ខេត្តកំពង់ចាម ៖ ចាប់តាំងពីពេលកើតមានអំពើឃាតកម្មសម្លាប់ជីដូននិងចៅស្រីតូចអាយុ៦ឆ្នាំ រួចកាត់ក្បាលយ៉ាងសាហាវឃោរឃៅបានបង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ហើយចាប់តាំងពីថ្ងៃកើតហេតុ (ថ្ងៃទី២ មេសា ២០១៩) រហូតមកដល់វេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី១៨ មេសា ក៏បានប្រទះឃើញលលាដ៏ក្បាលចំនួន២នៅក្បែរបន្ទប់ទឹកផ្ទះរបស់អ្នកភូមិម្នាក់ឈ្មោះ ហឿន មានចំងាយប្រមាណ១គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ ហើយត្រូវបានសាច់ញាតិរបស់ជនរងគ្រោះអះអាងថាជាលលាដ៏ក្បាលរបស់ជីដូននិងចៅពិតប្រាកដ ដែលត្រូវបានសត្វឆ្កែពាំចេញពីក្នុងព្រៃមក តែមិនដឹងថា សត្វឆ្កែពាំចេញពីត្រង់កន្លែណាឡើយ។
តាមការបញ្ជាក់របស់សាច់ញាតិជនរងគ្រោះបានឱ្យដឹងថា លលាដ៏ក្បាលទាំង២នោះគឺជាលលាដ៏ក្បាលរបស់ជីដូន និងចៅស្រីតូចមែន តែសមត្ថកិច្ចមិនទាន់ឲ្យយកលលាដ៏ក្បាលទាំង២នោះមកផ្ទះទេ គឺសមត្ថកិច្ចបានយកខ្សែហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីរង់ចាំនគរបាលបច្ចេកទេស ចុះមកពិនិត្យសិន។
ទាក់ទិននឹងការប្រទះឃើញលលាដ៏ក្បាលទាំង២ខាងលើនោះ ត្រូវបានលោកវរសេនីយ៏ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ និងក្រុមនគរបាលអូស្ត្រាលីយកទៅពិនិត្យ ឌីអិនអេ (DNA) សិន ចំពោះលទ្ធផលយ៉ាងណា លោកនឹងបញ្ជាក់នៅពេលក្រោយ។
លោកវរសេនីយ៏ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ ឲ្យដឹងថា ក្នុងប្រតិបត្តិការតាមរកក្រុមឃាតករ ក៏មានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្ត ឧត្តមសេនីយ៏ទោរឯម កុសល ស្នងការ គរបាលខេត្ត នគរបាលអូរស្ត្រាលី ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការតាមរុករកក្បាលរបស់ជនរងគ្រោះទាំង២នាក់ជារាល់ថ្ងៃរហូតដល់បុណ្យសព៧ថ្ងៃ ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច រហូតចាប់បានជនសង្ស័យចំនួន២នាក់ឪពុកនិងកូនក្នុងនោះម្នាក់ឈ្មោះ ស៊ីម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាឪពុក និងកូនប្រុសឈ្មោះ ស៊ីម សុខខេត អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយនឹងអ្នករងគ្រោះដែរ និងបាននាំទៅដាក់ពន្ធនាគារខេត្ត ថ្វីត្បិតតែជនសង្ស័យមិនបានឆ្លើយសារភាព តែសមត្ថកិច្ច មានភស្តុតាងជាច្រើនដាក់បន្ទុក រហូតដល់តុលាការបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ។
