(ភ្នំពេញ)៖ ថ្មីៗនេះ មានការចាប់អារម្មណ៍ និងផ្ទុះការមិនពេញចិត្តពេញបណ្តាញហ្វេសប៊ុក ក៏ដូចជាក្នុងបណ្តាញយូធូប ក្រោយខ្សែភាពយន្តខ្មែរដែលមានចំណងជើងថា «ជួបស៊យ» វគ្គ២ ដែលកំពុងដាក់បញ្ចាំងក្នុងរោងកុន ត្រូវបានជនទុ្ចរិតលួចថត យកទៅចែកចាយជាសាធារណៈពេញបណ្តាញយូធូប ដែលសកម្មភាពនេះ គឺមិនត្រឹមតែមិនឱ្យតម្លៃភាពយន្តខ្មែរនោះទេ ថែមទាំងជាទង្វើខុសច្បាប់ផងដែរ។ ដោយឃើញបែបនេះ សមាគមភាពយន្តកម្ពុជា បានប្រកាសថា លែងទទួលពាក្យ «សុំទោស» ឆ្លើយថា​មិនដឹងទៀតហើយ អ្នកប្រព្រឹត្តខុសនឹងត្រូវ ទទួលទោសចំពោះមុខច្បាប់។

ជាក់ស្តែង បើយោងតាមផេកផ្លូវការរបស់ សមាគមភាពយន្តកម្ពុជា ដែលមានលោក ព្រំ សិលា ជាប្រធានបានបង្ហោះសារយ៉ាងដូច្នេះថា «សមាគម​ភាពយន្តកម្ពុជា សូមផ្តន្ទាទោសចំពោះការលួច ថតចម្លងរាល់កម្មសិទ្ធិបញ្ញាទាំងឡាយ រាល់ស្នាដៃទាំងឡាយតែងមានម្ចាស់កម្មសិទ្ធិ ជនទាំងឡាយណា ដែលលួចចម្លងកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាតិ ជននោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ចាប់ពីថ្ងៃនេះទៅយើងខ្ញុំលែងទទួលពាក្យ «សុំទោស» ឆ្លើយថាមិនដឹងទៀតហើយ អ្នកប្រព្រឹត្តខុសនឹងត្រូវ ទទួលទោសចំពោះមុខច្បាប់»។

សមាគមភាពយន្តកម្ពុជាបន្តថា «រួមគ្នាកម្ចាត់ក្រុមលួចចម្លង ដើម្បីឱ្យវិស័យសិល្បៈភាពយន្តជាតិយើងរីកចម្រើន។ យើងខ្ញុំនឹងរៀបចំរបាយការណ៍​ដាក់ជូនក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ ឆ្នាំថ្មីហើយ សូមធ្វើអ្វីដែលល្អ ផ្តល់តម្លៃដើម្បីជាតិ នោះទើបជិវិតមានន័យស្រស់ថ្លា»។

ការចេញមុខប្រកាសជំហរបែបនេះ ពីសំណាក់សមាគមភាពយន្តកម្ពុជា បន្ទាប់ពីខ្សែភាពយន្ត «ជួបស៊យ» វគ្គ២ ត្រូវបានគេលួចថត យកទៅ​បង្ហោះពេញបណ្តាញសង្គមយូធូប ដោយគ្មានការអនុញ្ញាត ខណៈប្រការនេះគឺផ្ទុយពីច្បាស់កម្មសិទ្ធិបញ្ញាទាំងស្រុង។ លើសពីនេះក៏ផ្ទុះការមិនចិត្តជាច្រើន ពីសំណាក់មហាជនទូទៅផងដែរ ចំពោះទង្វើរលួចថតក្នុងរោងកុនបែបនេះ ព្រោះប្រៀប​បាននឹងការមិនឱ្យតម្លៃស្នាដៃភាពយន្តខ្មែរ ដែលខិតខំផលិតឡើងយ៉ាងលំបាក។ យ៉ាងណាមិញ សម្រាប់វិធានការបន្តយ៉ាងណាទៀតនោះ យើងនឹងជម្រាបជូននៅពេលក្រោយ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]