ជាការពិតណាស់ សេចក្ដីស្រលាញ់ ការពេញចិត្ត ចំពោះវត្ថុអ្វីមួយ ឬមនុស្សណាម្នាក់ គឺជាទំនោរខាងផ្លូវអារម្មណ៍ ក្នុងផ្លូវវិជ្ជមាន របស់មនុស្សគ្រប់រូប ដោយផ្អែកទៅលើហេតុផលសម្អាង រៀងៗខ្លួន។ បើនិយាយពី សេចក្ដីស្រលាញ់នេះទៀតសោត សម្រាប់មនុស្ស គឺពិតជាមាននិយមន័យ ច្រើនរាប់មិនអស់ ប៉ុន្តែអ្វីម៉្យាង ដែលមនុស្សគ្រប់រូប តែងតែធ្វើ នៅពេលដែលមានសេចក្ដីស្រលាញ់ នៅក្នុងចិត្ត នោះគឺអំពើល្អ។ ដូច្នេះហើយ សេចក្ដីស្រលាញ់ ត្រូវបានចាត់ទុកថា ជាទំនោរខាងផ្នែកអារម្មណ៍ ក្នុងផ្លូវវិជ្ជមាន។

ប៉ុន្តែនោះមិនមែន មានន័យថា រាល់សេចក្ដីស្រលាញ់ សុទ្ធតែបញ្ចប់ដោយ ភាពល្អ ដូចជាពេលដែលចាប់ផ្ដើមឡើយ។ ការពិតជាក់ស្ដែង ដែលមនុស្សគ្រប់រូបបានដឹងយ៉ាងច្បាស់នោះគឺ សេចក្ដីស្រលាញ់ ធ្វើឲ្យមនុស្សចាប់ផ្ដើមប្រកាន់គំនិត អាត្មានិយម ម្ដងបន្តិចៗ ដោយមិនដឹងខ្លួន។

តួយ៉ាងដូចជា សេចក្ដីស្រលាញ់ ដែលក្រុមអ្នកគាំទ្រ មានចំពោះតារាក្នុងដួងចិត្តរបស់ខ្លួន យ៉ាងអញ្ចឹងដែរ។ ជាការពិតណាស់ សេចក្ដីស្រលាញ់ដែលអ្នកគាំទ្រ មានចំពោះតារា ត្រូវបានគេចាត់ទុកថា ជាសេចក្ដីស្រលាញ់ដ៏ខ្លាំងក្លា និងងប់ងុលមួយ ដែលពិបាកនឹងបញ្ឈប់បាន។ ពួកគេអាចធ្វើអ្វីៗជាច្រើនយ៉ាង ដើម្បីឲ្យតារាម្នាក់ ដែលខ្លួនស្រលាញ់ ពេញចិត្ត សប្បាយរីករាយ និងទទួលបានភាពជោគជ័យ លើសតារាដទៃទៀត។ 

ក្នុងនោះដែរ ពួកគេក៏តែងតែ ចំណាយប្រាក់ និងពេលវេលាជាច្រើន ដើម្បីបង្កើតឱកាសបានជួប និងនៅក្បែរ Idol របស់ខ្លួន។

ទោះបីជាយ៉ាងនេះក្ដី វាក៏នៅតែមាន ហេតុផលមួយចំនួនតូច ដែលអាចបណ្ដាលចិត្ត ធ្វើឲ្យសេចក្ដីស្រលាញ់ ដ៏ខ្លាំងក្លា និងងប់ងល់មួយនេះ ប្រែប្រួលបាន រហូតដល់ទៅ ៣៦០ដឺក្រេ។ ពោលគឺ ប្រែប្រួលទៅទាំងស្រុងតែម្ដង រហូតកើតទៅជា សេចក្ដីស្អប់ខ្ពើមគ្នាផងក៏មាន។

បើប្រិយមិត្តចង់ជ្រាបច្បាស់ថា តើមានហេតុផល ក៏ដូចជាកត្តាអ្វីខ្លះ ដែលអាចបំបែកសេចក្ដីស្រលាញ់របស់ Fan ម្នាក់ ចំពោះ Idol របស់ខ្លួន ឲ្យប្រែទៅជា ភាពស្អប់ខ្ពើមទៅវិញនោះ?