នៅល្ងាចថ្ងៃទី១៨ មេសា ២០១៩ ស្របពេលដែលប្រជាពលរដ្ឋបានប្រទះឃើញលលាដ៏ក្បាលចំនួន២ខាងលើនោះ លោកឧត្តមសេនីយ៏ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងចុះទៅពិនិត្យទាំងយប់ ដោយមានកម្លាំងសមត្ថកិច្ចជាច្រើននាក់ រួមសហការជាមួយនឹងប្រជាការពារ ហើយនៅព្រឹកថ្ងៃទី១៩ មេសា ក្រុមការងាររបស់លោកក៏បានបន្តកិច្ចប្រតិបត្តិការតាមរករណ្តៅកប់ក្បាលសពជនរងគ្រោះ ត្រង់ចំនុចណាមួយក្នុងព្រៃក្រោយផ្ទះរបស់ជនរងគ្រោះ ដែលក្បាលរបស់សពជនរងគ្រោះបានបាត់តាំងពីថ្ងៃទី២ មេសា មកម្លេះ ស្របពេលរកឃើញនៅសល់តែលលាដ៏ ដោយសាច់ក្បាលរលួយអស់អាចត្រូវឆ្កែធុំក្លិនកាយហែកស៊ី។
លោកក៏មានចង្ងល់តាំងពីថ្ងៃកើតហេតុរូបលោកបានចូលរួមក្នុងប្រតិបត្តិការតាមរុករកគ្រប់ច្រកល្ហកក្នុងព្រៃ ខាងក្រោយផ្ទះចំការចេក ព្រៃឫស្សី ដែលមានមនុស្សចូលរួមតាមរករាប់រយនាក់ ចុះហេតុម្តេចក៏រកមិនឃើញ ហើយលោកបានដាក់ការសន្និដ្ឋានថា ក្រោយពីកាត់ក្បាលជីដូននិងចៅរួច ឃាតករដ៏ឃោរឃៅនោះអាចនឹងយកទោកប់ក្នុងដីឫយកទៅបោះចោលនៅកន្លែងឆ្ងាយហើយ ។
តាមប្រភពពីស្រី្តឈ្មោះ ស្តើង ចន្ថា អាយុ២៤ឆ្នាំ ប្រាប់ឲ្យដឹងថា ម្តាយរបស់គាត់ដែលត្រូវឃាតករកាប់ប្រហារឈ្មោះវង្ស អូន អាយុ៥៦ឆ្នាំនិងចៅស្រីតូចឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ (ត្រូវជាកូនរបស់ស្តើង ចន្តា) បានបាត់ចេញពីផ្ទះតាំងពីថ្ងៃទី២ មេសា ២០១៩ ដោយមិនមានអ្នកណាចាប់អារម្មណ៏ ។
លុះមកដល់ព្រឹកថ្ងៃទី៣ មេសា ទើបបងស្រីរបស់គាត់ស្តើង ថន អាយុ៣៥ឆ្នាំ មកដល់ផ្ទះមិនឃើញម្តាយនិងចៅ ក៏តាមរកក្នុងភូមិ និងសួរគេឯង តែមិនមាននរណាដឹងនោះឡើយ ហើយបង្កឲ្យមានការភ្ញាក់ផ្អើល និងបានប្តឹងមកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យជួយអន្តរាគមន៏តាមរក លុះសមត្ថកិច្ចនាំគ្នាចេញតាមរកក៏បានប្រទហឃើញសពជីដូន និងចៅស្រីនៅក្នុងព្រៃចំការស្វាយចន្ទីខាងក្រោយផ្ទះជនរងគ្រោះប្រមាណ៣៥០ម៉ែត្រ នៅសល់តែដងខ្លួន ចំណែកក្បាលត្រូវបានឃាតករកាត់យកទៅបោះចោលបាត់រកមិនឃើញសោះ ។
ប្រភពដដែលបានបន្តថា សមាជិកគ្រួសារនៃសពជនរងគ្រោះ និងអ្នកភូមិ ព្រមទាំងប្រជាការពារ នគរបាល កងរាជអាវុធហត្ថ សរុបមានចំនួនជិតមួយរយនាក់បាន
នាំគ្នាបន្តតាមរកក្បាលរបស់ជនរងគ្រោះទាំង២នាក់ជារៀងរាល់ថ្ងៃ រហូតដល់បុណ្យសពគំរប់៧ថ្ងៃនៅតែរកមិនឃើញទៀត ។ ដោយសារតែអ្នកភូមិនៅក្បែរនោះខ្លាច ទើបគាត់ និងសមាជិកគ្រួសារបានសម្រេចរុះផ្ទះបាយខាងក្រោយចោល តាមការស្នើសុំរបស់អ្នកជិតខាងហើយផ្ទះម្តាយរបស់គាត់នៅពេលយប់មិនមានអ្នកណាដេកនោះទេ ដោយបានបិទទ្វារចោល ព្រោះតែខ្លាច ហៅនៅដាច់ពីគេ ។
ប្រភពដដែលបានបន្តទៀតថា ដោយសារតែគាត់មានជីវភាពខ្វះខាតនោះ ត្រូវបានលោកគួច ចំរើន អភិបាលខេត្ត និងសប្បុរសជននានាបានជួយឧបត្ថម្ភថវិការសម្រាប់ធ្វើបុណ្យសពរហូតចប់រួចរាល់ផងដែរ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]