ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១៩ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិភ្នំតូចខាងត្បូង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្ត បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ រឿង មករា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសំរោងស្នោរ ឃុំសំរង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង ១Y-៤៦២៩ និងអ្នករួមដំណើរម្នាក់ដែលរងរបួសធ្ងន់ឈ្មោះ លន់ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំរោងស្នោរ ឃុំសំរង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ចំណែករថយន្តបង្កម៉ាកឡិចស៊ីស RX៤៧០ ពណ៌ស ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ ២AG-៣៣០៣ បើកបរក្នុងទិសដៅពីត្បូងទៅជើង អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)។
លោកវរសេនីយ៍ទោ សួន នីប៉ូ បានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់កន្លែងកើតហេតុខាងលើ ស្រាប់តែរមានថយន្តមួយគ្រឿងម៉ាកឡិចស៊ីសបានបើកវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើរបានរងរបួសធ្ងន់ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន ម៉ូតូដែលរងការខូចខាតធ្ងន់ និងរថយន្តម៉ាកឡិចស៊ីសដែលរងការខូចខាតមធ្យម ត្រូវបានកម្លាំងនគរបាលជំនាញនគរបាលចរាចរណ៍ខេត្ត យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]