សូមទស្សនារូបភាព និងតាមដានចំណុចនីមួយខាងក្រោម ៖ 

១ តារាដែលមានជំងឺ ឈ្លក់វង្វេងនឹងភាពល្បីល្បាញរបស់ខ្លួនឯង

ជាការពិតណាស់ មានតារាល្បីៗជាច្រើន ដែលធ្លាប់បានបញ្ចេញ អត្តចរិតបែបនេះ គឺចាប់ផ្ដើមវាយឬក ភ្លាមៗ ក្រោយពេលដែលពួកគេ ទទួលបានការគាំទ្រច្រើន។ មួយចំនួននៃតារាប្រភេទនេះ គឺជាប្រភេទមនុស្ស មានជំងឺឈ្លក់វង្វេង នឹងភាពល្បីល្បាញបន្តិចបន្តួច របស់ខ្លួន ហើយចាប់ផ្ដើមមើលងាយ ទឹកចិត្តអ្នកគាំទ្រ ដែលធ្លាប់ស្រលាញ់ចូលចិត្តពួកគេ តាំងពីពេលដែល ពួកគេមិនទាន់ល្បីល្បាញខ្លាំង។

ប្រសិនបើអ្នកគាំទ្រណាម្នាក់ បានជួបប្រទះនឹង Idol ប្រភេទនេះ ជឿជាក់ថា ទោះបីជាស្រលាញ់ប៉ុណ្ណាក៏ដោយ ពួកគេប្រាកដជា ដកខ្លួនចេញមកវិញ នឹងមិនចំណាយពេលវេលាគាំទ្រ តារាប្រភេទនេះទៀតឡើយ។ 

ចំណុចនេះ ក៏អាចធ្វើឲ្យអ្នកគាំទ្រ ប្រែក្លាយទៅជាអ្នកប្រឆាំង (Anti Fan) ភ្លាមៗតែម្ដងក៏មាន។  

២ តារាដែលបង្ករឿងអាស្រូវច្រើន

ជារឿងធម្មតាស្រាប់ទៅហើយ ដែលអ្នកគាំទ្រ តែងតែចេញមុខការពារ តារាដែលខ្លួនពេញចិត្ត នៅពេលដែលមានព័ត៌មានអាស្រូវ មកយាយី។ ប៉ុន្តែវាពិតជាពិបាកក្នុងការការពារ ប្រសិនបើតារារូបនោះ ពិតជាបានប្រព្រឹត្តខុស ដូចជាព័ត៌មានអាស្រូវ បានចេញផ្សាយពិតមែន។

ម្ដងជាពីរដង នៅពេលដែល Idol បានប្រព្រឹត្តខុស ពួកគេបានមិនចាប់អារម្មណ៍នោះទេ ថាពួកគេកំពុងតែបំផ្លាញទំនុកចិត្ត ដែលអ្នកគាំទ្រធ្លាប់មាន មកលើពួកគេ។ គ្មានអ្នកណាម្នាក់ ដែលស្រលាញ់ពេញចិត្ត មនុស្សអាក្រក់នោះឡើយ។ នេះក៏ព្រោះតែអ្នកគាំទ្រគិតថា Idol របស់ខ្លួន ជាមនុស្សល្អ ទើបដាក់ចិត្តស្រលាញ់។ 

ករណីនេះ ប្រសិនបើ Idol ប្រព្រឹត្តទង្វើមិនល្អ ឬបង្កឲ្យមានរឿងអាស្រូវច្រើនដងពេក អ្នកគាំទ្រក៏មិនអាចបន្តស្រលាញ់ និងគាំទ្រមនុស្សខុសបានទៀតដែរ។ ទោះចង់ឬមិនចង់ ក៏ត្រូវតែចាកចេញ។ ប៉ុន្តែបើធ្ងន់ជាងនេះទៅទៀត គឺកើតចិត្តស្អប់តែម្ដង សូម្បីតែឈ្មោះក៏មិនចង់លឺ។ 

រូបភាព តំណាង

៣ តារាដែលប្រកាសទំនាក់ទំនងស្នេហា ឆាប់រហ័សពេក

នេះជាចំណុចដែលអ្នកគាំទ្រគ្រប់រូប ព្រួយបារម្ភបំផុត។ ប៉ុន្តែជាញឹកញយ អ្នកគាំទ្រដែលជានារី តែងតែជួបប្រទះរឿងនេះ ច្រើនបំផុតទៅវិញ។

