ខេត្តកណ្តាល ៖ បុរស​ម្នាក់​ជា​ប្តី​លួច​លុយ លួច​ទូរស័ព្ទ​របស់​ប្រពន្ធ​ចាយ​អស់ ហើយ​មក​ផ្ទះ​វិញ​រករឿង​វាយ​មួយ​គ្រួសារ​រង​របួសធ្ងន់ និង​ស្រាល​៣​នាក់ ក្រោយមក​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​វាយ​ខ្នោះ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល​ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ចំនួន​៣​នាក់​ខាងលើ​មាន ១-​ឈ្មោះ លាស់ ស្រី​ណុ​ប ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជន​ជាតិ​ខ្មែរឥស្លាម មុខរបរ​ស៊ីឈ្នួល​បោច​មាន់​(​ម្ដាយចុង​ជនសង្ស័យ​) រង​របួស​១​កន្លែង​លើ​ថ្ងាស​ផ្នែក​ខាងស្ដាំ ២-​ឈ្មោះ យូ រ៉​ហ្វី​នី ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​នៅផ្ទះ (​ប្រពន្ធ​ជនសង្ស័យ​) របួស​ស្នាម​គ្មាន និង​៣-​ឈ្មោះ សេន ឯ​ល ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​ទិញ​អេ​ត​ចាយ (​ឪពុក​ជនសង្ស័យ​) ស្នាម​របួស​ខ្មៅ​១​កន្លែង​នៅ​លើ​ប្រអប់ដៃ​ខាងឆ្វេង អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ អែ​ល សុ​ប​ភី​អ៊ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម​មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា កន្លង​មក ជនសង្ស័យ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន និង​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​។ លុះ​នៅ​ថ្ងៃ​ទី​១៧ មេ​សា ម៉ោង​១០​ព្រឹក ជនសង្ស័យ​បាន​លួច​លុយ​ជន​រង​គ្រោះជា​ប្រពន្ធ​ចំនួន​៤០​ម៉ឺន​រៀល និង​ទូ​រស​ព្វ័​ដៃ​ម៉ាក​អាយ​ខ​ល​១​គ្រឿង​។

ពេល​ជន​រង​គ្រោះជា​ប្រពន្ធ​សួរនាំ​ជនសង្ស័យ​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​២​ដៃ​ដោយ​ទះកំភ្លៀង​ពុំ​មាន​ស្លាកស្នាម​ឡើយ​។ ដោយ​ឃើញ​សភាព​ដូចនេះ​ជន​រង​គ្រោះជា​ឪពុក​បាន​ឡើង​ទៅ​ឃាត់​បំបែក​កុំឱ្យ​ជនសង្ស័យ​វាយ​ប្រពន្ធ ដោយ​ក្រៀក​ជនសង្ស័យ​នាំ​ឱ្យ​ចុះ​ទៅ​ដី ពេល​ចុះ​មក​ដល់​ដី​ជនសង្ស័យ​បាន​ច្រាន​ឪពុក​ដួល​បោក​ទៅ​លើ​ផ្លូវ​ថ្ម​មុខ​ផ្ទះ បណ្ដាល​ឱ្យ​មាន​របួស​ហើម​ជាំ​លើ​ប្រអប់ដៃ​ឆ្វេង​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ថ្ងៃ​ដដែល​ម៉ោង​៨​យប់ ជនសង្ស័យ​មក​ពី​ដើរ​លេង​មក​ដល់​ផ្ទះ​ខឹង​ម្ដាយចុង​មិន​បើកទ្វារ​ឱ្យ ក៏​ជេរ​បញ្ចោរ​រករឿង ក្នុង​ពេល​នោះ​ស្ត្រី​ជា​ម្ដាយចុង​បាន​យក​ទឹក​ក្ដៅ​ក្នុង​បំពុង​ចាក់​តាម​ក្ដារ​រនាប​ផ្ទះ​ទៅ​លើ​ជនសង្ស័យ​ក្នុង​បំណង​ឱ្យ​ជនសង្ស័យ​ចេញពីផ្ទះ និង ឈប់​រករឿង បណ្ដាល​ឱ្យ​រលាក​ខ្នង​ជនសង្ស័យ ហើយ​ជនសង្ស័យ​ខឹង​បាន​វាយ​ធាក់​ទ្វារ និង​យក​ដុំ​ថ្ម​គប់ បណ្ដាល​ឱ្យ​ខូចខាត​ទ្វារផ្ទះ (​ទ្វារ​ឈើ​) មួយ​ចំហៀង និង​ជេរ​ម្ដាយ​ចុ ព្រមទាំង​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​ត្រូវ​ចំ​ក្បាល​បែក​ឈាម​។

ក្រោយ​ពី​ធ្វើ​សកម្មភាព​លើ​ជន​រង​គ្រោះ​រួច ជនសង្ស័យ​បាន​គេចខ្លួន​បាត់​តែ​ម្ដង​។ លុះ​នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩ ម៉ោង​៧​និង​០០​នាទី​ជន​រង​គ្រោះជា​ឪពុក​ជនសង្ស័យ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឬ​ស្សី​ជ្រោយ រួច​សមត្ថកិច្ច​ប៉ុស្តិ៍​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]