ខេត្តត្បូងឃ្មុំ ៖ រថយន្តបែនដឹកក្រួសមួយគ្រឿងបើកបរលើផ្លូវជាតិលេខ៧ ក៏ស្រាប់តែរេចង្កូតបុកចូលផ្ទះប្រជាពលររដ្ឋ បណ្តាលឲ្យមនុស្សស្លាប់ចំនួន២នាក់ និងរបួសចំនួន៣នាក់ ចំណែកអ្នកបើកបរថយន្តត្រូវបានសមត្ថកិច្ចចុះមកអន្តរាគមន៏ចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីសួរនាំផងដែរ។ ។
ហេតុការណ៏ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ មេសា ២០១៩ នៅភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។
លោកឧត្តមសេនីយ៏ត្រី ឈឹម គឹមហុង ស្នងការរងនគរបាលខេត្តទទួលផែនសណ្តាប់ធ្នាប់ប្រាប់ថា រថយន្តបែនមួយគ្រឿងខាងលើនេះបើកបរដោយឈ្មោះ ប្រុស លីណា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព័ណ្ណរាយ សង្កាត់សួង ក្រុងសួង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន។
ចំណែកជនរងគ្រោះដែលស្លាប់ទាំង២នាក់ខាងលើរួមមានម្នាក់ឈ្មោះប្រេស សេន ភេទប្រុស អាយុ២៣ឆ្នាំ ភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ និងម្នាក់ទៀតឈ្មោះ ឆន ប៊ូ ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមស្រឡប់ ឃុំស្រឡប់ ស្រុកជាមួយគ្នា ។
លោកស្នងការរងនគរបាលខេត្តទទួលផែនសណ្តាប់ធ្នាប់បានបន្តថា មុនពេលកើតហេតុ គេឃើញថយន្តបែនមួយគ្រឿងខាងលើនេះបើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតតាមបណ្តោយផ្លូវជាតិ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ដោយអ្នកបើកបររថយន្តព្យាយាមជាន់ហ្វ្រាំង២ទៅ៣ដងដែរ តែហ្វ្រាំងមិនស៊ីទៀត។
លោកស្នងការរងនគរបាលខេត្តទទួលផែនសណ្តាប់ធ្នាប់បន្តទៀតថា បន្ទាប់មករថយន្តក៏បានរេចង្កូតបុកចូលផ្ទះពលរដ្ឋឈ្មោះសោ ផេង បណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់ភ្លាមនៅនឹងកន្លែងកើតហេតុ ចំណែកមនុស្សចំនួន៣នាក់ផ្សេងទៀតបានរងរបួសដេករដូករណែល ។ ភ្លាមៗនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុនាំគ្នាមកចោមរោមមើលព្រាត ហើយប៉ុស្តិ៍រដ្ឋបាលដែលនៅក្បែរនោះបានមកដល់មុនគេ ដោយបានចាប់ឃាត់អ្នកបើកបររថយន្តតែម្តង ។
បន្ទាប់មកលោកក៏បានដឹកនាំកម្លាំងចុះមកដល់កន្លែងកើតហេតុ និងបានហៅរថយន្តសាមុយមកដឹកជនរងគ្រោះបញ្ជូនទោសង្គ្រោះនៅមន្ទីរពេទ្យក្រុងសួង ។ ចំនែកសពជនងគ្រោះ ក្រោយពីមន្ត្រីជំនាញចរាចរណ៏ស្រុកបានធ្វើការពិនិត្យ និងវាស់វែងរួច ក៏ប្រគល់សពទៅឱ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
លោកឧត្តមសេនីយ៏ត្រី ឈឹម គឹមហុង ស្នងការរងនគរបាលខេត្ត បញ្ជាក់ថា ក្រោយពីបានបញ្ជូនអ្នកបើកបររថយន្តបង្កខាងលើមកដល់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំរួចមក ជនសង្ស័យជាអ្នកបើកបររថយន្តបានឆ្លើយថា ក្នុងពេលដែលកំពុងបើកបរមកដល់ត្រង់កន្លែងមានមនុស្សច្រើន ខ្លួនបានជាន់ហ្វ្រាំង២ទៅ៣ដងដែរ តែមិនស៊ី ហើយបានព្យាយាមកាច់សោដើម្បីពន្លត់ម៉ាស៊ីនរថយន្តដែរ ក៏ស្រាប់តែរេចង្កូតទៅបុកមនុស្ស បណ្តាលឱ្យស្លាប់ និងរបួសច្រើននាក់តែម្តង ។
បច្ចុប្បន្ន មន្ត្រីជំនាញចរាចរណ៏ស្រុកត្បូងឃ្មុំកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]