ជាការពិតណាស់ ក្នុងចិត្តរបស់អ្នកគាំទ្រ Idol គឺជាអ្វីគ្រប់យ៉ាងរបស់ពួកគេ។ ក្ដីស្រលាញ់ដ៏ច្រើនលើសលុប អភិវឌ្ឃទៅជាភាពងប់ងុល ដែលមិនអាចគ្រប់គ្រងបាន។ មិនយូរប៉ុន្មាន វាបានក្លាយទៅជា ភាពអាត្មានិយម ដែលចង់ឲ្យ Idol របស់ខ្លួន ផ្ដល់ក្ដីស្រលាញ់មកកាន់ខ្លួន ច្រើនជាងនារីដទៃ។

ភាពអាត្មានិយមនេះ ដឹកមុខ ធ្វើឲ្យអ្នកគាំទ្រ ប្រែទៅជាស្អប់ Idol របស់ខ្លួនដល់ឆ្អឹង ក្រោយពេលដែល Idol ប្រកាសទំនាក់ទំនងស្នេហា ជាមួយនឹងនារីណាម្នាក់ ដែលមិនមែនជាខ្លួនឯង។ 

ជាធម្មតា សេចក្ដីស្រលាញ់ បើមានកាន់តែច្រើន ពេលដែលតាំងចិត្តស្អប់វិញនោះ គឺស្អប់ខ្លាំងទ្វេដង រហូតមិនអាចមើលមុខគ្នាចំ ក៏មាន។  

រូបភាព តំណាង

៤ តារាដែលស៊ិចស៊ីជ្រុល

ចំណុចនេះ មិនសូវជាមានច្រើនឡើយ ប៉ុន្តែក៏មិនអាចមើលរំលងបានដូចគ្នា ព្រោះភាពស៊ិចស៊ីខ្លាំងពេក សម្រាប់តារាស្រីៗ ធ្វើឲ្យពួកគេបាត់បង់តម្លៃ និងសេចក្ដីថ្លៃថ្នូរ។ គ្មានអ្នកគាំទ្រណា ចង់ឃើញ Idol របស់ខ្លួន ត្រូវមនុស្សជាច្រើនមើលងាយ ឬប្រើពាក្យសម្ដីប្រមាថ ក្លាយជាចំណីមាត់របស់មនុស្សផងទាំងពួងឡើយ។ 

ដូច្នេះចំណុចនេះ ក៏អាចជាផ្នែកតូចមួយ ធ្វើឲ្យសេចក្ដីស្រលាញ់របស់អ្នកគាំទ្រ ចាប់ផ្ដើមថយចុះ ឬក៏ឈប់ស្រលាញ់តែម្ដងក៏មាន។ 

រូបភាព តំណាង

៥. តារាដែល មានកូនមុនរៀបការ

ចំណុចនេះ មិនខុសពីចំណុចទី២ និងទី៣ ដែរ ការមានកូនមុនរៀបការ គឺជារឿងដែលមិនគួរឲ្យកើតឡើងឡើយ សម្រាប់តារាល្បីៗ។ មិនថាតារារូបនោះ ជាប្រុស ឬជាស្រីនោះទេ ប៉ុន្តែសម្រាប់អ្នកគាំទ្រ វាជារឿងដែលពិបាកនឹងទទួលយកបំផុត។

អ្នកគាំទ្រដែលធ្លាប់បានជួបប្រទះនឹង រឿងប្រភេទនេះ ភាគច្រើនគឺភ្ញាក់ផ្អើល និងអស់សង្ឃឹមក្នុងពេលតែមួយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ភាពស្អប់ខ្ពើមដែលមាន អាចនឹងមិនច្រើនលើសលុបឡើយ ប្រសិនបើ តារារូបនោះ ព្រមទទួលខុសត្រូវ ចំពោះអ្វីដែលខ្លួនបានធ្វើ ហើយចាប់ផ្ដើមគ្រួសារមួយយ៉ាងសុខសាន្ត។ អ្នកគាំទ្រអាចនឹង ប្រែចិត្តឈប់ខឹងឬស្អប់ ហើយជូនពរពួកគេវិញ ក៏មាន៕ 

រូបភាព តំណាង

ប្រភព ៖ aminoapps.com 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]