ម៉ាឡេស៊ី៖ ថ្មីៗនេះយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ Negara Malaysia បានបោះពុម្ភក្នុងឆ្នាំ២០១៨ បានបង្ហាញថា ប្រាក់ខែសម្រាប់និស្សិតសាកលវិទ្យាល័យទើបតែបញ្ចប់ការសិក្សានៅក្នុងប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះបើប្រៀបធៀបទៅនឹងនិស្សិតបានបញ្ចប់ការសិក្សាដូចគ្នានៅក្នុងឆ្នាំ២០១០។

រូបតំណាង

មូលហេតុចម្បងនោះ គឺដោយសារនិស្សិតដែលទើបបញ្ចប់ការសិក្សាទាំងនេះ ពុំមានជំនាញឌីជីថល (digital skills) ដែលជំនាញទាំងនេះសុទ្ធសឹងតែទាមទារចាំបាច់ សម្រាប់ទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្ន។ នេះបើយោងតាមក្រុមហ៊ុនជ្រើសរើសបុគ្គលិក និងសេដ្ឋកិច្ចវិទូបានលើកឡើង។

យោងតាមគេហទំព័រស្វែងរកការងារលំដាប់ពិភពលោកនៅក្នុងតំបន់អាស៊ីមួយបានឱ្យដឹងថា មានឱកាសការងារជាច្រើនសម្រាប់សេដ្ឋកិច្ចឌីជីថលថ្មីនេះ ប៉ុន្តែនិស្សិតម៉ាឡេស៊ីដែលទើបតែបញ្ចប់ការសិក្សាទាំងនេះ ពុំមានជំនាញឌីជីថលត្រឹមត្រូវគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការងារនេះទេ។ 

លោក Gan Bock Herm អ្នកគ្រប់គ្រងប្រចាំប្រទេសនៅក្នុងក្រុមហ៊ុន JobStreet Malaysia បានប្រាប់សារព័ត៌មាន Malay Mail ឱ្យដឹងថា៖

«នៅក្នុងរបាយការណ៍ការងារថ្មីៗរបស់យើងក្នុងឆ្នាំ២០១៩បានគូសបញ្ជាក់ថា ជំនាញឌីជីថលកំពុងតែមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននេះ ប៉ុន្តែពុំមានបេក្ខជនដែលមានជំនាញនេះគ្រប់គ្រាន់នៅលើទីផ្សារនោះទេ។» 

រូបតំណាង

លើសពីនេះទៀត លោកក៏បានលើកឡើងពីការស្ទង់មតិដែលធ្វើឡើងដោយគេហទំព័រ JobStreet បានបង្ហាញថា និយោជក(ចៅហ្វាយ)ជាង៦៨% បានត្អូញត្អែរថា និស្សិតទើបតែបញ្ចប់ការសិក្សាទាមទារ «ប្រាក់ខែនិងអត្ថប្រយោជន៍ដោយមិនប្រាកដប្រជា»

លោកបាននិយាយថា៖

«ទីផ្សារការងារកំពុងតែប្រកួតប្រជែងគ្នាខ្លាំង ហើយនិស្សិតទើបតែបញ្ចប់ការសិក្សាថ្មីៗ កំពុងតែប្រកួតប្រជែងជាមួយនឹងបេក្ខជនដទៃទៀត សម្រាប់មុខតំណែងដូចគ្នា ដែលពួកគេទាំងនោះអាចមានបទពិសោធន៏ការងារច្រើនជាងនិស្សិតទាំងនេះទៅទៀត។ ហើយចំពោះអ្នកដែលមានបទពិសោធន៍ការងារ សុទ្ធសឹងតែស្របតាមតម្រូវការទីផ្សារ និងតម្រូវការរបស់ឧស្សាហកម្មដែលចង់បាន»។ 

«ដូច្នេះ ចៀសជាងសុំប្រាក់ខែច្រើនសម្រាប់និស្សិតដែលទើបតែបញ្ចប់ការសិក្សានោះ ពួកគេត្រូវតែដឹងពីកម្រិតប្រាក់ខែដែលក្រុមហ៊ុនផ្តល់ឱ្យចំពោះការងារជាក់លាក់ណាមួយ ហើយត្រូវតែផ្លាស់ប្តូរសម្របខ្លួនទៅតាមការរំពឹងទុករបស់ក្រុមហ៊ុន។»

រូបតំណាង

បន្ថែមពីនេះទៀត យោងតាមក្រុមហ៊ុនជ្រើសរើសបុគ្គលិកច្បាស់ការណ៍មួយបានឱ្យដឹងថា ចំពោះនិយោជកមួយចំនួន ពួកគេបដិសេធមិនជួលបុគ្គលិកទើបតែរៀនចប់ជាមួយនឹងប្រាក់ខែខ្ពស់នោះទេ ព្រោះតែអ្នកទើបតែរៀនចប់ទាំងនេះ មានហានិភ័យខ្ពស់ក្នុងការលាឈប់ និងផ្លាស់ប្តូរការងារពីកន្លែងមួយទៅកន្លែងមួយជាញឹកញាប់។

ដូច្នេះបានជាក្រុមហ៊ុនជាច្រើន សុខចិត្តចំណាយប្រាក់ខែខ្ពស់ឱ្យបុគ្គលិកដែលមានបទពិសោធន៍ស្រាប់ និងមានជំនាញស្រាប់ ប្រសើរជាងចំណាយប្រាក់ជួលបុគ្គលិកដែលគ្មានបទពិសោធន៍ និងត្រូវបង្រៀនពួកគេតាមក្រោយ។

គូសបញ្ជាក់ផងដែរ ជំនាញឌីជីថល រួមមានជំនាញប្រើប្រាស់កម្មវិធីកុំព្យូទ័រ ទូរស័ព្ទ ថេប្លេត បច្ចេកវិទ្យា បណ្តាញសង្គម និងការរុករកតាមគេហទំព័រនានាជាដើម៕ 

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]