ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ដោយសារសត្វឆ្មាខាំរយៈពេលត្រឹមតែមួយអាទិត្យ នៅភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក កាលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ។
បុរសរងគ្រោះខាងលើមានឈ្មោះ ពៅ មល់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមស្ត្រីឈ្មោះហែម ស៊ីនួន អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមេសា ប្តីរបស់គាត់ត្រូវសត្វឆ្មាខាំចំដៃ ខណៈដែលទៅលេងផ្ទះម្តាយគាត់នៅភូមិជាមួយគ្នា ហើយក្រុមគ្រួសារ និងអាជ្ញាធរមានសមត្ថកិច្ចបានជំរុញញឲ្យប្តីគាត់ទៅជួបគ្រូពេទ្យ ប៉ុន្តែប្តីរបស់គាត់ពុំព្រមទៅជួបគ្រូពេទ្យទេ ទោះបីជាមានបងប្អូនជួយចេញថ្លៃសេវាព្យាបាលក៏ដោយ ក៏គាត់នៅតែពុំព្រមទៅជួបគ្រួពេទ្យទេ។ លុះរហូតមកដល់ថ្ងៃទី១៦ មេសា ជំងឺចាប់ផ្តើមធ្វើទុក្ខដែលមានអាការៈក្តៅខ្លាំង ខ្លាចទឹក ខ្លាចខ្យល់ ខ្លាចពន្លឺ ដូចកាលកុមារីម្នាក់ដស្លាប់ដោយសារឆ្មាំខាំនៅក្រុងបាវិតកាលអំឡុងខែមុនចឹងដែរ។
ប្រភពដដែលបន្តទៀតថា ដោយជនរងគ្រោះមានអាការៈក្តៅខ្លាំងនៅព្រឹកថ្ងៃទី១៧ មេសា ក្រុមគ្រួសារសម្រេចចិត្តដឹកជនរងគ្រោះតាមម៉ូតូទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិរមាសហែក តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ។ នេះដោយសារតែមានការធ្វេសប្រហែសរបស់ជនរងគ្រោះដោយគិតថា ជាឆ្មារបស់ខ្លួនឯងនៅក្នុងផ្ទះមិនដែលឃើញមានជំងឺទេ។ ហើយពេលឆ្មាខាំនោះ ដោយខ្លួនលូកដៃទៅអង្អែលលេងដូចសព្វដង ពេលទៅលេងផ្ទះម្តាយតែងតែយកដៃទៅអង្អែលប្រឡែងជាមួយឆ្មាដោយនឹកស្រឡាញ់ ក៏ត្រូវឆ្មាខាំតែម្តង។
ដោយឡែកមានករណីក្មេងស្រីម្នាក់ទៀត ត្រូវសត្វឆ្មាខាំដែរនៅថ្ងៃទី១៦ ខែមេសា កន្លងទៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បើតាមលោក ស៊ូម៉ុល អភិបាលរងស្រុករមាសហែក បានឲ្យដឹងថា មានករណីឆ្មាខាំក្មេងស្រីម្នាក់ទៀតឈ្មោះ សំ រស្មី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្តៅ ស្រុករមាសហែក ករណីខាងលើនេះលោកស៊ូ ម៉ុល បានឲ្យអាណាព្យាបាលយកទៅពេទ្យជាបន្ទាន់ដើម្បីទប់ស្កាត់ និងចាក់ថ្នាំបង្ការ។ ហើយនៅខេត្តស្វាយរៀង គឺមានសត្វឆ្មាខាំមនុស្សស្លាប់២នាក់ ក្នុងនោះស្រី១នាក់ និងរបួសម្នាក់កំពុងសង្គ្រោះបន្ទាន់ក្នុងឆ្នាំ២០១៩នេះ សូមប្រុងប្រយត្ន័កុំនៅជិតសត្វឆ្មា៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]