ្ញាជួយបង្កើតដំណោះស្រាយប្រកបដោយនិរន្តរ៍ភាព ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក។ បើគិតតាំងពីឆ្នាំ ២០១៤ Starbucks បានចែកចាយកែវប្រើប្រាស់ឡើងវិញបណ្តាប្រទេសធំៗដូចជា អាមេរិក កាណាដា និងអង់គ្លេស ដែលគិតសរុបមានចំនួនលើសពី ២៥ លានកែវរួចមកហើយ។

ទិវាផែនដី ក៏ជាពេលវេលាមួយក្នុងការរម្លឹកឡើងវិញនូវការបេ្តជ្ញារយៈពេលវែងរបស់ក្រុមហ៊ុន Starbucks ដើម្បីផ្តោតទៅលើនិរន្តភាព។ កាលពីឆ្នាំមុន Starbucks បានវិនិយោគទឹកប្រាក់ ១០ លានដុល្លារ ដើម្បីផលិតកែវភេសជ្ជៈដែលអាចកែច្នៃឡើងវិញ និងអាចរលាយបានដោយសហការជាមួយ Closed Loop Partners តាមរយៈ NextGen Cup Challenge បូករួមនឹងការប្រកាសនូវគម្រោងបច្ចេកវិជ្ជាសាកល្បងប្រើប្រាស់កែវនេះ នៅលើទីផ្សារទូទាំងពិភពលោកសម្រាប់រយៈប៉ុន្មានឆ្នាំតទៅមុខទៀត។ បើយោងតាមគោលការណ៍ដែលបានប្រកាសកាលពីខែ កក្កដា កន្លងទៅ ក្រុមហ៊ុនក៏កំពុងធ្វើការដើម្បីលុបបំបាត់ទុយោជ័រពីហាងជាង ៣ ម៉ឺនសាខា ទូទាំងពិភពលោក ត្រឹមឆ្នាំ ២០២០ ដោយអាចឈប់ប្រើទុយោជ័រចំនួនជាង ១ ពាន់លានទុយោ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]