ភាពនឿយហត់អស់កម្លាំង និងបាត់បង់ថាមពលចេញពីរាងកាយរាល់ពេលសម្រាកពីការងារ ឬហាត់ប្រាណរួច នឹងធ្វើឱ្យរាងកាយរបស់អ្នកល្ហិតល្ហៃ និងស្រេកទឹក។

ដូច្នេះថ្ងៃនេះមិនបាច់បារម្ភទេ យើងខ្ញុំនឹងលើកឡើងពីវិធីធ្វើភេសជ្ជៈធម្មជាតិងាយៗ ដែលអាចជួយប៉ូវកម្លាំងដូចខាងក្រោម៖

ភេសជ្ជៈប៉ូវកម្លាំង

១. ទឹកខ្ញីប៉ូវកម្លាំង

ទឹកខ្ញីធម្មតាមែនពិត តែជួយផ្តល់ថាមពលរាងកាយដូចភេសជ្ជៈប៉ូវកម្លាំងដែរ ថែមទាំងជំនួយសុខភាពក្រពះ និងការពារការរលាករាងកាយទៀតផង។

ការអនុវត្ត៖

- ដាំទឹក១ពែង ឬ២ពែងឱ្យពុះ រួចចិតខ្ញី ៣ ទៅ៤បន្ទះ ចូល រំងាស់បន្តិច សឹមបិទភ្លើងទុកឱ្យត្រជាក់។

- បន្ទាប់មក ច្រោះយកតែទឹកមកទទួលទានដោយច្របាច់ក្រូចឆ្មារបន្តិច និងកូរជាមួយអំបិលមួយចិបផង បើពិបាកលេបពេកអាចលាយជាមួយនឹងទឹកឃ្មុំបន្តិចក៏បាន។

- ល្អបំផុតប្រសិនជាជាទទួលទានវាជារៀងរាល់ព្រឹក។

ទឹកខ្ញីប៉ូវកម្លាំង

២. ទឹកក្រូចប៉ូវកម្លាំង

ភេសជ្ជៈនេះសម្បូរទៅដោយជាតិអេឡិចត្រូលីត្រជំនួយកម្លាំង ថែមទាំងធ្វើឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ និងផ្តល់សំណើមដល់រាងកាយទៀតផង។

ការអនុវត្ត៖

- ច្របាច់យកទឹកក្រូចស្រស់ៗប្រមាណជាកន្លះពែង រួចបន្ថែមជាមួយនឹងទឹកក្រូចឆ្មារស្រស់ៗ ២ស្លាបព្រាបាយ។

- ជាចុងក្រោយអ្នកអាចបន្ថែមអំបិលមួយចិប និងទឹកឃ្មុំ ២ ទៅ៣ដំណក់កូរឱ្យសព្វ ដើម្បីបង្កើនរសជាតិក៏បាន។

- អ្នកអាចទទួលទានភេសជ្ជៈនេះប៉ូវកម្លាំងតែម្តងក៏បាន ឬរក្សាទូកក្នុងទូទឹកកកសិនក៏បានដែរ។

ទឹកក្រូចប៉ូវកម្លាំង

៣. ទឹកដូង និងទឹកក្រូចប៉ូវកម្លាំង

ភេសជ្ជៈមួយនេះអាចទទួលទានបានរាល់រដូវក្តៅ ថែមទាំងជួយប៉ូវកម្លាំង ផ្តល់ជាតិទឹកដល់រាងកាយ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយទៀតផង។

ការអនុវត្ត៖

- លាយទឹកដូង កន្លះពែង ជាមួយនឹងទឹកក្រូចច្របាច់ស្រស់ៗកន្លះពែង (អាចលាយជាមួយនឹងទឹកដោះគោស្រស់វិញក៏បានដែរ) ក្នុងបរិមាណស្មើគ្នា

- បន្ទាប់មកអ្នកក៏អាចបន្ថែមចំណិតផ្លែចេកក្នុងភេសជ្ជៈនេះក៏បានដែរ រួចដាក់នៅក្នុងទូទឹកកកឱ្យត្រជាក់ប្រមាណជា ២០នាទី

- ជាចុងក្រោយអ្នកអាចទទួលទានភេសជ្ជៈប៉ូវកម្លាំងបែបធម្មជាតិមួយនេះបានហើយ។

ទឹកដូង និងទឹកក្រូចប៉ូវកម្លាំង

៤. ជីរអង្កាម និងប័រីប៉ូវកម្លាំង

ភេសជ្ជៈមួយនេះ ជួយឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយពេញមួយថ្ងៃ ថែមទាំងផ្តល់ជាតិស្ករពីធម្មជាតិជំនួយថាមពលរាងកាយផងដែរ។

ការអនុវត្ត៖

- យកផ្លែប័រី (អាចរកបាននៅផ្សារទំនើប) ប្រមាណជាមួយក្តាប់ដៃលាងទឹកឱ្យស្អាត រួចយកទៅក្រឡុក ជាមួយនឹងស្លឹកជីរអង្កាម ៤ ទៅសន្លឹក ដោយបន្ថែមទឹកស្អាតមួយចំនួនផង។

- ក្រឡុកឱ្យហ្មត់ល្អ ដោយបន្ថែមទឹកក្រូចឆ្មារបន្តិច រួចយកភេសជ្ជៈដែលក្រឡុករួចទៅដាក់ក្នុងទូទឹកកកឱ្យត្រជាក់។

- ជាចុងក្រោយអ្នកអាចទទួលទានភេសជ្ជៈនេះទាំងនៅត្រជាក់ៗ ដោយអាចទទួលទាន២ដងក្នុងមួយថ្ងៃ តែត្រូវចៀសវាងទទួលទានពេលយប់។

ជីរអង្កាម និងប័រីប៉ូវកម្លាំង

៥. ទឹកដូង និងទឹកឪឡឹកប៉ូវកម្លាំង

ភេសជ្ជៈមួយនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជំនួយសុខភាពទូទៅ ផ្តល់សំណើមដល់រាងកាយ ថែមទាំងប៉ូវកម្លាំងផងដែរ។

ការអនុវត្ត៖

- យកទឹកដូង ស្រស់ កន្លះពេង លាយជាមយយនឹងទឹកឪឡឹកក្រឡុកស្រស់ៗកន្លះពែងដូងគ្នា ហើយកូរចូលឱ្យសព្វ ដោយអាចបន្ថែមទឹកក្រូចឆ្មារចំនួន ២កូនស្លាបព្រាបន្ថែមបង្កើនរសជាតិ

- ជាចុងក្រោយអ្នកអាចទទួលទានភេសជ្ជៈមួយនេះបានហើយ រាល់ពេលអ្នកនឿយហត់ពីការងារ និងអស់កម្លាំងផ្សេងៗបាន៕ 

ទឹកដូង និងទឹកឪឡឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]